សាលា​ដំបូង​ខេត្ត​ក្រចេះ​ឃុំ​ខ្លួន​អ្នក​មាន​ជម្លោះ​ដីធ្លី​បី​នាក់​ចោទ​រារាំង​ប្រតិបត្តិការ​សមត្ថកិច្ច

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ ឃុំ​ខ្លួន​ពលរដ្ឋ ៣​នាក់​ក្នុង​ចំណោម ៤​នាក់​ពី​ករណី​ជម្លោះ​ដីធ្លី​នៅ​ភូមិ​អូរសំពង់ ឃុំ​ដំរីផុង ស្រុក​ឆ្លូង។ ការ​សម្រេច​ឃុំ​ខ្លួន​នេះ បន្ទាប់​ពី​អាជ្ញាធរ​ចោទ​ថា ក្រុម​ពលរដ្ឋ​រារាំង​ប្រតិបត្តិការ​សមត្ថកិច្ច​ពេល​កំពុង​ឈូស​ឆាយ​ផ្ទះ​សម្បែង​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​១០ មីនា។

ពលរដ្ឋ ១០៤​គ្រួសារ​រស់នៅ​ភូមិ​អូរសំពង់ ឃុំ​ដំរីផុង នៅ​ថ្ងៃ​ទី​១៣ មីនា បន្ត​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ករណី​អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ឈូស​ឆាយ​ផ្ទះ​សម្បែង​ពួក​គាត់​ជិត ២០​ខ្នង និង​ចាប់​ឃុំ​ខ្លួន​អ្នក​ភូមិ ៣​នាក់។

កាល​ពី​ថ្ងៃ​ទី​១០ និង​ថ្ងៃ​ទី​១១ មីនា អាជ្ញាធរ​ខេត្ត​ក្រចេះ ដឹក​នាំ​ដោយ​អភិបាល​រង​ខេត្ត លោក ខណ្ឌ ចំណាន បាន​ឈូស​ឆាយ​ផ្ទះ​ពលរដ្ឋ ១៩​ខ្នង និង​ចាប់​ខ្លួន​ពលរដ្ឋ ៤​នាក់ ដោយ​ចោទ​ថា រារាំង​ប្រតិបត្តិការ​សមត្ថកិច្ច។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៣ មីនា នេះ តុលាការ​បាន​ដោះ​លែង​បុរស​ពិការ​ភ្នែក​ម្នាក់​វិញ​ក្នុង​ចំណោម​អ្នក​ទាំង ៤​នាក់​នោះ។

ពលរដ្ឋ​ម្នាក់​ពិការ​ភ្នែក​សង​ខាង គឺ​លោក លន់ ផន់។ លោក​អះអាង​ថា តំណាង​អយ្យការ​ខេត្ត​ក្រចេះ តម្រូវ​ឲ្យ​លោក​ផ្ដិត​មេដៃ​យល់ព្រម​ចាក​ចេញ​ពី​ដី​ដែល​កំពុង​មាន​ជម្លោះ ជា​ថ្នូរ​នៃ​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ។ លោក​ថា លោក​សម្រេច​ចិត្ត​ផ្ដិត​មេដៃ​ដោយសារ​ពុំ​មាន​ជម្រើស៖ «ខ្ញុំ​គ្រាន់​តែ​ទទូច​សុំ​អង្វរ​កុំ​ឲ្យ​ឈូស​ឆាយ​ផ្ទះ​ខ្ញុំ​សិន ចាំ​ខ្ញុំ​យក​អង្ករ យក​ចាន យក​ឆ្នាំ​ចេញ​ពី​ទីនោះ​សិន។ ខ្ញុំ​ឃាត់​មិន​ស្តាប់ ហើយ​តែ​គាត់​ចាប់​ទាញ​យើង​ត្រណាត់ត្រណែង។ ពលរដ្ឋ​រារាំង​មិន​ឈ្នះ បាន​រុញ​ផ្ទះ​ដួល ហើយ​ក៏​ខ្ញុំ​សន្លប់ ហើយ​បង​បី​នាក់​ដែល​គាត់​ចោទ​ប្រកាន់​ហ្នឹង គាត់​ជួយ​ខ្ញុំ​ទេ»

ពលរដ្ឋ ៣​នាក់​ដែល​តំណាង​អយ្យការ​ខេត្ត​ក្រចេះ ឃុំ​ខ្លួន​មាន​ឈ្មោះ ចេត វិត ឈ្មោះ ជិន ជា និង ប៉ុញ ពីន។

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ទុន វីនីត មិន​ធ្វើ​អធិប្បាយ​ពី​ករណី​ឃុំ​ខ្លួន​ពលរដ្ឋ​ទាំង ៣​នាក់​នេះ​ទេ នៅ​ថ្ងៃ​ទី​១៣ មីនា ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​រវល់។

