ពលរដ្ឋ​ស្រុក​ភ្នំក្រវាញ​ខេត្ត​ពោធិ៍សាត់​ត្អូញត្អែរ​ពី​បញ្ហា​តម្លៃ​ដំឡូងមី​ចុះ​ថោក

មុខ​របរ​ដាំ​ដំឡូងមី គឺ​ជា​ការងារ​កសិកម្ម​ចាំបាច់​មួយ​របស់​កសិករ​នៅ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ក្រៅ​ពី​មុខ​របរ​ដាំ​សណ្ដែក ពោត ស្រូវ និង​ចូល​ព្រៃ​កាប់​ឈើ​លក់ ប៉ុន្តែ​មុខ​របរ​ដាំ​ដំឡូងមី​របស់​អ្នក​ស្រុក​ភ្នំក្រវាញ មួយ​ចំនួន ប្រឈម​នឹង​ការ​ខាតបង់​ខ្ពស់ ដោយសារ​បញ្ហា​អាកាសធាតុ និង​តម្លៃ​ដំឡូង​ចុះ​ថោក​ពេល​ប្រមូល​ផល ខណៈ​ពួក​គាត់​ជាប់​បំណុល​នៅ​ធនាគារ។

តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​អ្នក​ស្រុក​ភ្នំក្រវាញ នៅ​តែ​បន្ត​ដាំ​ដំឡូង ដើម្បី​ជម្នះ​នូវ​ការ​ខាតបង់​ទាំង​នេះ?

បច្ចុប្បន្ន ផ្ទៃ​ដី​កសិកម្ម ឬ​ដី​ចម្ការ​ក្នុង​ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ មាន​ទំហំ​ធំ​ជាង​បណ្ដា​ស្រុក​ដទៃ​នៃ​ខេត្ត​នេះ ប៉ុន្តែ​ផ្ទៃ​ដី​ទាំង​នេះ​ភាគ​ច្រើន ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច និង​របស់​អ្នក​មាន​លុយ ឬ​មាន​អំណាច​មួយ​ចំនួន។ ចំណែក​អ្នក​ស្រុក​ខ្លះ​វិញ បង្ខំ​ចិត្ត​ខ្ចី​ប្រាក់​ពី​នាយ​ទុន ឬ​ធនាគារ ដើម្បី​ជួល​ដី​ចម្ការ និង​ធ្វើ​ដើម​ទុន​ដាំ​ដំឡូងមី​ជា​រៀង​រាល់​ឆ្នាំ។

កសិករ​ម្នាក់​រស់នៅ​ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ គឺ​លោកស្រី ញាណ សុខរឿន មាន​ប្រសាសន៍​ថា ដើម្បី​ចិញ្ចឹម​កូន ១០​នាក់​នៅ​ក្នុង​បន្ទុក​តែ​ម្នាក់​ឯង​ដោយ​ប្ដី​ស្លាប់​ចោល​នោះ រូប​គាត់​ត្រូវ​ជួល​ដី​គេ ១​ហិកតារ​បន្ថែម​លើ​ដី​ដែល​ខ្លួន​មាន​ស្រាប់​ទំហំ ២​ហិកតារ ដើម្បី​ដាំ​ដំឡូង។ លោកស្រី​ថា អ្នក​ចម្ការ​ដូច​គាត់​មិន​រំពឹង​អ្វី​ក្រៅ​ពី​ដាំ​ដំឡូង ឬ​សណ្ដែក​ឡើយ ខណៈ​គាត់​ជំពាក់​បំណុល​នាយ​ទុន​កាន់​តែ​ច្រើន៖ «ឆ្នាំ​ទៅ​ខ្ញុំ​ដាំ​បាន​លុយ ៧​លាន​រៀល។ ឆ្នាំ​នេះ​បាន​តែ ៥​លាន​ទេ។ ខ្ញុំ​ជំពាក់​លុយ​រដ្ឋ (លុយ​អង្គការ) និង​នាយ​ទុន។ ឥឡូវ​ហ្នឹង​គេ​ចង់​អូស​យក​ដី​ខ្ញុំ។ បើ​អត់​ដាំ​ដំឡូង​ខ្លួន​ឯង មាន​តែ​ស៊ី​ឈ្នួល​គេ ទៅ​ចោល​កូន​តូចៗ​ច្រើន»

