ក្រុមហ៊ុន​អ៊ីនធឺណិត​ថ្មី​ធំ​មួយ លំដាប់​ល្បឿន​លឿន​ នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ចុងខែ​មីនា​នេះ​

ក្រុមហ៊ុន​អ៊ីនធឺណិត​ថ្មី​ធំ​មួយ លំដាប់​ល្បឿន​លឿន​ នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ចុងខែ​មីនា​នេះ​



ភ្នំពេញ​ ៖ ក្រុមហ៊ុន​អ៊ីនធឺណិត​ថ្មី​ធំ​មួយ​លំដាប់​ល្បឿន​លឿន នឹង​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ចុងខែ​មីនា​នេះ​។ នេះ​បើ​តាម​ប្រសាសន៍​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​នៅ​ក្រោយ​ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន SUPERNET ដឹកនាំ​ដោយ​លោកស្រី Alice Xie អគ្គ​នាយិកា​ក្រុមហ៊ុន Cambodian Supreme Telecom​muni​cation Media Group Co. Ltd. ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា​នេះ​ នៅ​ទីស្ដីការ​ក្រសួង។

ក្នុង​ជំនួប​នោះ ​លោកស្រី Alice Xie អគ្គ​នាយិកា​ក្រុមហ៊ុន SUPERNET បាន​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ពង្រីក​ខ្លួន​ជា​បណ្តើរៗ ដោយ​បាន​ធ្វើការ​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ហើយ​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​សិង្ហបុរី​បង្កើត​ក្រុមហ៊ុន​ថ្មី​ធំ​ជាង​មុន ដែល​មាន​ឈ្មោះថា SUPERNET SEMENG​។

លោកស្រី​ក៏បាន​ជម្រាប​អំពី​គោលបំណង​ចូល​ជួប​នា​ពេល​នេះ ដើម្បី​សុំ​អញ្ជើញ​ក្រសួង​ព័ត៌​មាន ដើម្បី​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ក្រុមហ៊ុន​​អ៊ីនធឺណិត​​ថ្មី​នេះ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦​ខាងមុខ។

លោកស្រី​បន្ត​ថា ក្រុមហ៊ុន​លោកស្រី​ជា​ក្រុមហ៊ុន​ថ្មី​មួយ​ផ្អែកលើ​ក្រុមហ៊ុន​ចាស់ SUPERNET ក៏​ពិតមែន ប៉ុន្តែ​ការ​ផ្ដល់​សេវា​ធំ​ជាង​មុន ហើយ​តម្លៃ​ថោក​ជាង​មុន។ ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​GLOBALL​ល្បឿន​លឿន ព្រមទាំង​មាន​បន្ថែម​នូវ​កម្មវិធី​TV,DVD កម្មវិធី​ភាពយន្ត​ជាច្រើន​ទៀត​ដូច​ជា​ភាពយន្ត​លំដាប់ HOLIWORD និង​ភាពយន្ត​ហុងកុង​ថ្មីៗ​ជាដើម សម្រាប់​បម្រើ​ទស្សនិកជន​មើល​ដោយ​តម្លៃ​ថោក សម្រាប់​អ្នកមើល​កម្មវិធី​ធម្មតា​តម្លៃ​ត្រឹមតែ​២​ដុល្លារ ក្នុង​មួយ​ខែ ហើយ​បើ​មើល​កម្មវិធី​ភាពយន្ត​បន្ថែម​ទៀត​នោះ តម្លៃ​អាច​ឡើង​លើស​នេះ​បន្តិចបន្តួច​ប៉ុណ្ណោះ។

លោកស្រី​នាយិកា​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ចាប់​ដៃគូ​ថ្មី​ជាច្រើន​នេះ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ពង្រីក​ខ្លួន និង​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ទូលំទូលាយ។ ទន្ទឹមនឹងនោះ​ ក្រុមហ៊ុន​ក៏​គ្រោង​នឹង​ពង្រីក​ទៅ​ប្រទេស​វៀតណាម ឡាវ និង​មី​យ៉ាន់​ម៉ា​បន្ថែម​ទៀត ដោយ​យក​ប្រទេស​កម្ពុជា​ជា​មូលដ្ឋាន​ប្រតិបត្តិ​របស់​ខ្លួន។​ លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កា​ញ៉ា​រី​ទ្ធ បាន​សម្ដែង​នូវ​ការ​រីករាយ​ដោយ​ឃើញ​ក្រុមហ៊ុន​លោកស្រី​មានការ​រីកចម្រើន។

លោក​រដ្ឋមន្ត្រី​ក៏បាន​ជម្រាប​ជូន​ថា ក្រសួង​ព័ត៌មាន​ក៏​ចង់ឲ្យ​ក្រុមហ៊ុន​ដាក់​ប្រព័ន្ធ​សេវា​របស់​ក្រុមហ៊ុន SEMENG​នេះ នៅ​គ្រប់​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក​ទាំងអស់។
លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ធ្វើយ៉ាងណា ដើម្បី​បន្ត​រីកចម្រើន​ទៅមុខទៀត នៅក្នុង​ការ​ផ្តល់​សេវា​​អ៊ីនធឺណិត​​ផ្ទាល់​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​៕

ក្រុមហ៊ុន​អ៊ីនធឺណិត​ថ្មី​ធំ​មួយ លំដាប់​ល្បឿន​លឿន​ នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ចុងខែ​មីនា​នេះ​

ក្រុមហ៊ុន​អ៊ីនធឺណិត​ថ្មី​ធំ​មួយ លំដាប់​ល្បឿន​លឿន​ នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ចុងខែ​មីនា​នេះ​