អភិបាល​រង​ខេត្ត​ក្រចេះ លោក ខណ្ឌ ចំណាន ធ្លាប់​មាន​ប្រសាសន៍​ថា ក្រុម​ពលរដ្ឋ​ទាំង​នោះ​បាន​ចូល​ទន្ទ្រាន​ដី​ឡូត៍​ដែល​អាជ្ញាធរ​បាន​ធ្វើ​បច្ចុប្បន្នភាព​ដី​ចំនួន ៦៤​ឡូត៍​ស្មើ​ជាង ១០០​ហិកតារ រក្សា​ទុក​ផ្ដល់​ជូន​ពលរដ្ឋ ៩៩៨​គ្រួសារ។ លោក​ថា អាជ្ញាធរ​ខេត្ត​បាន​ជូន​ដំណឹង​ផ្សព្វផ្សាយ និង​អប់រំ​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទន្ទ្រាន​ដី​ដែល​អាជ្ញាធរ​ធ្លាប់​បាន​ធ្វើ​អត្តសញ្ញាណកម្ម​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥៖ «ករណី​គាត់​ខ្វះខាត​ផ្សេងៗ​ដែល​គាត់​ចូល​មក​ទន្ទ្រាន ហើយ​គាត់​ក្រីក្រ​ខ្វះខាត​ដី គឺ​យើង​មាន​នីតិវិធី​របស់​យើង គឺ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​តាម​នីតិវិធី»

ពលរដ្ឋ ១០៤​គ្រួសារ​ជា​ពលរដ្ឋ​ចំណាក​ស្រុក​មក​ពី​ខេត្ត​ត្បូងឃ្មុំ បាន​មក​សម្អាត​ដី​ឋិត​នៅ​ភូមិ​អូរសំពង់ ឃុំ​ដំរីផុង ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​២០១១ និង​គ្រប់គ្រង​ដី​នៅ​តំបន់​នោះ។ គ្រួសារ​ខ្លះ​គ្រប់គ្រង​ដី​ចាប់​ពី​ជាង ១​ហិកតារ​ដល់​ជាង ៣​ហិកតារ។ ផ្ទៃដី​ជម្លោះ​សរុប​ទាំងអស់​ចំនួន ៣១២​ហិកតារ​ជា​ប្រភេទ​ដី​កសិកម្ម។

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​របស់​អាជ្ញាធរ មិន​បាន​បិទ​ប្រកាស​ជា​តំបន់​ដី​សម្បទាន​សង្គមកិច្ច​ត្រង់​ចំណុច​ណា​មួយ​ឲ្យ​ជាក់លាក់​ទេ។ ទន្ទឹម​នឹង​នេះ ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ បាន​កាប់​រាន​កាល​ពី​ឆ្នាំ​២០១១ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ពុំ​ហាម​ឃាត់​ទេ រហូត​ពលរដ្ឋ​អាស្រ័យ​ផល​ជា​បន្តបន្ទាប់ អាជ្ញាធរ​ទើប​ហាម​ឃាត់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦។

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ រិះគន់​វិធានការ​របស់​អាជ្ញាធរ​ខេត្ត​ក្រចេះ ថា​ការ​ចាប់​ខ្លួន​ពលរដ្ឋ គឺ​ដើម្បី​ជា​ថ្នូរ​នៃ​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​បែប​នេះ​ថា មិន​មែន​ជា​ដំណោះស្រាយ​ត្រឹមត្រូវ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​នោះ​ទេ ថែម​ទាំង​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ​ទៀត​ផង។ លោក​ថា ប្រសិន​បើ​តំណាង​អយ្យការ​បង្ខំ​ឲ្យ​ជន​ពិការ​ផ្ដិត​មេដៃ​យល់ព្រម​ចាក​ចេញ​ពី​ដី​កំពុង​អាស្រ័យ​ផល ដើម្បី​ជា​ថ្នូរ​នៃ​ការ​ដោះ​លែង​ដូច្នេះ ជា​ករណី​គំរាម​កំហែង​សិទ្ធិ​ជន​ពិការ​ដែល​ជា​ជន​ងាយ​រងគ្រោះ៖ «បាទ! គំរាម​កំហែង ព្រោះ​គាត់​ឋិត​ក្នុង​ភាព​ទាល់ច្រក​ហើយ។ ឥឡូវ​ឲ្យ​គាត់​ចាក​ចេញ​ទេ អត់​មាន​សំណង​ឲ្យ​គាត់​បន្តិច​សោះ។ យើង​គិត​ថា​វា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ណាស់​ទៅ​លើ​ជន​ពិការ​ដែល​ជា​ក្រុម​មួយ​ងាយ​រងគ្រោះ»

អនុក្រឹត្យ​របស់​រដ្ឋាភិបាល​លេខ​៥៤ ចុះ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១២ សម្រេច​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ចំនួន ៣.៦៧១​ហិកតារ​កាល​ពី​ឆ្នាំ​២០១២ ឲ្យ​ទៅ​ក្រុម​ពលរដ្ឋ ៩៩៨​គ្រួសារ​នៅ​ភូមិ​ប្រម៉ា និង​ភូមិ​អូរសំពង់ ឃុំ​កំពង់ដំរី និង​ឃុំ​ដំរីផុង ស្រុក​ឆ្លូង ដែល​អាជ្ញាធរ​ខេត្ត​បណ្ដេញ​ចេញ​កាល​ពី​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។