ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តមណ្ឌលគិរី ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ក្នុង​រយៈពេល​តែ​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច​ត្រពាំង​តឿន ក្នុងភូមិ​ក្បាលកោះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។

លោក កាន់ ពេញ អធិការ​នគរបាល​ស្រុក​កោះ​ញែក បាន​ប្រាប់​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ករណី​នេះ​កើតឡើង ដោយសារ​តែ​ម្ចាស់ផ្ទះ​បាន​ចេញ​ទៅ​ក្រៅ និង​បាន​ទុក​ក្មួយ​តូច​ម្នាក់​ឲ្យ​នៅ​ចាំផ្ទះ ខណៈ​ដែល​ពួក​គាត់​ជា​ម្ចាស់ផ្ទះ​ចេញ​ទៅ​ក្រៅ​ពេល​នោះ​ក្មួយ​របស់​គាត់​បាន​ដាំទឹក​ក្ដៅ​ដើម្បី​ឆុង​មី​ហូប ក្រោយ​ពី​ដាំទឹក​រួច​មក​ក៏​មិន​បាន​ពន្លត់ភ្លើង​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ភ្លើង​រាលដាល​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ប៉ុន្ដែ​មិន​មានការ​ជួយ​អន្ដរាគមន៍​ទាន់​ពេល​នោះ​ទេ ដោយ​ភ្លើង​ឆាបឆេះ​យ៉ាង​ខ្លះ ស្រប​ពេល​ដែល​មេឃ​កំពុង​មាន​កម្ដៅ​ក្ដៅ​ខ្លាំង​ផង​នោះ​។

លោក​អធិការ​នគរបាល​ស្រុក កៅះ​ញែក​បាន​បន្ដ​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់ផ្ទះ​មានឈ្មោះ តឿន ធូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​កសិករចំណែកឯ​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​សង់​ឡើង​ដោយ​ប្រក់​ស័ង្កសី​មាន​ទំហំ​៧​ម៉ែត្រ​គុណ​៨​ម៉ែត្រ រួម​ទាំង​សម្ភារ ដែល​ខូចខាត​នោះ​មាន អង្ករ​៥០​គីឡូ ស្រូវ​១០​បេ គោ​យន្ដ​កន្ដ្រៃ​១​គ្រឿង ឌី​ណា​ម៉ូ​ភ្លើង​១​គ្រឿង និង​មាន​សម្ភារ​ប្រើប្រាស់​ជា​ច្រើន​ទៀត​។

សូម​បញ្ជាក់​ផង​ដែរ​ថា​នៅ​រយៈពេល​រដូវប្រាំង​នេះ​ក្នុង​ខេត្តមណ្ឌលគិរី​ក៏​មាន​ករណី​អគ្គី​ភ័យ​កើតឡើង​ធ្វើ​ឲ្យ​ខូចខាត​លំនៅ​ដ្ឋា​ន​ជា​ច្រើន​ខ្នង ស្រប​ពេល​ដែល​អាកាសធាតុ​មានការ​កើនឡើង​នៃ​កម្ដៅថ្ងៃ​យ៉ាង​ខ្លាំង​ផង​នោះ​។ ជាមួយ​គ្នា​នេះ​ដែរ​លោក​អធិការ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​ខ្ពស់​ចំពោះ​ករណី​នេះ ដើម្បី​កុំ​ឲ្យ​មានការ​ខាតបង់​ទ្រព្យសម្បត្តិ ៕