មេបក្ស​ប្រឆាំង​បើក​កិច្ចប្រជុំ​នៅ​ហ្វីលីពីន

ភ្នំពេញៈ មេដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​ជួបប្រជុំ​ពិសេស​មួយ​នៅ​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​នេះ​ដែល​ពិភាក្សា​អំពី​កម្ដៅ​នយោបាយ​បច្ចុប្បន្ន​ខណៈ​​ដែល​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​ត្រូវ​បាន​វាយប្រហារ​ដោយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ទាក់ទង​នឹង​​រឿង​អាស្រូវ​សេ្នហា​ដ៏​ចម្រូង​ចម្រាស។

កិច្ចប្រជុំ​ពិសេស​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ​ប្រធាន និង​លោក កឹម សុខា អនុប្រធាន​នេះ​ក៏​មាន​ការ​ចូលរួម​ពី​សមាជិក​ជាន់ខ្ពស់​មួយ​ចំនួន​ក្នុង​នោះ​ក៏​មាន​លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និង​លោក អ៊ូ ចាន់រិទ្ធ ផង​ដែរ​ដោយ​​​ផ្តោត​លើ​ស្ថានការណ៍​នយោបាយ និង​​ការ​បង្រួប​បង្រួម​ជាតិ​។

មេបក្ស​ប្រឆាំង​បើក​កិច្ចប្រជុំ​នៅ​ហ្វីលីពីន

លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា ក្នុង​កិច្ចប្រជុំ​មួយ​នៅឯ​បរទេស​កន្លង​មក។ រូបថត ហ្វេសប៊ុក

ចំពោះ​រឿង​អាស្រូវ​ស្នេហា​​របស់​លោក កឹម សុខា ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដែល​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​​គាំទ្រ​រដ្ឋាភិបាល​លោក​ យ៉ែម បុញ្ញឫទ្ធិ ​អ្នក​នាំពាក្យ​គណបក្ស​បាន​បញ្ជាក់​ថា​ករណី​នេះ​មិន​ស្ថិត​ក្នុង​​របៀបវារៈ​ដែល​នឹង​ត្រូវ​​ដាក់​​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​ឡើយ​ដោយ​លោក​អះអាង​ថា​គណបក្ស​សង្គ្រោះជាតិ​មិន​ចាប់​អារម្មណ៍​​លើ​ករណី​នេះ​ទេ​។

លោក បុញ្ញឫទ្ធិ បាន​ថ្លែង​ថា៖ «សំខាន់​គឺ​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​ពី​ខែ​តុលា​ឆ្នាំ ២០១៥ ដល់​​បច្ចុប្បន្ន​ និង​ទី​ពីរ​និយាយ​អំពី​រឿង​​សំខាន់​គឺ​យុទ្ធសាស្រ្ត​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន»។

នៅពេល​ទាក់ទង​កាលពី​ម្សិលមិញ​លោក អេង ឆៃអ៊ាង មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ​ដោយ​លោក​បញ្ជាក់​ថា​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ថ្ងៃ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ស្តីពី​​លទ្ធផល​នៃ​កិច្ចប្រជុំ​។

កាលពី​ចុងសប្តាហ៍​ក្រុម​យុវជន​គាំទ្រ​គណបក្ស​ប្រជាជន​ដែល​តែងតែ​ដើរ​រំខាន​លោក​ កឹម សុខា នៅ​តាម​វេទិកា​សាធារណៈ​ដើម្បី​ស្នើសុំ​ឱ្យ​លោក កឹម សុខា បំភ្លឺ​អំពី​ខ្សែ​អាត់​ដែល​​គេ​ចាត់​ទុក​ថា​ជា​សំឡេង​​របស់​គាត់​និយាយ​ជាមួយ​នឹង​ ខំ ចាន់ដារ៉ាទី ហៅ ស្រីមុំ ហើយ​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ដោយ​​ប្រកាស​ថា​ពួកគេ​នឹង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ស្នើសុំ​ឱ្យ​លោក កឹម សុខា បំភ្លឺ​ពី​ខ្សែអាត់​សំឡេង​នេះ​ប្រសិន​បើ​លោក កឹម សុខា នៅ​តែ​​បន្ត​បដិសេធ​បំភ្លឺ​ទៀត​។ នាង ស្រីមុំ ក៏​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​កោះ​​ហៅ​ទៅ​សាកសួរ​ផង​ដែរ​កាលពី​ចុង​សប្តាហ៍​មុន​ដើម្បី​បំភ្លឺ​ពី​ខ្សែអាត់​សំឡេង​ប៉ុន្តែ​នាង​បាន​បដិសេធ​ថា​សំឡេង​នេះ​មិនមែន​ជា​សំឡេង​របស់​នាង​ទេ​៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