អនុប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ព្រះវិហារ​ដែល​ត្រូវ​ក្រុម​ប្រឹក្សា​ខេត្ត​ដក​តួនាទី​ទាមទារ​យុត្តិធម៌

មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ បាន​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​មួយ អនុម័ត​សំឡេង​ភាគ​ច្រើន​ដក​ហូត​មុខងារ​របស់​ស្ត្រី​ម្នាក់​ចេញ​ពី​តួនាទី​ជា​អនុប្រធាន នៃ​មន្ទីរ​កិច្ចការ​នារី​ប្រចាំ​ខេត្ត​នោះ។ ការ​ដក​ហូត​អនុប្រធាន​មន្ទីរ​កិច្ចការ​នារី​ម្នាក់ ធ្វើ​ឡើង​បន្ទាប់​ពី​អនុប្រធាន​រូប​នេះ​បាន​រក​ឃើញ​ថា ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ព្រះវិហារ បច្ចុប្បន្ន បាន​ក្លែង​បន្លំ​ឯកសារ​ជាច្រើន​ដើម្បី​កេង​ប្រវ័ញ្ច​យក​ប្រាក់​របស់​រដ្ឋ​រាប់​រយ​លាន​រៀល។

អតីត​អនុប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ព្រះវិហារ មួយ​រូប កំពុង​ទាមទារ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល និង​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ជួយ​ជ្រោមជ្រែង និង​ស្វែងរក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​បាន​អស់​ចិត្ត។

ការ​ទាមទារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ បាន​កោះ​ហៅ​សមាជិក​ចូលរួម​ប្រជុំ​វិសាមញ្ញ ហើយ​អនុម័ត​ដក​ហូត​តួនាទី​របស់ កញ្ញា សូរ ណារីកា ពី​អនុប្រធាន​មន្ទីរ​កិច្ចការ​នារី​ដោយ​មិន​មាន​យុត្តិធម៌​ត្រឹមត្រូវ។

អតីត​អនុប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ព្រះវិហារ គឺ​កញ្ញា សូរ ណារីកា។ កញ្ញា​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា កន្លង​ទៅ ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ បាន​កោះ​ប្រជុំ​សមាជិក ហើយ​បាន​អនុម័ត​ដក​ហូត​តួនាទី​របស់​នាង​ពី​អនុប្រធាន​មន្ទីរ​កិច្ចការ​នារី​យ៉ាង​អយុត្តិធម៌។ នាង​ចាត់​ទុក​ថា ការ​ដក​ហូត​តួនាទី​របស់​នាង​នេះ គឺ​ធ្វើ​ឡើង​ហាក់​ដូចជា​ដាក់​សម្ពាធ និង​គាប​សង្កត់​មិន​ឲ្យ​រូប​នាង​ស្វែងរក​យុត្តិធម៌ ហើយ​មន្ត្រី​ជាច្រើន​បែរ​ជា​ជួយ​ជ្រោមជ្រែង និង​ការពារ​បក្ខពួក បើ​ទោះ​បី​ជា​បក្ខពួក​នោះ​មាន​កំហុស​យ៉ាង​ណា​ក៏ដោយ។

កញ្ញា សូរ ណារីកា បញ្ជាក់​ថា ចាប់​តាំង​តែ​ពី​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ នាង​បាន​រក​ឃើញ​ភស្តុតាង​ជាច្រើន​ដែល​អាច​សំអាង​ថា ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ព្រះវិហារ បច្ចុប្បន្ន គឺ​បាន​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ដើម្បី​កេង​បន្លំ​យក​ថវិកា​របស់​រដ្ឋ​ជាច្រើន​រយ​លាន​រៀល ហើយ​នៅ​អំឡុង​ខែ​សីហា ឆ្នាំ​២០១៥ រូប​នាង​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ជុំវិញ​ករណី​នេះ ដោយ​សង្ឃឹម​ថា ផ្លូវ​ច្បាប់​អាច​ជួយ​រក​យុត្តិធម៌​ជូន​សង្គម ប៉ុន្តែ​មិន​នឹក​ស្មាន​ថា លទ្ធផល គឺ​មន្ត្រី​ព្រួត​គ្នា​ដក​ហូត​តួនាទី​របស់​នាង​ដូច្នេះ​សោះ៖ «ពាក់ព័ន្ធ​នឹង​លុយ​កាក់​អី​ហ្នឹង​រាប់​រយ​លាន។ ខ្ញុំ​មាន​ឯកសារ​មិន​តិច​ទេ ជា​រៀប​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ដល់​ពេល​ខ្ញុំ​ប្ដឹង​ទៅ គឺ​វា​ពាក់ព័ន្ធ​ទៅ​ដល់​អ្នក​ធំ​ខ្លះ»

