លោក គុណ ញឹម បណ្ដោយ​ឲ្យ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

មន្ត្រី​គយ​តូចតាច​បម្រើ​ការងារ​នៅក្នុង​អង្គភាព​សាខាគយ​និង​រដ្ឋាករ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តបាត់ដំបង កំពុង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ស្រង់ដើម​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​ក្នុងស្រុក​នានា​ដូចជា ស្រុក​សំពៅ​លូន ស្រុក​សំឡូត ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក តាម​អំពើ​ចិត្ត​។ ការដែល​លោក ឈុន សុភមង្គល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ត្រូវគេ​សង្ស័យថា​មានការ​បើកដៃ​ពី​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ផងដែរ ទើប​អ្វីៗ​អាច​ប្រ​ពឹ​ត្ត​ទៅដោយ​រលូន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ជាច្រើន​ប្រភេទ​ត្រូវ​ឈ្មួញ​នាំចូល​គេចពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រកព្រំដែន​នៃ​បណ្ដា​ស្រុក​ដូច​រៀបរាប់​ខាងលើ ហើយ​គយ​ចល័ត​ក្នុង​ខេត្តបាត់ដំបង ឃុបឃិត​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ដោយ​មិន​បង្ក្រាប​ទំនិញ​ខុសច្បាប់​ឡើយ​។ មានន័យថា​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ នាំចូល​តាម​ច្រកព្រំដែន​ក្នុង​ខេត្តបាត់ដំបង ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​ទំនិញគេចពន្ធ​ហូរ​ចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​តាម​ច្រកព្រំដែន​ក្នុង​ខេត្តបាត់ដំបង​។

មន្ត្រីរាជការ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តបាត់ដំបង បាន​លើកឡើងថា គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ កំពុង​ក្លាយទៅជា​រឿង​ឥតន័យ​ព្រោះ​មេ​គយ​ខេត្តបាត់ដំបង គឺ​លោក ឈុន សុភមង្គល បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ គេ​មិនដឹងថា​លោក ឈុន សុភមង្គល ចំណាយ​ដើមទុន​អស់​ប៉ុន្មាន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបាត់ដំបង​នោះទេ ទើប​ក្រោយពេល​ទទួលបាន​តំណែង​នេះ លោក ឈុន សុភមង្គល ខំប្រឹង​រក​វិធី​ស្រង់ដើម​យ៉ាង​ពេញទំហឹង​។ លើស​នេះ​ទៅទៀត​តាម​ច្រកព្រំដែន​ក្នុងស្រុក​សំពៅ​លូន ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក​ជាដើម សមត្ថកិច្ច​គយ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ ទំនិញ​ខូចគុណភាព និង​គ្រឿង​ឧបភោគបរិភោគ​ដែលមាន​លាយ​សារធាតុ​គីមី ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​៕

that-0537លោក ឈុន សុភមង្គល​ ប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង