ក្រសួង​ចំនួន​៣​ប្រកាស​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ទៅ​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ

ក្រសួង​ចំនួន​៣ ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល បាន​ប្រកាស​ថា តម្លៃ​ប្រេង​សាំង​លក់​រាយ​នៅ​តាម​ស្ថានីយ​មួយ​ចំនួន នឹង​ត្រូវ​លក់​បញ្ចុះ​ថ្លៃ​ថែម​ទៀត​ទៅ​តាម​ទីផ្សារ​អន្តរជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៤ មីនា ក្រសួង​ចំនួន​៣ ក្នុង​នោះ​រួម​មាន ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​រ៉ែ និង​ថាមពល បញ្ជាក់​ថា ប្រេង​សាំង​លក់​រាយ​ដែល​ធ្លាប់​លក់​ក្នុង​តម្លៃ​មួយ​ខ្ពស់​នោះ ចាប់​ពី​ពេល​នេះ​ទៅ គឺ​តម្លៃ​ទាំង​នោះ​ត្រូវ​បញ្ចុះ​ថ្លៃ​ហើយ។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​កំណត់​រូបមន្ត​នៃ​ការ​បញ្ចុះ​ថ្លៃ​នេះ គឺ​ប្រេង​សាំង​ស៊ុបពែរ ដែល​ធ្លាប់​លក់​ក្នុង​តម្លៃ ៣.៦៥០​រៀល ចុះ​ថ្លៃ​មក​នៅ​ត្រឹម ៣.១៥០​រៀល​ក្នុង​មួយ​លីត្រ។ តម្លៃ​ប្រេង​សាំង​ធម្មតា ចុះ​ថ្លៃ​ពី ៣.៣៥០​រៀល មក​នៅ​ត្រឹម ៣.០៥០​រៀល​ក្នុង​មួយ​លីត្រ។ ដោយឡែក​តម្លៃ​ប្រេង​ម៉ាស៊ូត​វិញ ចុះ​ថ្លៃ​ពី ៣.១០០​រៀល មក​នៅ​ត្រឹម ២.៧០០​រៀល​ក្នុង​មួយ​លីត្រ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​បន្ត​លើក​ទឹក​ចិត្ត​ចំពោះ​ស្ថានីយ​ប្រេង​ឥន្ធនៈ ដែល​ជា​ដេប៉ូ​ឯកជន​ផ្ទាល់ ដែល​ធ្លាប់​លក់​ក្នុង​តម្លៃ​មួយ​ថោក​ជាង​តម្លៃ​ដែល​បាន​កំណត់ បន្ត​លក់​ក្នុង​តម្លៃ​ថោក​ជា​បន្ត​ទៀត​ចុះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។