ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​ ផ្តល់​ថវិកា​ជាង​៣០០​ដុល្លារ​ដល់​គ្រួសារ​និស្សិត​ខ្មែរ​នៅ​ប្រទេស​ចិន​ដែល​មាន​ជំងឺ​ខ្វះ​គោលិកា​ឈាម​ក្រហម​

ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​ ផ្តល់​ថវិកា​ជាង​៣០០​ដុល្លារ​ដល់​គ្រួសារ​និស្សិត​ខ្មែរ​នៅ​ប្រទេស​ចិន​ដែល​មាន​ជំងឺ​ខ្វះ​គោលិកា​ឈាម​ក្រហម​



ភ្នំពេញ ​៖​ ក្រុមហ៊ុន អេ​ន​វី​ស៊ី ខ​ប​ភើ​រ៉េ​សិន វី​តា​ល់ ដឹកនាំ​ដោយ​លោក អ៊ុំ វ​ណ្ណះ មន្ត្រី​ទំនាក់ទំនង​កិច្ចការ​សាធារណៈ នៃ​ក្រុមហ៊ុន អេ​ន​វី​ស៊ី ខ​ប​ភើ​រ៉េ​សិន វី​តា​ល់ កាលពី​រសៀល​ថ្ងៃ​ទី​១២ ​ខែ​មីនា ឆ្នាំ​២០១៦ បាន​នាំ​យក​នូវ​ថវិកា​មូលនិធិ​២៥​រៀល របស់​វី​តា​ល់ ចំនួន​៣​ពាន់​យ័ន ប្រហាក់ប្រហែល ជាង​៣០០​ដុល្លារ​អាមេរិក ទៅ​ប្រគល់​ជូន​ដល់​គ្រួសារ និស្សិត គីម ម៉េង​ហួរ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ កំពុង​សិក្សា​នៅ​សកលវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ នៃ​ទីក្រុង​គុន​មី​ញ ខេត្ត​យូ​ណាន់ ប្រទេស​ចិន ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយមាន​ជំងឺ ខ្វះ​គោលិកា​ក្រហម ឬ​ជំងឺ​មហារីក​គ្រាប់​ឈាម ​និង​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​តាំងពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៦។
នៅ​ក្នុង​ពិធី​ប្រគល់ ​និង​ទទួល ដែល​បាន​ធ្វើឡើង​នៅ​លំនៅដ្ឋាន ក្នុង​ខណ្ឌ​ទួលគោក បើ​តាម​លោក គីម ពេជ្រ អាយុ​៥១​ឆ្នាំ ដែល​ត្រូវជា​ឪពុក និស្សិត គីម ម៉េង​ហួរ បាន​ឲ្យ​ដឹង​ថា កូនប្រុស​របស់​គាត់ គីម ម៉េង​ហួរ គឺជា​គឺជា​និស្សិត ត្រៀម​បញ្ចប់​ថ្នាក់​បរិញ្ញា នៅ​សាលា​ស៊ី​តិច ហើយ​បាន​ជាប់​ជា​និស្សិត​អាហារូបករណ៍​ខេត្ត​យូ​ណាន ប្រទេស​ចិន សិក្សា​ថ្នាក់​បរិញ្ញាបត្រ​លើ​មុខជំនាញ​កុំព្យូទ័រ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​សិក្សា​នៅ​ទីនោះ តាំងពី​ឆ្នាំ​២០១៤​។​ គីម ម៉េង​ហួរ គឺជា​កូនប្រុស​ច្បង​របស់​លោក ក្នុងចំណោម​បងប្អូន​៣​នាក់ ដែល​មាន​ម្តាយ​ឈ្មោះ សោម សុខ លីម អាយុ​៤៩​ឆ្នាំ។

លោក គីម ពេជ្រ​ បាន​បន្តថា​ លោក​បាន​ទទួល​ដំណឹង​ពី​និស្សិត​ដែល​សិក្សា​នៅ​ប្រទេស​ចិន និង​ស្នាក់នៅ​ជាមួយ​កូនប្រុស​គាត់​ថា ​កូនប្រុស​គាត់ គីម ម៉េង​ហួរ បាន​ចូល​មន្ទីរពេទ្យ នៅ​ថ្ងៃ​ទី​០៥ ខែ មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៣​និង​៣០​នាទី។

