​ការដើរ​បន្ទាប់ពី​អាហារ​ពេល​ល្ងាច​រួច​អាចជួយ​បន្ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​

​ការដើរ​បន្ទាប់ពី​អាហារ​ពេល​ល្ងាច​រួច​អាចជួយ​បន្ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​

​នេះ​គឺជា​រឿង​ម្យ៉ាង ដែល​មនុស្ស​វ័យ​ចំណាស់ អាចធ្វើ​បាន ដើម្បី​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ ក្នុង​ឈាម​របស់​ពួកគេ អោយ​ស្ថិតក្នុង​កម្រិត​ល្អ​បាន បន្ទាប់ពី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​រួច ។​ វិធី​ដ៏​ងាយ​នោះ​គឺ អ្នក​គ្រាន់ តែ​ចំណាយពេល ១៥​នាទី ដើម្បី​ដើរ​ហាត់ប្រាណ​ប៉ុណ្ណោះ ។​

​នៅក្នុង​ករណី​សិក្សា​ស្រាវជ្រាវ​មួយ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការដើរ​គឺជា​សកម្មភាព​ដ៏​ងាយ ស្រូល និង មាន​សកម្មភាព​ក្នុង​កម្រិត​មធ្យម ក្នុង​រយៈពេល ១៥​នាទី បន្ទាប់ពី​ទទួល​ទាន​អាហារ​រួច គឺអាច ជួយ បន្ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម បាន​ដល់​រយៈពេល​២៤​ម៉ោង គឺ​ប្រហាក់ប្រហែល​ទៅនឹង ការដើរ អោយ​បាន​រយៈពេល ៤៥​នាទី​ផងដែរ ។​

ការ​កន្ត្រាក់​សាច់ដុំ ដែល​ភ្ជាប់​ជាមួយនឹង​ការដើរ ក្នុង​រយៈពេល​ខ្លី គឺ​អាច​មាន​ប្រសិទ្ធិភាព​ភ្លាមៗ នៅក្នុង ការ​កាត់​បំផ្លាញ នូវ​ការកើនឡើង​កម្រិត​ជាតិ​ស្ករ បន្ទាប់​ពី​អ្នក​ទទួល​ទាន​អាហារ​រួច ដែល​តែងតែ​កើតមាន ចំពោះ​មនុស្ស​វ័យ​ចំណាស់​។ ការសិក្សា​ស្រាវជ្រាវ​ដទៃទៀត ក៏​បាន​បង្ហាញ​ទៀត​ផង​ដែរ​ថា វា​ក៏​ជា វិធី ដ៏​មាន​ប្រសិទ្ធិភាព​ផងដែរ ក្នុង​ការជួយ​កាត់បន្ថយ​នូវ​អត្រា​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម ចំពោះ​ក្រុម​មនុស្ស ដែល​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ប្រឈម​នឹង​ជំងឺ​នេះ ។​
​ការរកឃើញ​នេះ គឺ​ជា​ដំណឹង​ដ៏​ល្អ សម្រាប់​ក្រុម​មនុស្ស​ដែល​ស្ថិត​នៅក្នុង​វ័យ ៧០ និង ៨០​ឆ្នាំ ដែល​អាច នឹង​មាន​អារម្មណ៍​ថា​ពួកគាត់​នៅតែ​អាច​មាន​សម្តត្ថភាព ក្នុងការ​ធ្វើ​សកម្មភាព​ជា​ប្រចាំ​ថ្ងៃ ជាពិសេស ប្រសិនបើ ការដើរ​នេះ អាច​រួមបញ្ចូល​នូវ​ការ​រត់​តិចៗ ឬ ការដើរ​បណ្តើរ​សត្វ​ឆ្កែ​ជាដើម ។​

ក្នុងករណី​សិក្សា​នេះ គេ​បាន​ធ្វើ​តេស្ត​សាកល្បង ដោយ​អោយ​អ្នកចូលរួម ធ្វើការ​សម្រាក​២​ថ្ងៃ​នៅក្នុង​បន្ទប់​មួយ ដែល​គេ​អាច​ធ្វើការ​គណនា​បាន​ពី កម្រិត​ថាមពល​របស់​ពួកគេ ដោយ​ពួកគេ​ម្នាក់ៗ បាន​តម្រូវអោយ​ធ្វើ​នូវ​ប្រភេទ​នៃ​សកម្មភាព​ហាត់ប្រាណ ខុសៗ​គ្នា​។ សម្រាប់​ថ្ងៃ​ទី​មួយ នៅក្នុង​គម្រូ​នៃ​ប្រភេទ​លំ​ហាត់ប្រាណ ទាំង​៣​ប្រភេទ អ្នក​ដែល​ចូលរួម​ក្នុង​ករណី​សិក្សា​នេះ គឺ​មិន​បាន​ធ្វើ​ការដើរ​នោះទេ ។​ប៉ុន្តែ សម្រាប់​ថ្ងៃ​ទី​ពីរ ពួកគេ បាន​តម្រូវ​អោយ​ធ្វើការ ដើរ​ក្នុង​រយៈពេល ១៥​នាទី បន្ទាប់ពី​ទទួល​ទាន​អាហារ​រួច ឬ ដើរ​រយៈពេល ៤៥​នាទី នៅ​ម៉ោង ១០​កន្លះ​ព្រឹក ឬ ៤៥​នាទី​នៅក្នុង​ពេល​រសៀល ។​

ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ បាន​រកឃើញថា អ្នក​ដែល​ចូលរួម​នេះ គឺ​មាន​ការ​លៃ​តម្រូវ​កម្រិត​ជាតិ​ស្ករ ក្នុង​ឈាម ក្នុង​កម្រិត​ដ៏​ល្អ​បំផុត បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​ការដើរ ក្នុង​រយៈពេល ១៥​នាទី​បន្ទាប់​ពី​អាហារ​ពេល ល្ងាច​រួច​។ នេះ​ក៏​ដោយសារ​តែ ពួកគេ​សម្គាល់​ឃើញថា អាហារ​ពេល​ល្ងាច គឺ​តែងតែ​ជា​អាហារ​ដ៏​ធំ​មួយ ដែល​តែងតែ​ជាហេតុ​ធ្វើអោយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម កើនឡើង​បាន​យ៉ាង​ខ្ពស់​នៅក្នុង​ពេល​ព្រឹក​ថ្ងៃ បន្ទាប់ ប៉ុន្តែ​ជាមួយ​នឹង​ការដើរ​នេះ គឺ​ពិតជា​អាច​បង្ការ​នូវ​ស្ថានភាព​មួយ​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។