ស្ត្រី​ដដែល​អះអាង​ថា នាង​មាន​ភស្តុតាង​ជាច្រើន​ដែល​អាច​បញ្ជាក់​ថា ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ព្រះវិហារ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កេង​ប្រវ័ញ្ច​យក​ប្រាក់​របស់​រដ្ឋ រួម​ទាំង​វីដេអូ​ឃ្លីប (Video Clip) ខ្លះ​ទៀត ហើយ​រូប​នាង​នៅ​តែ​បន្ត​រក​យុត្តិធម៌ បើ​ទោះ​បី​ជា​រូប​នាង​បាត់បង់​តួនាទី​ពី​អនុប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ព្រះវិហារ ហើយ​ក៏ដោយ។

ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ព្រះវិហារ ព្យាយាម​បដិសេធ​ចោល​ការ​ចោទ​ប្រកាន់​នោះ ហើយ​ថា អនុប្រធាន​មន្ទីរ​ដែល​បាត់បង់​តួនាទី​ទៅ​ហើយ គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​និយាយ​មួលបង្កាច់​ខុស​ពី​ការ​ពិត។

ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ព្រះវិហារ អ្នកស្រី ម៉ុង សំអុល មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​ដែល​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ដើម្បី​កិបកេង​យក​ប្រាក់​របស់​រដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ប្រធាន​មន្ទីរ​កិច្ចការ​នារី ដដែល បាន​បន្ទោស​បង្អាប់​ទៅ​លើ​ដៃគូ​ទំនាស់​ថា គឺ​អនុប្រធាន​មន្ទីរ​ទៅ​វិញ​ទេ​ដែល​មាន​ចិត្ត​លោភលន់ ចង់​ឡើង​ធ្វើ​ជា​ប្រធាន​មិន​បាន ហើយ​ចេះ​តែ​ដើរ​មួលបង្កាច់។ អ្នកស្រី ម៉ុង សំអុល បញ្ជាក់​ថា អនុប្រធាន​មន្ទីរ​ដែល​ក្រុមប្រឹក្សា​ខេត្ត​ប្រជុំ​ដក​ហូត​តួនាទី​នោះ គឺ​តែង​តែ​រក​រឿង​ប្រធាន​ជាច្រើន​ជំនាន់​មក​ហើយ តាំង​ពី​ប្រធាន​មន្ទីរ​កិច្ចការ​នារី មុនៗ​ម្ល៉េះ៖ «មនុស្ស​គាត់​បង្ក​តែ​បញ្ហា។ គាត់​ហ្នឹង​បំផ្លើស​មួលបង្កាច់​ទាំង​ស្រុង​តែ​ម្ដង ព្រោះ​មាន​ថ្នាក់​លើ​ចុះ​មក​ធ្វើ​អធិការកិច្ច​អស់​ហើយ មិន​បាន​រក​ឃើញ​ខុស​ប្រក្រតី​អ្វី​ទេ»

