រថយន្ត​៣​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​របួសធ្ងន់

រថយន្ត​៣​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​របួសធ្ងន់



ស្ទឹងត្រែង​ ៖​ រថយន្ត​៣​គ្រឿង​បាន​បុក​គ្នា​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨A ២​គ្រឿង​បាន​បើកបរ​ពី​ទិសខាងកើត​មក​លិច និង​មួយ​គ្រឿង​ទៀត​បើក​ពី​លិច​មក​កើត​ក្នុង​ទិសដៅ​ច្រាស​គ្នា បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​២​គ្រឿង​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់ និង​រថយន្ត​ទាំង​៣​គ្រឿង​ខូចខាត​យ៉ាងធ្ងន់ធ្ងរ។

ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​ទាំង​គ្រឿង​នេះ បាន​កើត​ឡើ​ងកាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃទី​១៣ ​ខែ​មីនា ​ឆ្នាំ​២០១៦ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨A​ចន្លោះ​បង្គោល​លេខ​៤៧​ចម្ងា​យ​ពី​អូ​ពងមាន់​ប្រហែល​១​គីឡូ ស្ថិត​ក្នុង​ភូមិ​រាជា​នុ​កូ​ល​សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

លោក​ថា​យ ស៊ុន​អ៊ី​មេ​ប៉ុ​ស្តិ៍​ស្រែគរ​បានឃើញ​ហេតុ​ការណ៍​នេះ​ បាន​ឲ្យ​ដឹងថា ​រថយន្ត​ដែល​បាន​បុក​គ្នា​ទាំង​៣​គ្រឿង ទី​១​ជា​ប្រភេទ​រថយន្ត​កាមរី​ហើម​ ព​ណ៌​ស ​ពាក់​ស្លាក​លេខ​ បាត់ដំបង2A-0216 បើកបរ​ដោយ​ឈ្មោះ​ផន ថា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ ទី​២​ជា ប្រភេទ​រថយន្ត​ឡង់​គ្រិះ​ស័​រ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-7947 ​បើកបរ​ដោយ​ឈ្មោះ​ឌី មៃ ភេទ ប្រុស​អាយុ​៥៣​ឆ្នាំ ជិះ​ជាមួយ​ប្រពន្ធ​ឈ្មោះ​វ៉ា ផន រង​របួស​ធ្ងន់ ម្ចាស់​រថយន្ត​ទាំ​២​គ្រឿង រស់នៅ​ភូមិ​ស្រែគរ ឃុំ​ស្រែគរ​១ ស្រុក​សេសា​ន​ ខេត្តស្ទឹងត្រែង​។

ចំណែក​រថយន្ត​ទី​៣​ជា​ប្រភេទ​រថយន្ត​តា​កូ​ម៉ា ព​ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-1845 បើកបរ​ដោយ​ឈ្មោះ​ស៊ុន វិ​ច្ឆ័​យ ជិះ​គ្នា​៤​នាក់​មិន​ស្គាល់​ទីកន្លែង​រស់នៅ។

លោក​មេ​ប៉ុស្តិ៍​បាន​បន្ត​ថា​ នៅ​យប់​កើតហេតុ​ខាងលើ​មាន​រថយន្ត​ចំនួន​៦​គ្រឿង​ចេញពី​ភូមិ​ស្រែគរ​ទៅ​ធ្វើ​ឈៀក​នៅ​ខេត្តក្រចេះ ពេល​មក​ដល់​ចំណុច​កើតហេតុ មាន​រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង បាន​រេ​ចង្កូត​មក​ប៉ះ រថយន្ត​កាមរី​ហើម​ ព​ណ៌​ស​ ចំពាក់​កណ្តា​ល​ហើយ​បាន​ទៅ​បុក​រថយន្ត​ឡង់​គ្រិះ​ស័រ​មួយ​គ្រឿង​ទៀត ដែល​បើ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​រង​របួស​ធ្ងន់​និង​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​ខេត្ត។

ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​ទាំង​៣​គ្រឿង​បាន​ជជែក​គ្នា​យក​ត្រូវ​រៀងៗ​ខ្លួន ពេល​ដែល​ដោះស្រាយ​រក​អ្នក​ខុស​មិនឃើញ ក៏​ត្រូវ​បាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ចុះទៅ​ធ្វើការ​វាស់វែង​នាំ​យក​រថយន្ត​ទាំង​៣​គ្រឿង​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ខេត្ត ដើម្បី​ឲ្យ​ភាគី​ខាង​រថយន្ត​ទាំង​៣​គ្រឿង​ចូល​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