ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សម្ដី ហើយ​បាន​កាប់​គូទំនាស់​២​កាំបិត​ផ្គាក់ រងរ​បូស​ធ្ងន់​ដេរ​២០​ថ្នេរ កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣​មីនា នៅ​ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។

លោក​ឈឿ​ន ប៊ុ​ន ឆ​ន អធិការ​នគរបាល​ស្រុក​កោះធំ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ នៅ ភា​រិ​ន ហៅ​តឿ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កសិករ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ អែ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា មុខរបរ​កសិករ រង​របួស​ត្រង់​បំពង់ក  និង​ខ្នង​ដេរ​ចំនួន​២០​ថ្នេរ​។ លោក​អធិការ​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា កន្លង​មក​ជន​រង​គ្រោះ និង​ជនសង្ស័យ ជា​មនុស្ស​ស្គាល់គ្នា និង​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្ដី​នឹង​គ្នា​ពី​រឿង​ចោទ​គ្នា​ពី​រឿង​ជក់​គ្រឿងញៀន  តែ​ពុំ​ធ្លាប់​បាន​វាយតប់​គ្នា​ទេ​។

លុះ​នៅ​ថ្ងៃ​ទី​១៣ ខែមីនា  ម៉ោង​៨​និង​៣០​នាទី​យប់ ជន​រង​គ្រោះ និង​ជនសង្ស័យ​ព្រមទាំង​អ្នក​ភូមិ បាន​នាំ​គ្នា​មក​មើល​គេ​ច្រៀង​អក​កា​ដង់​នៅ​ក្នុង​ពិធី​មង្គលការ​គេ​ក្នុងភូមិ​។ ពេល​នោះ​ជន​រង​គ្រោះ​បាន​សួរ​ទៅ​ជនសង្ស័យ​ថា​ហេតុ​អ្វី​ឯង​ចោទប្រកាន់​អញ​ថា​ជក់​គ្រឿងញៀន? រួច​ជន​សង​សង្ស័យ​បាន​តប​វិញ​ថា អញ​គ្រាន់តែ​និយាយ​លេង​តែ​ប៉ុណ្ណោះ ។ ពេល​នោះ​ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ជជែក​ទាស់​ពាក្យ​សម្ដី​នឹង​គ្នា​ខ្លាំង​ឡើង​ៗ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ក្បែរ​កន្លែង​រោងការ​នោះ ។ មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​ក៏​បាន​ដើរ​ត្រឡប់​វិញ​ដោយ​យក​កាំបិត​ផ្គាក់​មក​ជាមួយ​ដើរ​សំដៅ​ទៅ​រក​ជន​រង​គ្រោះ ហើយ​កាប់​ទៅ​លើ​ជន​រង​គ្រោះ ត្រូវ​ចំ​ខ្នង​មួយ​កាំបិត និង​កាប់​មួយ​កាំបិត​ទៀត ត្រូវ​ចំ​បំពង់ក ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ​រួច​ជនសង្ស័យ​បាន​កាន់​កាំបិត​រត់គេច​ខ្លួន​តែ​ម្តង​។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​ជូន​មក​ផ្ទះ និង​ហៅ​គ្រូពេទ្យ​មក​ព្យាបាល​លាងមុខ​របួស ហើយ​ដេរ​របួស​បំពង់ក​ចំនួន​២០​ថ្នេរ​។ បន្ទាប់​ពី​ទទួល​ដំណឹង​ភ្លាម​កម្លាំង​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ​។ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែមីនា ទើប​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន ។ បច្ចុប្បន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វី​ធី ៕