ពលរដ្ឋ​ជាង​៣០​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង​ផ្ដិត​មេដៃ​សុំ​អន្តរាគមន៍​ពន្លឿន​សំណើ​សុំ​ដី​សង្គមកិច្ច

ពលរដ្ឋ​ជាង ៣០​គ្រួសារ​តំណាង​ឲ្យ​ពលរដ្ឋ​ជាង ១០០​គ្រួសារ​រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ផ្ដិត​មេដៃ​រក​អន្តរាគមន៍​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល ករណី​អាជ្ញាធរ​មូលដ្ឋាន​រៃអង្គាស​ប្រាក់​ពួក​គាត់​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​២០១៤ ដើម្បី​រៀបចំ​ឯកសារ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល តាម​រយៈ​តំណាង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ម៉ុង ឫទ្ធី គ្រុប ប៉ុន្តែ​រហូត​បច្ចុប្បន្ន អ្នក​ភូមិ​ពុំ​ទាន់​មាន​ពន្លឺ​ពី​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឡើយ។

ពលរដ្ឋ​ជាង ១០០​គ្រួសារ​រស់នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ពន្លឿន​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​ក្រីក្រ​ពុំ​មាន​ដីធ្លី​ធ្វើ​លំនៅឋាន។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ពលរដ្ឋ​ទាំង​នេះ បាន​រៃអង្គាស​ប្រាក់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជា​ថ្លៃ​សេវា​រៀបចំ​ឯកសារ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច ប៉ុន្តែ​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ដី​នៅ​ឡើយ។

តំណាង​ពលរដ្ឋ លោក យុន រតនា និយាយ​ថា តំណាង​អាជ្ញាធរ​ដុង​ក្រឡ ឬ​ភូមិ​ឧបសម្ពន្ធ​រិទ្ធីសែនជ័យ លោក សុខ គឹមសេន បាន​រៃអង្គាស​ប្រាក់​ពី​ពលរដ្ឋ​កាល​ពី​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ចាប់​ពី ២​ម៉ឺន​រៀល​ដល់ ៣​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ក្រោម​ហេតុផល​រៀបចំ​ឯកសារ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច តាម​រយៈ​តំណាង​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប តែ​រហូត​បច្ចុប្បន្ន លោក​ពុំ​ទាន់​ទទួល​ដំណឹង​ស្ដីពី​លទ្ធផល​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឡើយ​ទេ។ លោក​ទាមទារ​ឲ្យ លោក សុខ គឹមសេន បំភ្លឺ​ពី​ករណី​នេះ​ឲ្យ​ច្បាស់លាស់ ទាក់ទិន​ភាព​មិន​ប្រក្រតី​នៃ​ការ​រៃអង្គាស​ប្រាក់​នោះ៖ «មាន​ឈ្មោះសុំ​ដីប្រហែល​ជា ៣០ ទៅ ៤០​គ្រួសារ។ គ្នា​អត់ អត់​មែន​ទេ អត់​មាន​ដី​នៅ។ ដល់​ពេល​ចឹង ធ្វើ​សំណើ​តាម​រយៈមេ​ភូមិ តាម​រយៈ​ប្រធាន​ស្នាក់ការ​ក្រុមហ៊ុន​ការដ្ឋានគេ​ចុះ​រៃ​លុយ​គេ​ធ្វើ​រៃ​មក​ពីរ​ដង គ្នា​ក៏​ឲ្យ​តាម​ហ្នឹង​ទៅ ប្រជាជន​អត់ ចង់​បាន​ដី។ ដល់​ឥឡូវ​អត់​បាន​អត់​បាន​អី​សោះ»

