ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​កាន់តែ​សប្បាយចិត្ត​ក្នុងការ​ជំរិត​យកលុយ​ពី​រថយន្ត​ដឹកជញ្ជូន​ទំនិញ និង​កសិផល​

ក្រោយពេល​មានរឿង​រ៉ាវ​រថយន្ត​ដឹក​អង្ករ​ជាង​៧០​តោន​ធ្វើ​ឲ្យ​ខូច​ស្ពាន​អ្នក​លឿង​រួចមក ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែលមាន​លោក ត្រាំ អ៊ីវតឹក ជា​រដ្ឋមន្ត្រី បាន​បង្កើន​ជញ្ជីង​ថ្លឹង​រថយន្ត​កាន់តែច្រើន​ថែមទៀត​តាមផ្លូវ​ជាតិ​មួយចំនួន​។ ក៏ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្តែង​ក្រុម​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ទាំងនោះ មិនបាន​ចាត់វិធានការ​ទៅលើ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ទម្ងន់​ពិន័យ​តាមច្បាប់​នោះទេ គឺ​ពួកគេ​នៅតែ​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​យកលុយ​យ៉ាង​សុខ​ស្រួល​ដដែល​។ អ្នកសង្កេតការណ៍​មួយចំនួន​បានបញ្ជាក់​ថា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​ក្រសួង​សាធារណការ​និង​មន្ទីរ​សាធារណការ តាម​បណ្ដា​ខេត្ត​នានា​គិតតែ​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ហើយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ បំផ្លាញ​ស្ពាន​នោះទេ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​សងខាង​ស្ពាន​អ្នក​លឿង​(​ត្សឹ​បា​សា​) ក្នុង​ខេត្តព្រៃវែង និង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​រថយន្ត​ដឹកទំនិញ​ធំៗ​នៅតែ​អាច​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​បាន​ដូច​មុន​ដដែល ដោយសារ​មានការ​បើកដៃ​ពី​ក្រុម​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ចំណែក​នៅតាម​ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៧ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣​ជាដើម ក្រុម​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ត្រូវបាន​ឈ្មួញ​និង​អាជីវក​រដាក់​រហស្សនាម​ថា​ជា​ក្រុម​ជញ្ជីង​ថ្លឹង​លុយ ព្រោះ​ពួកគេ​គិតតែ​ពី​រឿង​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​ដឹក​កសិផល​យកលុយ បើទោះបី​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ​។ បញ្ហា​នេះ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​ក្រុម​ជញ្ជីង​ថ្លឹង​លុយ​ដែល​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកទំនិញ​លើស​ទម្ងន់​តាម​រថយន្ត​ធំៗ​បំផ្លាញ​ស្ពាន​អ្នក​លឿង និង​ផ្លូវជាតិ​នានា​។

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅលើ​ផ្លូវជាតិ​លេខ​២​ក្នុង​ទឹកដី​ខេត្តកណ្ដាល និង​ខេត្តតាកែវ ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពីគ្នា​មាន​ជញ្ជីង​ថ្លឹង​រថយន្ត​ដល់​ទៅ​២​កន្លែង ដើម្បី​ជំរិត​យកលុយ​ពី​ក្រុមអាជីវករ និង​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ ហើយ​សូម្បីតែ​ប្រជាពលរដ្ឋ​ដឹក​កសិផល​តាម​រថយន្ត​តូចៗ​ក៏ត្រូវ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ជំរិត​យកលុយ​ដោយ​គ្មាន​ការយោគយល់​ដែរ​។ ជញ្ជីង​ថឹ្ល​ង​រថយន្ត​ទាំង​២​កន្លែង​នោះ គឺ​មួយកន្លែង​នៅក្នុង​ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​មួយកន្លែង​ទៀត​នៅក្នុង​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ដែលមាន​ចម្ងាយ​៥​គីឡូម៉ែត្រ​ពីគ្នា​។ ជញ្ជីង​ថ្លឹង​រថយន្ត​តាមផ្លូវ​ជាតិ​លេខ​២១​បេ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣ ត្រូវបាន​គេ​ដឹងថា ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ម៉ឹង យូរ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ហេតុនេះហើយ​ទើប​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ​រាប់​ក្បាល​រថយន្ត​ដឹកជញ្ជូន​ទំនិញ ដឹកជញ្ជូន​កសិផល​ឬ​ដឹក​ខ្សាច់​ក្រួស​ថ្ម ជំរិត​យកលុយ​តាម​អំពើ​ចិត្ត​បើទោះបី​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ​៕

1598384_554500151307837_1208648169_nលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន
12801198_10153854215205211_6218661216456954302_n 1915290_1802022190025283_4375107173902732326_n