ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ធ្លាក់​លើ​ស្ពាន​លង់ទឹក​ទន្លេ​ស្លាប់

ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ធ្លាក់​លើ​ស្ពាន​លង់ទឹក​ទន្លេ​ស្លាប់



កណ្ដាល ​៖​ ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ ជា​កូន​ខ្មែរ​ឥស្លាម ​បាន​រអិល​ជើង​ធ្លាក់​លើ​ស្ពាន​​ ​បណ្ដាល​ឲ្យ​លង់ទឹក​ទន្លេ​ស្លាប់​កាលពី​វេលា​ម៉ោង​៩​​​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​មីនា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ក្នុង​ទន្លេបាសាក់ ស្ថិត​ក្នុង​ភូមិ​បា​រ៉ែ​ន​ក្រោម ​ឃុំ​ស្វាយ​ប្រទាល ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​​មាន​ឈ្មោះ​ឃី អា​ទី​សះ ​ភេទ​ស្រី ​អាយុ​៥​ឆ្នាំ ​ជន​ជាតិ​ខ្មែរ​ឥស្លាម​ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ​​មាន​ឪពុក​ឈ្មោះ​សាន់ សា​ឃី អាយុ​៣៥​ឆ្នាំ​ មាន​មុខរបរ​នេសាទ​ត្រី និង​ម្តាយ​ឈ្មោះ​ហ្សេ​ន អ៊ី​តាស់​ អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​ត្រី។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​កើតហេតុ​ខាងលើ ​កុមារី​រងគ្រោះ​បាន​នាំ​គ្នា​៣​នាក់​បងប្អូន​ជីដូនមួយ​ ដែល​មាន​អាយុ​ប្រហាក់​ប្រហែល​គ្នា​ទៅលេង​នៅ​មាត់កំពង់​ ហើយ​បាន​ដើរ​ឆ្លង​ស្ពាន​បម្រុង​ឡើង​ទៅ​លេង​លើ​ទូក ​ក៏បាន​រអិល​ជើង​ក្មេង​ស្រី​រងគ្រោះ ​ធ្លាក់ទឹក​ទន្លេ​ បាន​មួយសន្ទុះ​ក្រោយមក​ទើប​បងប្អូន​នៅ​ជិតខាង​ដឹង​ ​​នាំ​គ្នា​ស្រង់​ចេញពី​ទឹក​យក​មក​ជួយ​សង្គ្រោះ ប៉ុន្តែ​កុមារី​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជំនាញ​ ស្រុក ប៉ុស្តិ៍ តំណាង​ក្រុមប្រឹក្សាឃុំ និង​លោក​មេភូមិ ​ម្តាយ​កុមារី​រងគ្រោះ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា​ កូនស្រី​របស់គាត់​ពិតជា​បាន​លង់ទឹក​ស្លាប់​ប្រាកដ​មែន។ ក្រោយពី​បាន​ធ្វើ​ការពិនិត្យ​សព​រួចហើយ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