សាស្រ្តាចារ្យ​និង​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រៀប​ចំ​ទិវា​វប្បធម៌​លើក​ទី​៥ «វប្បធម៌និងការរស់នៅ»

ទិវាវប្បធម៌​នៅ​ឆ្នាំ២០១៦​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២០​ ខែ​មីនា ក្នុង​ខ្លឹមសារ​ «វប្បធម៌ និង ជីវភាពរស់នៅ» ។ ទិវានេះ​បាន​បង្កើត​ឡើង​​​ដោយ​ក្រុម​និសិ្សតនិង​សាស្រ្តាចារ្យ​នៃ​ដេប៉ាតឺម៉ង់​ទេសចរណ៍ (DOT) និង​ដេប៉ាតឺម៉ង់​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​អន្តរជាតិ (DIBM)​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ដោយ​គិត​មក​ដល់​បច្ចុប្បន្ន គឺ​មាន​ចំនួន៥​ដង​រួច​មក​ហើយ ក្រោម​ខ្លឹមសារ​ខុស​ៗគ្នា​ ។
 

ព្រឹត្តិការណ៍​ទិវា​វប្បធម៌ មាន​ការ​កម្សាន្ត​សប្បាយ​ប្លែកៗ​ជា​ច្រើន ដោយ​កម្មវិធី​ទាំង​អស់​គឺ​មាន​ទម្រង់​ទាក់​ទង​ទៅ​នឹង​វប្បធម៌​ជាតិ​ ​ដែល​រួម​មានការ​ប្រកួត​ម្ហូប​អាហារ និង​បង្អែមខ្មែរ (Food Contest & Desert Contest) ការ​ប្រកួត​នារី​ស្រស់បុរស​សង្ហា​ក្នុង​សម្លៀក​បំពាក់​បែប​ខ្មែរ (Mr. &​ Miss Culture Day) ការ​ប្រឡង​ចម្រៀង​ប្រពៃណី ការ​សម្តែង​រឿង​កំប្លែង​ខ្លី​ក្នុង​ន័យ​អប់រំ​ ទស្សនីយ​ភាព​របាំ​ប្រពៃណី និង​ការ​ស្លៀក​សំលៀក​បំពាក់​តាម​ពណ៌​នៃ​ថ្ងៃ​នីមួយៗ​ ការ​រាំ​លេង​កម្សាន្ត​ និង​ការ​ប្រកួត​ល្បែង​ប្រជាប្រិយ​ខ្មែរ​ផ្សេងៗ។
 

រាល់​កម្មវិធី​ទាំង​អស់​ដែល​បាន​រៀប​រាប់​លើ​សុទ្ធ​សឹង​តែ​មាន​ការ​ចូល​រួម​ស្ម័គ្រ​ចិត្ត​ពី​និសិ្សតនៃ​ដេប៉ាតឺម៉ង់​ទាំង​ពីរ ដោយ​​ធ្វើការ​បែង​ចែក​ការងារ​ទៅ​តាម​ក្រុម​ការងារ​មួយៗ​ផ្សេង​ៗ​ពី​គ្នា​ ទាំង​មុន និង​ក្រោយ​ព្រឹត្តការណ៏ ។
 

សាស្រ្តាចារ្យ​និង​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រៀប​ចំ​ទិវា​វប្បធម៌​លើក​ទី​៥ «វប្បធម៌និងការរស់នៅ»
 

​គោល​ដៅ​ចម្បង​នៃ​ការ​រៀប​ចំ​កម្មវិធី​នេះ​ឡើង​ ​គឺ​ក្នុង​ន័យ៖​ ទីមួយ​ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​នឹង​ខិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។ ទីពីរ​ កម្មវិធី​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​វប្ប​ធម៌​ជាតិ និង​បណ្តុះ​ស្មារតី​ឲ្យ​និសិ្សត​ដឹង​ពី​គុណ​តម្លៃ​នៃ​វប្បធម៌​ខ្មែរ​ផង​ដែរ។ ​ ទីបី ដើម្បី​បង្កើន​បរិយា​កាស​សប្បាយ​រីក​រាយ​ដល់​សាស្រ្តាចារ្យ លោក​គ្រូ​អ្នក​គ្រូ​ សិស្ស​ និស្សិត និង​សាធារណ​ជន​ទាំង​អស់ ​តាម​រយៈ​​ការ​ផ្តល់​ឱកាស​ឲ្យ​ពួក​គាត់​បាន​ចូល​រួម​លេង​កម្សាន្ត និង​បញ្ចេញ​សមត្ថភាព​ជាមួយ​កម្មវិធី​កម្សាន្ត​នា​នា​ដែល​ទាក់​ទង​ទៅ​នឹង​វប្បធម៌។​ ទីបួន ផ្តល់​ឱកាស​ដល់​និស្សិត​ក្នុង​ការ​អនុវត្ត​នូវ​មុខ​វិជ្ជា និង​ជំនាញ​ដែល​បាន​សិក្សា​កន្លង​មក​ជាមួយ​លោក​គ្រូ​អ្នក​គ្រូ ហើយ​ជា​ពិសេស​ជួយ​ក្នុង​ការ​ជំរុញ​គាំទ្រ ចែក​រំលែក​នូវ​ចំណេះ​ដឹង និង​បទ​ពិសោធន៍​រវាង​គ្នា​និង​គ្នា​ផង​ដែរ។ ជា​ចុង​ក្រោយ គឺ​ដើម្បី​រឹត​ចំណង​សាមគ្គីភាព មិត្តភាព រវាង​លោក​គ្រូ​អ្នក​គ្រូ និង​និស្សិត​គ្រប់​ជំនាន់។
 

ព្ព្រឹត្តិការណ៍​ទិវា​វប្បធម៌​ ក៏​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​មួយ​ចំនួន​ដល់​អ្នក​ចូលរួម​ផង​ដែរ ដែល​រួម​មាន​ការ​ដឹង​កាន់​តែ​ច្បាស់​នូវ​របាំ​របស់​ខ្មែរ ក៏​ដូច​ជា​ម្ហូប ឬ​បង្អែម​របស់​ខ្មែរ ​តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​របស់​ក្រុម​និស្សិត​នៃ​ដេប៉ាដឺម៉ង់​ទាំង​ពីរ ការ​ចូល​រួម​ក្នុង​ការ​ដាក់​ពិន្ទុ​សម្រាប់​ការ​ប្រឡង​និមួយៗ​របស់​និស្សិត ក៏​ដូច​ជា​ការ​ផ្តល់​ជូន​នូវ​ការ​ចូល​រួម​លេង​ល្បែង​ប្រជាប្រិយ និង​ច្រៀង​រាំ​កម្សាន្ត​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​និស្សិត​នៃ​ដេប៉ាដឺម៉ង់​ទេសចរណ៍ និង ដេប៉ាតឺម៉ង់គ្រប់​គ្រង​ពាណិជ្ជ​កម្ម​អន្តរជាតិ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

 
ចូលរួមទាំងអស់គ្នា ដើម្បីវប្បធម៌យើង!