លោកស្រី​រំឭក​ថា គ្រួសារ​គាត់​ធ្លាប់​មាន​ដី​ចម្ការ ៥​ហិកតារ តែ​ត្រូវ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច តូច ហៀវ រំលោភ​យក។ ក្រោយ​មក គឺ​នៅ​ឆ្នាំ​២០១២ ទើប​ក្រុម​និស្សិត​វាស់​ឆ្វៀល​ដី​ឲ្យ​គាត់ ២​ហិកតារ​វិញ។

ចំណែក​កសិករ ណុប ផាន ឲ្យ​ដឹង​ថា សព្វថ្ងៃ​គាត់​មាន​ដី​ចម្ការ​ក្បែរ​ផ្ទះ​មិន​ដល់ ១​ហិកតារ​ទេ ទើប​ក្នុង​មួយ​ឆ្នាំៗ​គាត់​ត្រូវ​ចំណាយ​លុយ ១​លាន​រៀល​ជួល​ដី​ទំហំ ១​ហិកតារ​កន្លះ ដើម្បី​ដាំ​ដំឡូង​បន្ថែម។ លោក​ថា ដ្បិត​ឆ្នាំ​នេះ​ដំឡូង​មិន​ខូចខាត​ច្រើន​ដោយ​គ្រោះ​ធម្មជាតិ ប៉ុន្តែ​បញ្ហា​តម្លៃ​ដំឡូង​ធ្លាក់​ចុះ​ពី ៦៦០​រៀល​ក្នុង ១​គីឡូក្រាម មក​នៅ​ត្រឹម ៤៤៧​រៀល​ក្នុង ១​គីឡូក្រាម​នៅ​ដើម​ឆ្នាំ​២០១៦ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​កសិករ៖ «ឆ្នាំ​ក្រោយ​នៅ​តែ​ធ្វើ​ទៀត បើ​មិន​ធ្វើ​គឺ​អត់ ទោះ​ខាត ឬ​ចំណេញ​ត្រូវ​តែ​ធ្វើ។ ឥឡូវ​ឲ្យ​សម្ដេច​ជួយ​ស្រែក​ឲ្យ​ដំឡូង​ឡើង​ថ្លៃ​ទៅ។ ជំពាក់​លុយ​គេ ១២​លាន​រៀល មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​បើ​ដី​ក៏​អត់ បើ​មាន​ដី​ចេះ​តែ​ដាំ​ដំឡូង​សង​គេ​បណ្ដើរៗ​ទៅ​បង»

នាយ​ទុន និង​ឈ្មួញ​កណ្ដាល បាន​ប្រមូល​ទិញ​ដំឡូងមី​ទាំង​ស្ងួត​ទាំង​សើម សម្រាប់​នាំ​ចូល​រោងចក្រ​កែច្នៃ​ចំណី​អាហារ ឬ​ចំណី​សត្វ​នៅ​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​ប្រទេស​ជិត​ខាង។ តម្លៃ​ដំឡូង​ថ្លៃ ឬ​ចុះ​ថោក គឺ​អាស្រ័យ​លើ​បរិមាណ​ដំឡូង និង​តម្រូវ​ការ​ក្នុង​របប​ទីផ្សារ​សេរី ប៉ុន្តែ​ឈ្មួញ​ប្រមូល​ទិញ​ដំឡូង​អះអាង​ថា បើ​ទោះ​បី​ជា​កសិករ​ត្អូញត្អែរ​រឿង​តម្លៃ ខ្លួន​មិន​អាច​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ថេរ​នោះ​ទេ។

