ក្រុម​លក់​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក​ម្នាក់ទៀត ​ត្រូវ​ផ្ដន្ទាទោស​ដាក់គុក​១០​ឆ្នាំ និង​ពិន័យ​ប្រាក់ ២០​លាន​រៀល​

ក្រុម​លក់​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក​ម្នាក់ទៀត ​ត្រូវ​ផ្ដន្ទាទោស​ដាក់គុក​១០​ឆ្នាំ និង​ពិន័យ​ប្រាក់ ២០​លាន​រៀល​



ភ្នំពេញ​ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឡុង កេស​ភី​រម្យ នៅ​ព្រឹក​ថ្ងៃទី​១៤ ​ខែមីនា​ ឆ្នាំ​២០១៦​ សម្រេច​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ទម្ងន់​៥០០​ក្រាម តាម​មាត្រា​៤០​នៃ​ច្បាប់​ប្រឆាំង​គ្រឿងញៀន​កម្ពុជា។​

ជនជាប់ចោទ ​ឈ្មោះ ទេព សុគន្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​មុខរបរ​កម្មករ​សំណង់ ត្រូវ​បាន​ចៅក្រម​ស​ម្រេច​ដាក់​ពន្ធនាគារ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ឲ្យ​បង់​ចូល​ថវិកា​រដ្ឋ​ចំនួន ២០​លាន​រៀល និង​បើកផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។​

ក្នុង​ពេល​សវនាការ​ជនជាប់ចោទ​បាន​ឆ្លើយ​បដិសេធ​ថា ​ខ្លួន​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់ ដោ​យ​សំអាង​ថា​ ខ្លួន​ជា​អ្នកទទួល​បញ្ញើ​ពី​ ឈ្មោះ ​ចក់​ យក​ទៅ​ឲ្យ​បុរស​ម្នាក់ទៀត​ដោយ​ខ្លួន​មិន​ស្គាល់​ឈ្មោះ​ និង​ខ្លួន​បាន​ទទួល​កំរៃជើងសារ​ចំនួន​២៥០​ដុល្លា​។​

ជនជាប់ចោទ​ ឈ្មោះ ទេព សុគន្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​មុខរបរ​កម្មករ​សំណង់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​២៤​ ខែឧសភា ​ឆ្នាំ​២០១៥ ​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ដកហូត​បាន​គ្រឿងញៀន​សរុប​៤៩៩.៦៣​ក្រាម សារធាតុ​សុទ្ធ​៤០.២១%​នៃ​ទម្ងន់​សរុប​៕