សមត្ថកិច្ច ​នឹង​ប្រើ​ដាវ​អាជ្ញាសឹក​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី នៅ​ថ្ងៃទី​១៥ ខែមីនា​ស្អែក​នេះ​

សមត្ថកិច្ច ​នឹង​ប្រើ​ដាវ​អាជ្ញាសឹក​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី នៅ​ថ្ងៃទី​១៥ ខែមីនា​ស្អែក​នេះ​



​ភ្នំពេញ​ ៖​ សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​ជំរុញ​ជា​ថ្មី​ទៀត​ទៅ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​បង្កើន​សកម្មភាព ធ្វើការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ដែល​គ្រោង​នឹង​អនុ​វត្ត​នៅ​ថ្ងៃទី​១៥ ខែ​មីនា​ស្អែក​នេះ ដើម្បី​ធ្វើការ​ផាកពិន័យ​ចំពោះ​អ្នកបើកបរ​មិន​គោរព​ច្បាប់ ដើម្បី​កា​ត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច ស ខេង​ ឧប​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៃ​ក្រសួងមហាផ្ទៃ ចុះ​កាលពី​ថ្ងៃទី​១១ ​ខែមីនា ឆ្នាំ​២០១៦​កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា ​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​តទៅ មន្ត្រី​នគរបា​ល​ចរាចរណ៍​ផ្លូវគោក​នឹង​បង្កើន​ថែមទៀត​នូវ​សកម្មភាព​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ដោយ​ធ្វើ​ការ​ពិ​ន័​យ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​អ្នកបើកបរ​ទោចក្រយាន មិន​ពាក់​មួយ​សុវត្ថិភាព ការ​បើកបរ​លើស​ល្បឿន​កំណត់ ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ការ​មិន​គោរព​សិទ្ធិ​អាទិភាព ការ​ដឹកជញ្ជូន​លើស​ចំណុះ បង្ក​ឲ្យ​ធ្លាក់ អូស ​បង្កើត​ធូលី ឬ​ការ​ធ្វើ​ឲ្យ​រំខាន​ផ្សេងៗ​ទៀត និង​លក្ខណៈ​បច្ចេកទេស​យានយន្ត​។​ល​។​

សេចក្ដីជូនដំណឹង​ដដែល​ឲ្យ​ដឹង​ទៀត​ថា កន្លងទៅ​មាន​សាធារណជន​មួយចំនួន​បាន​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុសផុល ដូចជា ការ​យក​យានយន្ត​ជាច្រើន​ចុះបញ្ជី​ត្រួត​ពិនិត្យ លក្ខណៈ​បច្ចេកទេស ធ្វើ​លិខិត​អនុញ្ញាត ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន និង​ការ​ប្រឡង​យក​ប័ណ្ណ​បើ​ក​បរ​។ ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រក​ឃើញ​ថា អ្នកបើកបរ​នៅ​តែ​មាន​ការ​ធ្វេ​សប្រហែស មិន​គោរព​ច្បាប់​បាន​ល្អ​នៅឡើយ​។​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ជំរុញ​ទៅ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​បន្ត​អនុវត្ត​ច្បាប់ ដោយ​ធ្វើការ​ផាកពិន័យ​យ៉ា​ង​ម៉ឺងម៉ាត់ ចំពោះ​អ្នក​ដែល​មិន​គោរព​ច្បាប់​ទាំងនោះ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​អតិ​បរ​មា​។​

​សម្ដេច ស ខេង បាន​បន្ត​ថា ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​មុន និង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅកាន់​ស្រុកកំណើត និង​តំបន់​រមណី​យដ្ឋាន នានា​ក៏​ពិត​មែន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​វា​អាច​ចូលរួម​ក្នុង​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៍​ផង​ដែរ​។ ​ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​អំពាវនាវ​ដល់​សាធារណជន បង្កើន​ស្មារតី​គោរព​ប្រតិបត្តិ​ច្បាប់​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ជួយ​ផ្សព្វផ្សាយ​អប់រំ​អំពី​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ដល់​គ្រួសារ​ញាតិមិត្ត សំដៅ​ចូលរួម​ទប់ស្កាត់​កត្តា​ហានិភ័យ​សំខាន់ៗ ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​បើ​តាម​មន្ត្រី​នគរបាល​ជាតិ​បាន​ថ្លែង​ថា អគ្គស្នងការ​នគរបាល​ជាតិ​បានសម្រេច​មិន​ធ្វើការ​ផាកពិន័យ​ទៅលើ​អ្នក​បើកបរ​មាន​បួន​ចំណុច​គឺ​ ៖ ១-​ទៅលើ​អ្នក​គ្មាន​ប័ណ្ណ​បើកបរ ២-​អ្នក​ពុំ​ទាន់​មាន​ប័ណ្ណ​សំ​គា​ល់ យានយន្ត ៣-​ទៅលើ​លិខិតបញ្ជាក់​ត្រួត​ពិនិត្យ​លក្ខណ​/​បច្ចេកទេស​យានយន្ត ៤-​លិខិត​ធ្វើ​អា​ជីវ​កម្ម​ផ្សេងៗ​ពី​អ្នក​បើកបរ​ និង​ពី​អ្នក​រកស៊ី​តាម​រថយន្ត៕​