ឈ្មួញ​ក្នុង​ស្រុក​ម្នាក់ គឺ​លោក នាន់ សាវី ហៅ កី ថ្លែង​ថា រយៈពេល​ពីរ​ឆ្នាំ​ហើយ​ដែល​លោក​ទិញ​ដំឡូង​នៅ​តំបន់​បឹង​ស្ដុក ឋិត​នៅ​ក្នុង​ទឹក​ដី​រដ្ឋបាល​ស្រុក​បាកាន និង​ស្រុក​ភ្នំក្រវាញ។ រាល់​ឆ្នាំ លោក​មិន​បាន​បោះ​ទុន​ជូន​កសិករ​មុន ដើម្បី​ដាំ​ដំឡូង​នោះ​ទេ គឺ​ចាំ​ដល់​រដូវ​ប្រមូល​ផល ចាប់​ផ្ដើម​ចុះ​ទិញ​តែ​ម្ដង។ លោក​ថា ក្នុង​មួយ​ថ្ងៃ​លោក​អាច​ទិញ​ដំឡូង​ស្ងួត​បាន​ជាង ២០​តោន នាំ​ចេញ​ទៅ​ថៃ តាម​ច្រក​សំពៅ​លូន ខេត្ត​បាត់ដំបង៖ «អូ! បើ​និយាយ​ទៅ​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ខ្លាំង​ណាស់ ព្រោះ​ឆ្នាំ​នេះ​តម្លៃ​ដំឡូង​ថោក។ មូលហេតុ​លុយ​បាត​ចុះ ព្រោះ​យើង​លក់​ទៅ​ថៃ ទាក់ទង​នឹង​លុយ​បាត»

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី ធ្លាប់​លើក​ឡើង​ថា កសិករ​ខ្មែរ ៨៥​ភាគរយ​មាន​ដី​ក្រោម ១​ហិកតារ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​បង្កើន​ផលិត​ភាព​កសិកម្ម។ ការ​លើក​នេះ គឺ​ត្រូវ​នឹង​ស្ថានភាព​ពិត​របស់​អ្នក​ភូមិ​ជ្រៃក្រឹម នៃ​ឃុំ​ផ្ទះរុង ជាង ៤០​គ្រួសារ ដែល​កំពុង​ខ្វះ​ដីធ្លី​ធ្វើ​កសិកម្ម ប៉ុន្តែ​មាន​កសិករ​ខ្លះ​ទទួល​បាន​ដី​ខ្លះ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មក​វិញ តាម​រយៈ​ក្រុម​និស្សិត​ចុះ​វាស់វែង។

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ លោក ឡាយ ពិសិដ្ឋ ថ្លែង​ថា ផ្ទៃ​ដី​កសិកម្ម​រួម​ក្នុង​ខេត្ត​មាន ១២​ម៉ឺន​ហិកតារ ក្នុង​នោះ​ផ្ទៃ​ដី​ដាំ​ដំឡូង​របស់​កសិករ​មាន​ជាង ២​ម៉ឺន​ហិកតារ និង​ដី​ដាំ​ដំឡូង​ក្រុមហ៊ុន​មាន​ជាង ២​ម៉ឺន​ដែរ។ លោក​ថា បច្ចុប្បន្ន​តម្លៃ​ដំឡូង​បាន​ឡើង​ដល់ ៥៣០​រៀល​វិញ​ហើយ​ក្នុង ១​គីឡូក្រាម ក្រោយ​ពី​លោក និង​អភិបាល​រង​ខេត្ត​ម្នាក់ ហៅ​តំណាង​កសិករ​ប្រជុំ៖ «កន្លែង​ខ្លះ​យើង​ឲ្យ​គាត់​ផ្អាក​លក់​សិន និង​កន្លែង​ខ្លះ​យើង​ណែនាំ​បច្ចេកទេស ដើម្បី​ឲ្យ​ប្រមូល​ផល​ដល់​ខែ​២ ឬ​ខែ​បី ព្រោះ​ខ្លះ​ប្រមូល​ពី​ខែ​មួយ​អី​មក​វា​ធ្លាក់​ថោក។ ឥឡូវ​ឡើង ៥៣០​រៀល​វិញ​ហើយ ដោយសារ​យើង​មាន​នយោបាយ​អ៊ីចឹង»

លោក ឡាយ ពិសិដ្ឋ ថា​មន្ទីរ​មិន​បាន​ស្រង់​ចំនួន​កសិករ​ខ្វះខាត​ដី​ធ្វើ​កសិកម្ម​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រដ្ឋាភិបាល ប្រជា​កសិករ​ទទួល​បាន​ដី​កសិកម្ម​ច្រើន​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។