ឆ្លើយ​តប​រឿង​នេះ មេ​ភូមិ​ឧបសម្ពន្ធ​រិទ្ធីសែនជ័យ លោក សុខ គឹមសេន ទទួល​ស្គាល់​ថា លោក​បាន​រៃអង្គាស​ប្រាក់​ពី​អ្នក​ភូមិ ប៉ុន្តែ​អាជ្ញាធរ​បាន​យក​ប្រាក់​ទាំង​នោះ​ជួល​ត្រាក់ទ័រ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ចូល​តំបន់​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច។ លោក​អះអាង​ថា សំណើ​សុំ​ដី​សម្បទាន​សង្គម​កិច្ច​របស់​អាជ្ញាធរ តាម​រយៈ​បុគ្គលិក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប មាន​បញ្ហា​រាំង​ស្ទះ​ដំណើរ​ការ​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នោះ៖ «បញ្ជូន​ត្រឹម​កសិដ្ឋាន កសិដ្ឋាន​ក៏​មិន​បានបញ្ជូន​ទៅ។ យើង​បាន​ខកខាន​បញ្ហា​ចែក​ទៅ​ចឹង។ លុយ​ចំនួន​ពីរ​ម៉ឺន យើង​អត់​មាន​យក​ទៅ​ណា​ទេ យើង​យក​ធ្វើ​ផ្លូវ ជួល​អា​ត្រាក់​គេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ប្រធាន​កសិដ្ឋាន​នៃ​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដើម្បី​សុំ​ការ​អធិប្បាយ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៤ មីនា។

កាល​ពី​ឆ្នាំ​២០១២ រដ្ឋាភិបាល​សម្រេច​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ជាង ៥០​គ្រួសារ ទំហំ​ដី​ទទឹង ២៥​ម៉ែត្រ បណ្តោយ ៥០​ម៉ែត្រ​ក្នុង​មួយ​គ្រួសារ​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​សាមគ្គី តាម​សំណើ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។ បន្ទាប់​ពី​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ធ្លាប់​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ដែល​ខ្វះខាត​ដី​ធ្វើ​លំនៅឋាន អាច​ដាក់​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​មក​អាជ្ញាធរ​មូលដ្ឋាន។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូរ សំអុល យល់​ថា បើ​អាជ្ញាធរ​បាន​រៃអង្គាស​ប្រាក់​ពលរដ្ឋ​ដើម្បី​ដំណើរ​ការ​រៀបចំ​ឯកសារ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច លទ្ធផល​យ៉ាង​ណា អាជ្ញាធរ​ត្រូវ​ផ្តល់​ដំណឹង​មក​ពលរដ្ឋ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ពលរដ្ឋ​ទន្ទឹម​រង់ចាំ​លទ្ធផល​ស្ដីពី​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នោះ៖ «គាត់​មិន​គួរយក​លុយ​ពី​ប្រជាពលរដ្ឋ​ទេ ក្នុង​នាម​គាត់​អាជ្ញាធរ គាត់​គ្រាន់​តែ​ដើរ​ស្រង់​ឈ្មោះ ដូច​គាត់​ចុះ​ធ្វើ​ការ​ជាមួយ​ប្រជាពលរដ្ឋ​ដែរ។ គាត់​ស្រង់​ឈ្មោះ​អ្នក​ណាក្រីក្រ​ពិត​ប្រាកដអ៊ីចឹង​ទៅ ដាក់​ឈ្មោះ​សំណើ​សម្បទាន​សង្គមកិច្ច​តាម​លក្ខណៈ​រដ្ឋបាល​ទៅ»

ចំណុច​ដុង​ក្រឡ ភូមិ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ឆ្ងាយ​ពី​សាលា​ខេត្ត​ស្ទឹងត្រែង ជាង ៤០​គីឡូម៉ែត្រ។ ពលរដ្ឋ​រស់នៅ​ទីនោះ ភាគ​ច្រើន​ជា​ពលរដ្ឋ​ចំណាក​ស្រុក​មាន​ចំនួន ២១១​គ្រួសារ។ ចំណែក​ដី​នៅ​តំបន់​នោះ ភាគ​ច្រើន​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​វិនិយោគ​ឲ្យ​ក្រុមហ៊ុន ដូចជា ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និង​ក្រុមហ៊ុន កែវ រិទ្ធី ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។