បន្ទាប់ពី​ការ​ពិនិត្យ​ពី​ក្រុម​គ្រូពេទ្យ​ឯកទេស​បាន​ប្រាប់​ថា គីម ម៉េង​ហួរ គាត់​មាន​ជំងឺ ខ្វះ​គោលិកា​ឈាម​ក្រហម ដោយ​សារពាង្គកាយ​របស់​គាត់ មិន​អាច​ផលិត​គោលិកា​ឈាមក្រហម​ដោយ​ខ្លួនឯងបាន ​គឺ​ត្រូវ​ការ​បញ្ចូល​គោលិកា​ឈាម​ក្រហម ខណៈ​គោលិកា​ឈាម​ក្រហម​របស់​គាត់​ធ្លាក់​ចុះ​នៅ​សល់​តែ ៣០% ប៉ុណ្ណោះ ហើយ​ជាងនេះទៀត ​ក្រលៀន​ទាំងពីរ​របស់​គាត់​មិន​ដំណើរការ ដូច្នេះ​ត្រូវការ​ប្រើ​ម៉ាស៊ីន ដើម្បី​លាង​ឈាម​គាត់​រាល់ថ្ងៃ ដែល​មកទល់ពេលនេះ មាន​រយៈពេល​០៩​ថ្ងៃ​ហើយ​។

ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ ដូច្នេះ​តម្រូវ​ឲ្យ​ឪពុក​ម្តាយ និស្សិត គីម ម៉េង​ហួរ ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ទោះ​មើលថែ​គាត់​នៅ​ប្រទេស​ចិន ខណៈ​គាត់​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង ប៉ុន្តែ​ក្រុមហ៊ុន​ធានារ៉ាប់រង អាច​ជួយ​បាន​មួយ​ផ្នែក​ដូចជា​ ការ​ចំណាយ​ក្នុង​ការ​ស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ និង​ថ្នាំ​ធម្មតា តែ​ជំងឺ​របស់​គាត់​ត្រូវ​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន ដែល​មាន​តម្លៃ​ថ្លៃ ដែល​ជា​បន្ទុក​ចំណាយ​ដោយ​ខ្លួនឯង​។

លោក អ៊ុំ វ​ណ្ណះ​ មន្ត្រី​ទំនាក់ទំនង​កិច្ចការ​សាធារណៈ នៃ​ក្រុមហ៊ុន អេ​ន​វី​ស៊ី ខ​ប​ភើ​រ៉េ​សិន វី​តា​ល បាន​ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​ការ​លំបាក និង​ដើម្បី​ជួយ​សម្រួល​ការ​លំបាក​ខ្វះខាត មូលនិធិ​២៥​រៀល​របស់​ក្រុមហ៊ុន ទឹក​ពិសា​វី​តា​ល់ ក៏បាន​នាំ​យក​នូវ​ថវិកា​មូលនិធិ​នេះ​ចំនួន​៣​ពាន់​យ័ន ប្រហែល​ជាង​៣០០​ដុល្លារ​អាមេរិក​ប្រគល់​ជូន​ឪពុក​ម្តាយ​និស្សិត​អាហារូបករណ៍ គីម ម៉េង​ហួរ ដើម្បី​ចូលរួម​ជា​សោហ៊ុយ​សម្រាប់​ការ​ចំណាយ​ជាក់ស្ដែង នៅ​ពេល​ពួកគាត់​ទាំង​២​ធ្វើដំណើរ​ទៅកាន់​ខេត្ត​យូ​ណាន ប្រទេស​ចិន ដើម្បី​មើលថែ​កូនប្រុស​របស់គាត់​នៅ​ទីនោះ៕

ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​ ផ្តល់​ថវិកា​ជាង​៣០០​ដុល្លារ​ដល់​គ្រួសារ​និស្សិត​ខ្មែរ​នៅ​ប្រទេស​ចិន​ដែល​មាន​ជំងឺ​ខ្វះ​គោលិកា​ឈាម​ក្រហម​