បុរស​ម្នាក់​ ជំពាក់​ប្រាក់​គេ​គ្មាន​លុយ​សង​ ត្រូវ​គេ​វាយ​សម្លាប់​នៅ​ក្នុង​កាស៊ីណូ​ពិភព​ថ្មី

បុរស​ម្នាក់​ ជំពាក់​ប្រាក់​គេ​គ្មាន​លុយ​សង​ ត្រូវ​គេ​វាយ​សម្លាប់​នៅ​ក្នុង​កាស៊ីណូ​ពិភព​ថ្មី



ស្វាយរៀង​ ៖ ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង​​ ​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខេត្ត​ ​ ​ធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​៤​នាក់​ ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម ​សម្លាប់​បុរស​ម្នាក់​នៅ​ក្នុង​កាស៊ីណូ​ពិភព​ថ្មី​ ដោយសារ​ជំពាក់​ប្រាក់​គ្មាន​លុយ​សង។

ការ​ចុះ​ឃាត់​ខ្លួន​​នេះ ​ធ្វើ​ឡើង​តាម​ពាក្យបណ្ដឹង​កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៣​ ខែ​មីនា ​ឆ្នាំ​២០១៦ នៅ​​កាស៊ីណូ​ ពិភព​ថ្មី​ នៅ​បន្ទប់​លេខ​៣០៣​ ស្ថិត​នៅ​ភូមិ​បាវិត​កណ្ដាល​ សង្កាត់​បាវិត ​ក្រុង​បាវិត។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ​ ដែល​​ត្រូវ​ឃាត់​ខ្លួន​មាន​ ទី១. ឈ្មោះ​វិ​ន យុំាង​បិ​ន​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​​​​ភូមិ​ជីវា​ ឃុំ​ឡុង​វ៉ា ​ ស្រុក​យ៉ូ​ទី​ម​ ខេត្ត​ប៊ិន​ត្រែ​ប្រទេស​វៀតណាម​ ទី​២. ​ឈ្មោះ​ត្រឹង ធី​ញី​ ភេទ​ស្រី អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​២ ​ឃុំ​ សូ​យ​ង៉ូ​ ស្រុក​តឹង​ចូ​វ ​ខេត្ត​តៃនិញ ​ប្រទេស​វៀតណាម​ ទី​៣. ឈ្មោះ​ង្វៀង​ ធី​ទៀង​ង៉ា​ ​ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ខូ​កូ​៣ ខណ្ឌ​១ ខេត្ត​តៃនិញ ​ប្រទេស​វៀតណាម​ និង​ទី​៤.ឈ្មោះ​ង្វៀង​ ធីហ៊ីវ ​ភេទ​ស្រី​ អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ រឹង​យ៉ូ​វ ឃុំ​ទៀង​ធឺ​ង ស្រុក ​បេន​កូវ ខេត្ត​តៃនិញ​ ប្រទេស​វៀតណាម។

ប្រភព​បន្ត​ថា​ ក្រោយពី​ទទួល​ព័ត៌មាន​ថា ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​កាស៊ីណូ​ លោក​ព្រះរាជអាជ្ញា​​អម​សាលាដំបូង​ខេត្ត ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ និង​នគរបាល​ខេត្ត​ ជំនាញ ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​សាកសព​ឃើញ​មាន​ស្លាកស្នាម​​លើ​​ដងខ្លួន​ជាច្រើន​កន្លែង។ ក្រោយពី​ស្រាវជ្រាវ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​ ជា​ជនជាតិ​វៀតណាម​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ ដើម្បី​សាកសួរ​បន្ត។ ចំណែក​ជនរងគ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ហើយ​សព​នេះ ​ត្រូវ​បាន​យក​​​មក​ទុក​នៅ​វត្ត​បាវិត​ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

បុរស​ម្នាក់​ ជំពាក់​ប្រាក់​គេ​គ្មាន​លុយ​សង​ ត្រូវ​គេ​វាយ​សម្លាប់​នៅ​ក្នុង​កាស៊ីណូ​ពិភព​ថ្មី