អ្នក​ជំនាញ៖ កម្ពុជា​ត្រូវ​ការ​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​ដើម្បី​អនុវត្ត​គម្រោង​ការពារ​បរិស្ថាន

មន្ត្រី​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដែល​ហៅ​កាត់​ថា អិន.ស៊ី.ឌី.អេស (NCDS) បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា ត្រូវ​ការ​ទឹក​ប្រាក់​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​យក​ទៅ​ប្រើប្រាស់​លើ​ការ​អនុវត្ត​គម្រោង​ការពារ​បរិស្ថាន ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ ចាប់​ពី​ពេល​នេះ​រហូត​ទៅ​ដល់​ឆ្នាំ​២០១៨។

ក្រុម​អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​មក​ពី​ស្ថាប័ន​ចម្រុះ​របស់​រដ្ឋាភិបាល រួម​ទាំង​អង្គការ​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​ចំនួន​ប្រមាណ ៤០​អង្គភាព កំពុង​ជួប​ពិភាក្សា​គ្នា​រយៈពេល ២​ថ្ងៃ​នៅ​ខេត្ត​សៀមរាប ដើម្បី​រៀបចំ​ផែនការ​គម្រោង​ការពារ​បរិស្ថាន ក្នុង​ការ​រួម​ចំណែក​អនុវត្ត​ចំពោះ​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ។

ការ​ពិភាក្សា​ពិគ្រោះ​យោបល់​ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា និង​អង្គការ​រីការដូ (Ricardo) ផង បាន​ចាប់​ផ្ដើម​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មីនា។

អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដែល​ជា​អ្នក​ដឹក​នាំ​កិច្ច​ពិភាក្សា​នោះ គឺ​លោក ទិន ពន្លក។ លោក​មាន​ប្រសាសន៍​ថា ការ​អនុវត្ត​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ អាច​ជោគជ័យ​ទៅ​បាន ចាំបាច់​ត្រូវ​មាន​ការ​គាំទ្រ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ។ មន្ត្រី​ដដែល​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ ជាមួយ​អង្គការ​សហប្រជាជាតិ។ របាយការណ៍​ចុង​ក្រោយ​របស់​អង្គការ​អន្តរ​រដ្ឋាភិបាល បាន​បញ្ជាក់​កាន់​តែ​ច្បាស់​ថា ការ​បំភាយ​ឧស្ម័ន​កាន់​តែ​ខ្លាំង កំពុង​គំរាម​កំហែង​បរិស្ថាន ធ្វើ​ឲ្យ​ផែនដី​កាន់​តែ​ឡើង​កម្ដៅ ហើយ​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ ព្រម​ទាំង​សន្តិសុខ​ស្បៀង​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក៖ «អ៊ីចឹង​ហើយ​បាន​ជា​ប្រទេស​ទាំងអស់​ជា​សមាជិក​នៃ​អនុសញ្ញា​ប្រែប្រួល​អាកាសធាតុ ខិតខំ​រិះរក​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ»

នាយក​គម្រោង​នៃ​អង្គការ​អន្តរជាតិ​រីការដូ (Ricardo) លោក គ្រីស ដតវ៉ែល (Chris Dodwell) ទទួល​ស្គាល់​ថា បច្ចុប្បន្ន​នេះ កម្ដៅ​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​លើ​ផែនដី។ ដូច្នេះ វា​ជា​ពេល​ដែល​ប្រទេស​ទាំងអស់ ត្រូវ​រួម​គ្នា​ចាប់​យក​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​មក​អនុវត្ត ហើយ​ដើម្បី​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ។

ប្រធាន​នាយកដ្ឋាន​ការ​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព លោក ស៊ុំ ធី មាន​ប្រសាសន៍​ថា បញ្ហា​ដែល​ធ្វើ​ឲ្យ​ផែនដី​ឡើង​កម្ដៅ​ខ្លាំង​នេះ ដោយសារ​តែ​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក បាន​បញ្ចេញ​ចោល​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាច្រើន​បំពុល​ខ្យល់​ធម្មជាតិ ដោយសារ​តែ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដូចជា​ធ្វើ​រោងចក្រ​អគ្គិសនី និង​ការ​បំផ្លាញ​ព្រៃ​ធម្មជាតិ ដើម្បី​យក​ដី​ប្រើប្រាស់​ជាដើម៖ «ឃើញ​ថាការ​ប្រើប្រាស់​ដីធ្លី ព្រៃ​ឈើ​នៅ​កម្ពុជា ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ដែរកាល​ណា​យើង​ទុក​ព្រៃ​ឲ្យ​បាន​ច្រើន ក៏​វា​អាច​ផ្ដល់​កាបូន​សម្រាប់​ជួយ​ដល់​បរិស្ថាន​ដែរ»

រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​បញ្ហា​ប្រែប្រួល​អាកាសធាតុ គឺ​ជា​បញ្ហា​អន្តរ​វិស័យ ដែល​ត្រូវ​តែ​ដោះស្រាយ​ជា​អាទិភាព។ កម្ពុជា ត្រូវ​ការ​ទឹក​ប្រាក់​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​យក​ទៅ​ប្រើប្រាស់​ការ​អនុវត្ត​គម្រោង​ការពារ​បរិស្ថាន ដើម្បី​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ចាប់​ពី​ពេល​នេះ​រហូត​ទៅ​ដល់​ឆ្នាំ​២០១៨ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។