រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​សណ្តាប់ធ្នាប់ឡាន​ដឹកដី​លើ​ផ្លូវ​សាធារណៈ

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លោក ស ខេង បាន​ស្នើ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ត្រួតពិនិត្យ​មើល​​រថយន្ត​ដឹកដី​មួយ​ចំនួន​ឡើង​វិញ​ឱ្យ​មាន​សណ្តាប់ធ្នាប់​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​​មាន​អាចម៍​​ដី​ធ្លាក់​​នៅ​លើ​ផ្លូវ​សាធារណៈ​ខណៈ​ដែល​សង្គម​ស៊ីវិល​នៅ​តែ​បន្ត​​ធ្វើការ​រិះគន់​ថា​ការ​ដែល​មិន​អាច​ទប់ស្កាត់​ឡាន​ដឹក​ដី​ជ្រុះ​រប៉ាត់រប៉ាយ​ធ្វើឲ្យ​ខូច​បរិស្ថាន​ក្នុង​ទីក្រុង​នេះ​គឺ​ដោយសារ​អំពើ​ពុករលួយ។

រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​សណ្តាប់ធ្នាប់ឡាន​ដឹកដី​លើ​ផ្លូវ​សាធារណៈ

ឡាន​ដឹកដី​ជ្រុះ​អាចម៍​ដី​ហុយ​តាម​ផ្លូវ​មុនីវង្ស​ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់។ ហុង មិនា

ការ​ជំរុញ​នេះ​ធ្វើ​ឡើង​នៅក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នា​សប្តាហ៍​ទី ១ កាល​ពី​ថ្ងៃ​ទី ១០ ខែ​មីនា​ឆ្នាំ ២០១៦។

អគ្គស្នងការរង​នគរបាល​ជាតិ​លោក គៀត ច័ន្ទថារិទ្ធ បាន​ឲ្យ​ដឹង​ថា​នៅក្នុង​ពិធី​នោះ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិចារណា​កែលម្អ​សោភណភាព​ទីក្រុង​ដោយ​ត្រូវ​ពិនិត្យ​មើល​ករណី​រថយន្ត​ដឹកដី​គ្មាន​សណ្តាប់ធ្នាប់។ លោក​ថា៖ «រថយន្ត​ខ្លះ​ដឹកដី​ច្រើន​អត់​មាន​អី​បិទ​បាំង​ដើម្បី​កុំ​ឱ្យ​ដី​ហុយ​ព្រោះ​វា​ប៉ះពាល់​ប្រជាពលរដ្ឋ​ ខូច​ស្ថានភាព​ផ្លូវ​ទីក្រុង​ដែល​ខំ​ធ្វើ​ស្អាត ប៉ុន្តែ​សម្តេច​ថា​រឿង​ហ្នឹង​យើង​ត្រូវ​ពិចារណា​ពេលវេលា ទីកន្លែង​ឱ្យ​បាន​សមស្រប​»​។ យ៉ាង​ណា​លោក​ថា​សមត្ថកិច្ច​ត្រូវ​ណែនាំ​រថយន្ត​ដឹកដី ឬ​រថយន្ត​ធុន​ធំ​តាម​សម្រួល​មិន​ត្រូវ​អនុវត្ត​ដោយ​​គំហុក​ឡើយ​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​អាជីវកម្ម​នានា​ខណៈ​លោក​អំពាវនាវ​ដល់​ម្ចាស់​អាជីវករ និង​ពលរដ្ឋ​ទាំងអស់​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍​។

ក្រោយ​កិច្ចប្រជុំ​ចប់​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ថា​ចាប់ពី​ថ្ងៃ​ទី ១៥ ខែ​មីនា​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​នឹង​បង្កើន​សកម្មភាព​បន្ថែម​ទៀត​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ការ​អនុវត្តន៍​ច្បាប់​ដោយ​​ធ្វើការ​ផាក​ពិន័យ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​បើកបរ​មិន​ពាក់​មួក​សុវត្ថិភាព​លើស​ល្បឿន​កំណត់​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការ​ដឹក​ជញ្ជូន​លើស​ចំណុះ ឬ​ការ​បង្ក​ឱ្យ​ធ្លាក់​អាចម៍​ដី​ជាដើម។

អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក នូ វឌ្ឍនៈ បាន​ឲ្យ​ដឹង​​ថា​បច្ចុប្បន្ន​ខាង​ក្រសួង​បាន​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ក្នុង​ការ​ត្រួតពិនិត្យ​លើ​បញ្ហា​នេះ និង​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ក្នុង​ការ​ផាក​ពិន័យ​លើ​រថយន្ត​ដឹកដី​ដែល​មិន​មាន​សណ្តាប់​ធ្នាប់។ យ៉ាង​ណា​ក៏​ដោយ​លោក​ថា​ចំពោះ​ការ​ឃាត់ ឬ​ធ្វើការ​ផាក​ពិន័យ​រថយន្ត​ទាំង​នោះ​ជា​សមត្ថកិច្ច​របស់​មន្ត្រី​ចរាចរណ៍​នៅ​ក្រសួង​មហាផ្ទៃ​ជា​អ្នក​អនុវត្ត។ លោក​ថា៖ «​ប៉ូលិស​​ត្រូវ​តែ​ផាកពិន័យ​ដូច​យើង​ផាក​គ្រឿង​ស្រវឹង​អ៊ីចឹង​ដូចជា​ឡាន​មួយ​កែច្នៃ​ច្រងេង​ច្រងាង​សុទ្ធតែ​ភារកិច្ច​របស់​ក្រសួង​មហាផ្ទៃ​ព្រោះ​គេ​មាន​កម្លាំង​ដាក់រាយ​ទៅ​តាម​ទីតាំង​ផ្លូវ​ថ្នល់​ទូទាំង​ប្រទេស​ព្រោះ​ក្រសួង​សាធារណការ​គ្រាន់តែ​ធ្វើ​ច្បាប់ និង​ផ្តល់​ជា​បច្ចេកទេស​តែ​យើង​ត្រូវ​ធ្វើ​រួម​គ្នា»។ បើ​តាម​លោក នូ វឌ្ឍនៈ កន្លង​មក​ក្រសួង​មហាផ្ទៃ​ក៏​បាន​ចុះ​ធ្វើការ​ណែនាំ​កន្លែង​កែច្នៃ​រថយន្ត​មួយ​ចំនួន​ផង​ដែរ​។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​លោក អៀ ចរិយា ថ្លែង​ថា​ករណី​នេះ​កើត​មាន​យូរ​​ឆ្នាំ​មក​ហើយ​ដោយសារ​ការ​ខ្វះ​ចន្លោះ​នៃ​ការ​អនុវត្ត​ច្បាប់ និង​អំពើ​ពុករលួយ​ទើប​បណ្តាល​ឱ្យ​រថយន្ត​ដឹកដី​អាច​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ​បាន​រហូត​ដល់​​សព្វ​ថ្ងៃ​ទោះ​ដឹក​លើស​ទម្ងន់ និង​មិន​មាន​សណ្តាប់​ធ្នាប់​​ជ្រុះ​ដី​រប៉ាត់​រប៉ាយ​ពេញ​ផ្លូវ​ក៏ដោយ​​។ លោក​ថា៖ «​ដោយសារ​មាន​អំពើ​ពុករលួយ​ទើប​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់​អ៊ីចឹង​កាលណា​មាន​អំពើ​ពុករលួយ​ការ​អនុវត្ត​ច្បាប់​ក៏​មិន​មាន​តម្លាភាព​ដែរ»។ យ៉ាង​ណា​ក៏ដោយ​លោក​ថា​ការ​ចាប់ផ្តើម​អនុវត្ត​រឹតបន្តឹង​ច្បាប់​នា​ពេល​នេះ​ក៏​មិន​ទាន់​ហួសពេល​ដែរ​តែ​ត្រូវ​អនុវត្ត​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌​សម្រាប់​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់ៗ​គ្នា។ បើ​តាម​លោក ចរិយា ការ​ដឹក​លើស​ចំណុះ និង​សំពីង​សំពោង​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ខូច​ផ្លូវ​សាធារណៈ​ទេ​ថែម​ទាំង​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​អាចម៍​ដី​ធ្លាក់​ទៅ​លើ​អ្នក​ដំណើរ​។

ប្រធាន​នាយកដ្ឋាន​នគរបាល​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​ក្រសួង​មហាផ្ទៃ​លោក រុន រ័ត្នវាសនា បាន​ថ្លែង​ថា​ជា​ការពិត​ករណី​នេះ​កើត​ឡើង​ជា​រឿង​ដដែលៗ​សំខាន់​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​។ តែ​លោក​ទទួល​ស្គាល់​ថា​ប៉ូលិស​មួយ​ចំនួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​មែន​ទើប​បណ្តាល​ឱ្យ​មាន​ករណី​នេះ​កើត​ឡើង​។ លោក​ថា៖ «អ្នក​ប្រព្រឹត្ត​ខុស​គឺជា​បុគ្គល​មួយ​មិន​មែន​ទាំងអស់​ទេ​តែ​អ្នក​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ការ​ផាក​ពិន័យ និង​ទោសទណ្ឌ​ចំពោះ​មុខ​ច្បាប់​នៅពេល​គេ​រកឃើញ​មាន​កំហុស​តែ​ប៉ូលិស​ឧស្សាហ៍​យើង​ត្រូវ​លើក​ទឹកចិត្ត​គេ​មិន​ត្រូវ​វាយតម្លៃ​ទាំងអស់​ទេ»។ បើ​តាម​លោក វាសនា សព្វ​ថ្ងៃ​កម្លាំង​សមត្ថកិច្ច​ដាក់​ត្រួតពិនិត្យ​ទូទាំង​ប្រទេស​ជាង ១០០០ នាក់​ជា​រៀងរាល់​ថ្ងៃ​ដោយ​​ក្នុង​មួយ​គោលដៅ​ប្រហែល​ ៣០ ​នាក់​។

ទាក់ទង​ករណី​នេះ​សាលា​រាជធានី​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ចេញ​គោលការណ៍​បី​ចំណុច​រួម​មាន ១. ត្រូវ​​កំណត់​ប្រភេទ​យានយន្ត​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់ ឬ​មិន​អនុញ្ញាត ២.គ្រប់គ្រង​ឲ្យ​ខាន​តែ​បាន​នូវ​រថយន្ត​ធំៗ​ចូល​ក្នុង​រាជធានី​នៅ​ពេល​ថ្ងៃ និង​រថយន្ត​ដឹក​លើស​ទម្ងន់​កែច្នៃ​ខុស​បច្ចេកទេស និង​ទី ៣ ត្រូវ​កំណត់​ម៉ោង​ឲ្យ​បាន​ច្បាស់​ដែល​រថយន្ត​ធំៗ​ធ្វើ​ដំណើរ និង​រៀបចំ​បង្កើត​គណៈកម្មការ​ថ្មី​មួយ​សម្រាប់​ត្រួត​ពិនិត្យ អង្កេត តាមដាន​រាល់​សកម្មភាព​ជាក់ស្តែង​ហើយ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​រាជធានី​ភ្នំពេញ​នៅ​ដើម​ខែ​មេសា​៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