​គយ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​រង​ការ​រិះគន់ថា​គាបសង្កត់​អ្នករកស៊ី​កំប៉ិកកំប៉ុក យោគយល់​ឈ្មួញ​ធំៗ​

​អ្នករកស៊ី​ដឹកទំនិញ​តូចតាច​នៅតាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​ខេត្តតាកែវ​ជាមួយ​ប្រទេស​យួន ថ្មីៗ​នេះ បាន​ចោទប្រកាន់ មន្ត្រី​គយ​ថា​បាន​គាប​យកលុយ​ពី​ពួកគាត់​យ៉ាងខ្លាំង ប៉ុន្តែ​បាន​ឃុ​ប​ឃឹ​ត​ជាមួយ​ម្ចាស់​ឡាន​ដឹកទំនិញ​ធុន​ធំ​ដោយ​ឲ្យ បង់ពន្ធ​តែ​៣០​ភាគរយ​ទេ​ទុក​៧០​ភាគរយ​ចែកគ្នា​ជាមួយ​ម្ចាស់​ទំនិញ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្រុម​គយ និង​មន្ត្រី​ពាក់ព័ន្ធ​ព្យាយាម​គាប​អ្នករកស៊ី​កំប៉ិកកំប៉ុក តែ​បែរជា​ធូររលុង​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ក្នុង​ទ្រង់ទ្រាយ​ធំ​បាន​លុយ​ទឹកតែ​ច្រើន​។

​បើ​ទំនិញ​ដឹក​តាម​ឡាន​មន្ត្រី​គយ​សរសេ​វិក្កយបត្រ​បង់ពន្ធ​តែ ៣០​ភាគរយ​ទេ ទុក ៧០​ភាគរយ​ចែកគ្នា​ជាមួយ​ម្ចាស់​ទំនិញ​។ ក្រុម​អ្នករកស៊ី​ដឹកទំនិញ​តាម​ម៉ូតូ​បាន​បង្ហើប​ឱ្យដឹងថា​ពួកគាត់​មានការ លំបាក​ក្នុង​ការរកស៊ី​ព្រោះថា​គយ​យកពន្ធ​ថ្លៃ​ខ្លាំងណាស់ ហើយ​ពេល​បង់​ពន្ធគយ មិន​សរសេ​វិក្កយបត្រ​ទេ​។ ប្រភព​ដដែល​បាន​រិះគន់ថា​គោលនយោបាយ​កែទម្រង់​ពន្ធគយ​របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​អនុវត្តន៍​បានតែ​លើ​ប្រជា​ពល​ដ្ឋ​ក្រីក្រ​រកស៊ី​បន្តិចបន្តួច ខណៈ​ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្ត​ក្នុង​មួយៗ​ថ្ងៃ​រាប់សិប​តោន​មន្ត្រី​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​នោះទេ​។​

​អតីតមន្ត្រី​គយ​ខេត្តកណ្តាល​មួយរូប​បាន​បង្ហើប​ថា​បទល្មើស​សេដ្ឋកិច្ច​មិន​ត្រឹមតែ​កើតមានឡើង​នៅ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​នោះទេ ព្រោះ​នៅ​គ្រប់​ច្រកទ្វារព្រំដែន​ទាំងអស់​នៅ​កម្ពុជា មិនថាតែ​ច្រកទ្វារ​អន្តរជាតិ ឬ​ច្រករបៀង​នោះឡើយ គឺ​តែងតែមាន​បទល្មើស​សេដ្ឋកិច្ច​កើតឡើង​ជានិច្ច​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ខណៈ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុ​ជាមាន​ភាពទន់ខ្សោយ មន្ត្រី​គយ​ពុករលួយ​ទោះបី​គេ​ផ្លាស់ប្តូរ​ទៅ​កន្លែង​ណា ក៏​នៅតែ​ពុករលួយ​ដដែល ដូច្នេះ​រដ្ឋាភិបាល​ត្រូវមាន​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​មន្ត្រី​គយ​ពុករលួយ ហើយ​បើ​នៅតែ​បណ្តែតបណ្តោយ​ឲ្យ​មន្ត្រី​គយ​ពុករលួយ​អាច​រួចខ្លួន ឬ​គ្រាន់តែ​ប្តូរ​កន្លែង​ការងារ ការបង្ក្រាប​អំពើពុករលួយ​នឹង​គ្មាន​ប្រសិទ្ធភាព​នោះទេ​៕

pp-cantho-06 7548355f-7069-4fd3-af0f-ac408f59aebd