គណបក្ស​បង្កើត​ថ្មី​រង់ចាំ​ការ​ឆ្លើយ​តប​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រឿង​ប្រកាស​ទ្រព្យ​សម្បត្តិ

គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ដែល​ទើប​នឹង​បង្កើត​ឡើង កំពុង​រង់ចាំ​ការ​សម្រេច​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចំពោះ​សំណើ​សុំ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ យល់​ឃើញ​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​ថ្មី​នេះ មាន​សិទ្ធិ​ក្នុង​ការ​បង្ហាញ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ជា​សាធារណៈ បើ​ទោះ​បី​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហការ ឬ​មិន​សហការ​ក៏ដោយ។

ប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ លោក ញ៉ែម វណ្ណថន បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ មីនា ថា គណបក្ស​របស់​លោក​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ណា​មួយ ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ឡើយ ជុំវិញ​សំណើ​សុំ​បញ្ជូន​សមាសភាព​ថ្នាក់​ដឹក​នាំ​គណបក្ស ដើម្បី​ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ។

លោក ញ៉ែម វណ្ណថន បញ្ជាក់​ថា លោក​មិន​ប្រាកដ​ទេ​ថា តើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​សហការ​ជាមួយ​គណបក្ស​របស់​លោក ក្នុង​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ ដោយ​លោក​ថ្លែង​ថា អង្គភាព​មួយ​នេះ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច«បើ​គាត់​បដិសេធ​មាន​ន័យ​ថា វា​មិន​ស្រប​នឹង​សេចក្តី​ផ្ដើម​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ ចូលរួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ផ្ដើម​ចេញ​ពី​ខ្លួន​ឯង។ បើ​គាត់​អនុញ្ញាត​ឲ្យ​ធ្វើ គាត់​អាច​ថា​នឹង​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយភាព​បន្តិច ត្រង់​ថា​គណបក្ស​របស់​គាត់​មិន​ទាន់​ចាប់​ផ្ដើម​ធ្វើ​ចេញ​ពី​បក្ស​នៅ​ឡើយ»

កាល​ពី​ថ្ងៃ​ទី​៩ មីនា កន្លង​ទៅ គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ បាន​ដាក់​លិខិត​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្នើសុំ​កិច្ច​សហការ​ពី លោក ឱម យ៉ិនទៀង ជួយ​ពិនិត្យ និង​រៀបចំ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​មួយ​នេះ។

ប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ លោក ញ៉ែម វណ្ណថន អះអាង​ថា ការ​ស្នើសុំ​ប្រកាស​ទ្រព្យ​សម្បត្តិ​នេះ គឺ​ដើម្បី​បញ្ជាក់​នូវ​ភាព​ស្អាតស្អំ តម្លាភាព និង​សុចរិត​ភាព​របស់​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​របស់​លោក ចំពោះ​ម្ចាស់​ឆ្នោត។ លោក ញ៉ែម វណ្ណថន អះអាង​បន្ត​ថា វា​ក៏​ជា​ការ​ផ្ដួចផ្ដើម​គំនិត​ថ្មី​មួយ​សម្រាប់​ជា​គំរូ​ដល់​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​ផ្សេង​ទៀត ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន មុន​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ «គំនិត​ផ្ដួចផ្ដើម​ស្អាតស្អំ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ផ្ដើម​ចេញ​ពី​ខ្លួន​ឯង គឺ​និយាយ​តែ​ទ្រឹស្ដី​ទេ ប៉ុន្តែ​អត់​ដែល​ឃើញ​មាន​អ្នក​ណា​ផ្ដើម​ធ្វើ​សកម្មភាព​នេះ​សោះអ៊ីចឹង​យើង​អាច​ធ្វើ​សេចក្តី​សន្និដ្ឋានជឿ​ថា គណបក្ស​ដទៃ​ផ្សេង​ទៀត​អាច​នឹង​ស្នើ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​ការ​ធ្វើ​របៀប​នេះ​ដែរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​ទេ​នៅ​ថ្ងៃ​ទី​១៣ មីនា ដើម្បី​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​របស់​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ។

ទាក់ទង​រឿង​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ បញ្ចេញ​យោបល់​ថា វា​ជា​ឆន្ទៈ​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ដែល​មិន​មាន​ចែង​នៅ​ក្នុង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។ លោក សន ជ័យ បន្ថែម​ទៀត​ថា ពលរដ្ឋ​ខ្មែរ​នឹង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​គណបក្ស​នយោបាយ​ថ្មី​នេះ​ឡើយ នៅ​ខណៈ​ដែល​អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​ធំ ដូចជា​ការ​រំលោភ​អំណាច​ជាដើម កំពុង​កើត​មាន​ខ្លាំង​ក្នុង​សង្គម​កម្ពុជា «វា​ជា​ឆន្ទៈ​បុគ្គល ឬ​ក៏​ឆន្ទៈ​របស់​បក្ស គេ​អាច​ធ្វើ​ទៅ​បាន។ បើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ទទួល​សំណើ​បែប​នេះ ក៏​គណបក្ស​នៅ​តែ​អាច​ប្រកាស​ក្នុង​គេហទំព័រ​របស់​ខ្លួន​ដដែល មហា​ជន​ណា​ដែល​គេ​ចាប់​អារម្មណ៍​ចង់​មើល ថា​តើ​សមាជិក​សមាជិកា​គណបក្ស​នេះ​មាន​ទ្រព្យ​សម្បត្តិ​ប៉ុន្មាន​ដែរ»

ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ត្រង់​មាត្រា​១៧ ចែង​ពី​សមាសភាព​បុគ្គលិក​ដែល​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល នៅ​ពេល​ពួក​គេ​ចូល​កាន់​តំណែង និង​ក្នុង​ពេល​ចេញ​ពី​មុខ​តំណែង។ បុគ្គល​ទាំង​នោះ​រួម​មាន សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​រាជ​រដ្ឋាភិបាល មន្ត្រី​សាធារណៈ​ដែល​មាន​អាណត្តិ​ជ្រើស​តាំង សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ និង​មន្ត្រី​ទាំងអស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មន្ត្រី​រាជការ​ស៊ីវិល យោធា នគរបាល​ជាតិ និង​អ្នក​រាជការ​សាធារណៈ ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះរាជក្រឹត្យ ឬ​អនុក្រឹត្យ មន្ត្រី​ដែល​តែង​តាំង​ដោយ​ប្រកាស ហើយ​ត្រូវ​បាន​កំណត់​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​តាម​បញ្ជី​ដែល​រៀបចំ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចៅក្រម អយ្យការ សារការី ក្រឡា​បញ្ជី និង​អាជ្ញា​សាលា ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​នៃ​អង្គការ​សង្គម​ស៊ីវិល។

គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដែល​មាន លោក ញ៉ែម វណ្ណថន ជា​ប្រធាន។ មុន​នឹង​បង្កើត​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ លោក ញ៉ែម វណ្ណថន ធ្លាប់​ជា​អតីត​អគ្គលេខាធិការ​របស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់ លោក ម៉ម សូណង់ដូ ប៉ុន្តែ​បាន​លាលែង​ពី​តំណែង​កាល​ពី​ចុង​ឆ្នាំ​២០១៥ ក្រោយ​ពី​មាន​ជម្លោះ​ផ្ទៃ​ក្នុង​គណបក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។