មន្ត្រីនគរបាល​ផ្កាយ​៣​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់ កាង​ផែ​កាណូត​ទេសចរណ៍​ដើម​ពោធិ៍​ផ្សារ​ក្រោម​ខេត្តកំពង់ឆ្នាំង យ៉ាង​គឃ្លើន​

មន្ត្រីរាជការ​នៅក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ផែ​កាណូត​ទេសចរណ៍​របស់​រដ្ឋ​ដែល​ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ក្រោម​អធិបតេយ្យភាព​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ កំពុង​ត្រូវបាន​មន្ត្រីនគរបាល​ផ្កាយ​៣​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់ កាង​យក​ធ្វើជា​អាជីវកម្ម​ផ្ដាច់មុខ​យ៉ាង​គឃ្លើន​បំផុត​។ ប្រភព​បាន​ឲ្យ​ដឹងថា ផែ​កាណូត​ទេសចរណ៍​នោះ​ក្រសួង​សាធារណការ ចំណាយលុយ​អស់​ប្រមាណ​៣០០​លាន​រៀល​សម្រាប់​សាងសង់​ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជិះ​កាណូត​ទស្សនា​តាម​ដង​ទន្លេសាប​ក្នុង​ខេត្តកំពង់ឆ្នាំង​។ ប៉ុន្តែ​បច្ចុប្បន្ន​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ផ្កាយ​៣​ម្នាក់ បែរ​ជាមាន​សិទ្ធិ​កាង​ធ្វើ​អាជីវកម្ម​ប្រមូល​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​អាជីវក​ម្មកា​ណូ​ត​ដឹក​ភ្ញៀវ​ទេសចរណ៍​នៅ​ផែ​ផ្សារ​ក្រោម​នាពេល​កន្លងមក​បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​ផ្កាយ​៣​ម្នាក់​បានកំណត់​យកលុយ​ពី​ភ្ញៀវ​លើស​សៀវភៅ​បន្ទុក ហើយ​បាន​បង្ខំ​ឲ្យ​ម្ចាស់​កាណូត​កំពង់ផែ​ចាស់​៧​គ្រឿង​ចូល​ចត​ក្នុង​កំពង់ផែ​ថ្មី ហើយ​តម្រូវ​ឲ្យ​បង់ប្រាក់​ដល់​ម្ចាស់​គ្រប់គ្រង​ផែ​ថ្មី​ចំនួន​៣០​ភាគរយ​នៃ​តម្លៃ​មូលដ្ឋាន​។ ក្រៅពីនេះ​សូម្បីតែ​ទូក​ឬ​កាណូត​របស់​ប្រជាពលរដ្ឋ​ចូលទៅ​ចត​នៅក្បែរ​ផែ​កាណូត​ថ្មី​នោះ ក៏​ម្ចាស់​ផែ​ថ្មី​ដែលជា​មន្ត្រីនគរបាល​ពាក់​ផ្កាយ​៣​តម្រូវ​ឲ្យ​បង់លុយ​ដែរ​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ដោយ​អំពាវនាវ​ឲ្យ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់ កុំ​ឲ្យ​អ្នកគ្រប់គ្រង​ផែ​ថ្មី​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

តាម​មន្ត្រី​អាជ្ញាធរ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ម្ចាស់​ផែ​កាណូត​ទេសចរណ៍​ដើម​ពោធិ៍​ផ្សារ​ក្រោម ដែលមាន​ឋានៈ​ឧ​ត្ត​ម​សេនីយ៍​ឯក​(​ផ្កាយ​៣)​នៅ​ក្រសួងមហាផ្ទៃ ចង់​ក្ដោប​ក្ដាប់​ទីផ្សារ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម​ទាំងអស់​មិន​ឲ្យ​ស្ថិតក្រោម​ការ​គ្រប់​គ្រង់​របស់ខ្លួន​។ លើស​នេះ​ទៅទៀត​លោក​ផ្កាយ​៣​រូប​នោះបាន​ប្រើប្រាស់​អំណាច​ដ៏​ធំធេង​របស់ខ្លួន​ប្ដឹង​ក្រុមអាជីវករ​ចាស់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទាមទារ​សំណង​១​ម៉ឺន​ដុល្លារ​ដោយ​ចោទប្រកាន់ថា​មិន​ចូល​ចត​ក្នុង​ផែ​របស់ខ្លួន​និង​ពង្វាង​ភ្ញៀវ​មិន​ឲ្យ​ចូល​ផែ​របស់ខ្លួន​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង រិះគន់​លោក​ផ្កាយ​៣​ម្នាក់​នោះ​យ៉ាងខ្លាំង ហើយ​អំពាវនាវ​ឲ្យ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៏ដូចជា​រដ្ឋមន្ត្រីក្រសួង​សា​រណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទៅលើ​ម្ចាស់​ផែ​កាណូត​ទេសចរណ៍​កំពង់ផែ​ដើម​ពោធិ៍​ផ្សារ​ក្រោម​ជាបន្ទាន់ កុំ​ឲ្យ​រំលោភបំពាន​លើ​មុខរបរ​ទទួលទាន​រប​ស់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ទៀត​៕

k-port-boad-500x300 k-port-boad1-355x500 chan-deun1