សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រជុំ​នៅ​ប្រទេស​ហ្វីលីពីន

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន​គណបក្ស គឺ​លោក កឹម សុខា ដឹក​នាំ​កិច្ច​ប្រជុំ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្ស​សង្គ្រោះ​ជាតិ នា​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​១៤ មីនា។

មិន​មាន​ព័ត៌មាន​ច្រើន​ទេ​អំពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់ លោក សម រង្ស៊ី គ្រាន់​តែ​បង្ហោះ​វីដេអូ​ខ្លី​មួយ ពេល​ដែល​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​បើក​កិច្ច​ប្រជុំ​នោះ។

ថ្លែង​ក្នុង​ពេល​បើក​កិច្ច​ប្រជុំ​នោះ លោក សម រង្ស៊ី សរសើរ​ដល់​ការ​លះបង់​ពេលវេលា និង​ធនធាន​របស់​សមាជិក​អង្គ​ប្រជុំ ដែល​ធ្វើ​ឲ្យ​លោក​មាន​ឱកាស​បន្ត​ការងារ​ជាមួយ​សហការី ហើយ​លោក​ចាត់​ទុក​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ម៉ានីល ថា​ជា​កិច្ច​ប្រជុំ​ដ៏​មាន​តម្លៃ​មួយ៖ «ខ្ញុំ​ដឹង​ថា ការងារ​នៅ​ប្រទេស​កម្ពុជា មមាញឹក តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សមាជិក​សមាជិកា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បាន​សម្រេច​ចិត្ត​មិន​ញញើត​នឹង​ចំណាយ​ពេល​ចំណាយ​ថវិកា ដើម្បី​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​ម៉ានីឡា កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​យើង​ធ្វើ​នៅ​ប្រទេស​កម្ពុជា អ៊ីចឹង​ដែរ»

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិញ លោក កឹម សុខា ថ្លែង​ថា ការ​ជួប​ប្រជុំ​នៅ​ទីក្រុង​ម៉ានីល ជា​ការ​រំឭក​អំពី​ប្រវត្តិ​នៃ​ការ​បង្កើត​គណបក្ស៖ «ទោះ​បី​ជា​មិន​មែន​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​ក៏ដោយ តែ​ជា​ការ​រំឭក​ពី​ប្រវត្តិសាស្ត្រ ដែល​យើង​បាន​មូល​មាត់​គ្នា ឯកភាព​គ្នា ព្រមព្រៀង​គ្នា​បង្កើត​ជា​មហា​ចលនា​នយោបាយ​ដ៏​ធំ​មួយ ដើម្បី​ប្រមូល​ផ្ដុំ​កម្លាំង​អ្នក​ស្នេហា​ជាតិ អ្នក​ប្រជាធិបតេយ្យ ដែល​យើង​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១៦-១៧ ខែ​កក្កដា ឆ្នាំ​២០១២ កន្លង​មក។ ទីក្រុង​ម៉ានីល នេះ ជា​កន្លែង​មួយ​ដែល​យើង​គិត​ថា ជា​ប្រទេស​ដែល​គេ​មាន​សេរីភាព គេ​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ ហើយ​យើង​ទាំងអស់​គ្នា ក៏​ចង់​ឃើញ​ប្រទេស​កម្ពុជា ហ្នឹង ក៏​មាន​ការ​បើក​ទូលាយ​ផ្នែក​ប្រជាធិបតេយ្យ ដែល​របៀប​ដូច​នៅ​ទី​នេះ​ដែរ»

ប្រភព​ព័ត៌មាន​ទំព័រ​ហ្វេសប៊ុក លោក សម រង្ស៊ី ដដែល​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ​នេះ ចូលរួម​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។