បច្ចុប្បន្ន​នេះ សំណុំ​រឿង​ដែល​ប្ដឹង​ប្រឆាំង​នឹង​ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ព្រះវិហារ ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ហើយ​តុលាការ​ក៏​ធ្លាប់​កោះ​ហៅ​មន្ត្រី​នៃ​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ព្រះវិហារ ជាច្រើន​រូប​ទៅ​សាកសួរ​ជា​បន្តបន្ទាប់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​កិច្ច​ប្រជុំ​វិសាមញ្ញ​ដក​ហូត​តួនាទី​អនុប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ព្រះវិហារ បាន​ថា​តើ​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់ ឬ​ក៏​យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៣ មីនា។

ចំណែក​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ មួយ​រូប គឺ​លោក សុខ ណារៀន។ លោក​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​វិសាមញ្ញ​នៃ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ហើយ​អនុម័ត​ដក​ហូត​តួនាទី កញ្ញា សូរ ណារីកា ពី​អនុប្រធាន​មន្ទីរ​កិច្ចការ​នារី នោះ លោក​យល់​ថា វា​ហាក់​ដូចជា​មិន​ទាន់​ត្រឹមត្រូវ​តាម​នីតិវិធី​ទេ។ លោក សុខ ណារៀន ពន្យល់​ថា តាម​បែបបទ​រដ្ឋបាល នៅ​ពេល​មន្ត្រី​ណា​ម្នាក់​ធ្វើ​ខុស​ឆ្គង គឺ​ត្រូវ​ដាក់​វិន័យ​ផ្នែក​រដ្ឋបាល​ជា​មុន​សិន នៅ​មុន​ពេល​ឈាន​ទៅ​ដល់​ការ​ដក​ហូត​តួនាទី ប៉ុន្តែ​នៅ​ក្នុង​អង្គ​ប្រជុំ​វិសាមញ្ញ គឺ​រូប​លោក​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មួយ​រូប មិន​ដែល​ឃើញ​កំណត់​ហេតុ ឬ​ក៏​របាយការណ៍​ស្ដីពី​ការ​ដាក់​វិន័យ​រដ្ឋបាល ទៅ​លើ​អនុប្រធាន​មន្ទីរ​កិច្ចការ​នារី នោះ​ទេ។ ចំពោះ​ការ​ប្រជុំ​ដក​ហូត​តួនាទី​នោះ​ទៀតសោត ក៏​លោក​បាន​ស្នើសុំ​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឲ្យ​កោះ​ហៅ​សាមី​ខ្លួន​មក​ចូលរួម​ដើម្បី​បកស្រាយ និង​ដឹង​អំពី​ការ​ដក​ហូត​តួនាទី​នោះ​ដែរ ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ មិន​បាន​ធ្វើ​ដូច្នេះ​ទេ៖ «យើង​មាន​វិន័យ​រដ្ឋបាល​ប្រសិន​បើ​គាត់​ធ្វើ​ខុស​អ្វី។ លើក​ទី​១ យើង​យក​មក​ណែនាំ។ ដល់​លើក​ទី​៣ ប្រសិន​បើ​ណែនាំ​មិន​ស្ដាប់ ទើប​អាច​ឈាន​ទៅ​ដល់​ការ​កោះ​ប្រជុំ​ក្រុមប្រឹក្សា ដើម្បី​ដក​ហូត​តួនាទី»

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ឲ្យ​ដឹង​ថា លោក​ទើប​តែ​ទទួល​បាន​ឯកសារ​ជាច្រើន​សន្លឹក ពាក់ព័ន្ធ​នឹង​រឿង​ដែល​ចោទ​ប្រកាន់​ប្រធាន​មន្ទីរ​កិច្ចការ​នារី ថា​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ដើម្បី​កេង​ប្រវ័ញ្ច​យក​លុយ​រដ្ឋ​នេះ។ លោក ឡោ ចាន់ បញ្ជាក់​ថា សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នឹង​ចុះ​ស្រាវជ្រាវ​ករណី​នេះ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា ពិត​ជា​មាន​អំពើ​កិប​កេង​យក​ប្រាក់​រដ្ឋ​មែន អាដហុក ក៏​នឹង​ធ្វើ​អន្តរាគមន៍​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អំពើ​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។