ពលរដ្ឋ​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន​ទាមទារ​សំណង​ប៉ះពាល់​ពី​ការ​ធ្វើ​ផ្លូវ

ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ចំនួន ១០​គ្រួសារ​ក្នុង​ចំណោម​ជាង ៣០​គ្រួសារ ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ឲ្យ​ជួយ​អន្តរាគមន៍​ពី​ការ​សាងសង់​ផ្លូវ​របស់​រដ្ឋាភិបាល​មួយ​ខ្សែ​ក្នុង​ស្រុក​នេះ ដែល​បាន​ប៉ះពាល់​ដី និង​ផ្ទះ​របស់​ពួក​គាត់ និង​ផ្ដល់​សំណង​ឲ្យ​បាន​ឆាប់​រហ័ស។ អ្នក​ភូមិ​អះអាង​ថា ការ​ប្ដឹង​នេះ ដោយសារ​អាជ្ញាធរ​ពាក់ព័ន្ធ​ពុំ​បាន​ជូន​ដំណឹង​ពី​ការ​ផ្ដល់​សំណង​ជូន​ពួក​គាត់​ឲ្យ​បាន​ដឹង មុន​នឹង​សាងសង់​ផ្លូវ​នោះ​នៅ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត រៀបរាប់​ថា ពួក​គាត់​មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ឡើយ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ ផ្ដល់​សំណង​ប៉ះពាល់​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ​នោះ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ មីនា ថា រដ្ឋាភិបាល​បាន​សង់​ផ្លូវ​មួយ​ខ្សែ​ក្នុង​ស្រុក​សំឡូត ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ចំនួន ២​ខ្នង ដែល​មាន​ផល​ដំណាំ រួម​មាន​ដើម​ស្វាយ និង​ដូង ជាដើម និង​ចូល​ដី​របស់​ពួក​គាត់​ទទឹង​ប្រមាណ ៣០​ម៉ែត្រ និង​បណ្ដោយ​ជាង ១០០​ម៉ែត្រ ដោយ​ពុំ​បាន​ផ្ដល់​សំណង​នោះ​ទេ។ អ្នក​ភូមិ​បាន​ប្ដឹង​ទៅ​សាលា​ឃុំ​មានជ័យ ដើម្បី​ឲ្យ​អាជ្ញាធរ​ផ្ដល់​សំណង​ឲ្យ​បាន​ឆាប់​រហ័ស ពីព្រោះ​ពួក​គាត់​អះអាង​ថា ផ្លូវ​ដែល​សាងសង់​នោះ​ជា​ផ្លូវ​ថ្មី​ប៉ះ​ចំ​ដី​ចម្ការ និង​លំនៅឋាន​របស់​ពួក​គាត់៖ «ដូចជា​មិន​គប្បី​សោះ​ដែល​គេ​មក​ធ្វើ​ផ្លូវ​កាប់​បំផ្លាញដើម​ឈើរបស់​ខ្ញុំ​ចោល ដោយ​គ្មាន​ផ្ដល់​សំណង​នោះ។ ពេល​ពួក​ខ្ញុំ​សួរ អាជ្ញាធរ​មូលដ្ឋាន​គាត់​ឆ្លើយ​ថា​ចាំ​ថ្នាក់​លើ​មក​ដោះស្រាយ​តែ​រហូត»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​មានជ័យ លោក យ៉ែម យ៉ន ទទួល​ស្គាល់​ថា ការ​សាងសង់​នោះ​ពិត​ជា​ប៉ះពាល់​ដី និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប្រាកដ​មែន ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​អាជ្ញាធរ​សម្រេច​ឲ្យ​សាងសង់​ផ្លូវ ដោយ​មិន​បាន​ផ្ដល់​សំណង​ជូន​ពលរដ្ឋ ពីព្រោះ​ធ្វើ​ឡើង​ដោយ​បន្ទាន់​ពេក ហើយ​លោក​ថា​នឹង​ផ្ដល់​សំណង​ប៉ះពាល់​ជូន​ពួក​គាត់​នៅ​ពេល​ក្រោយ៖ «បាទ! ខ្ញុំ​បាន​បញ្ជូនរឿង​នេះ​ដាក់​ទៅ​សាលា​ស្រុករួច​ហើយ ដើម្បី​ឲ្យ​គាត់​បញ្ជូន​បន្ត​ទៅ​ថ្នាក់​លើ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​សាងសង់​ផ្លូវ​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​ផ្ដល់​សំណង​ប៉ះពាល់​ជូន​ពលរដ្ឋ​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ។ ម្យ៉ាង​ទៀត លោក​ពន្យល់​ថា មុន​នឹង​សាងសង់​ផ្លូវ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​ជូន​ដំណឹង​ពី​ការ​ផ្ដល់​សំណង​ឲ្យ​បាន​ច្បាស់លាស់​ដល់​ប្រជាពលរដ្ឋ​ដែរ ពុំ​មែន​ចាប់​ផ្ដើម​សង់​ផ្លូវ​ហើយ ទើប​ផ្ដល់​ដំណឹង​ដល់​ពួក​គាត់​តាម​ក្រោយ​នោះ​ទេ៖ «ពីព្រោះ​មុន​នឹង​គេ​ចាប់​ផ្ដើម​សាងសង់​ផ្លូវ គេ​បាន​សិក្សា​គម្រោង​ប៉ះពាល់​រួច​មក​ហើយ។ យើង​មិន​អាចទទួល​យកបាន​ទេ​នៅ​អ្វី​ដែល​អាជ្ញាធរ​មាន​ប្រសាសន៍​នោះ»

ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​នៅ​ស្រុក​សំឡូត មាន​ទទឹង ៩​ម៉ែត្រ និង​ប្រវែង​ជាង ៥០​គីឡូម៉ែត្រ ដោយ​ចេញ​ពី​ចំណុច​ផ្សារ​ជាវ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ឆ្ពោះ​ទៅ​ច្រក​៤០០ ស្រុក​សំឡូត ជាប់​ព្រំដែន​ប្រទេស​ថៃ។ ផ្លូវ​នេះ​ប៉ះពាល់​ដី​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៣០​គ្រួសារ​ក្នុង​ឃុំ​ចំនួន​៣ គឺ​ឃុំ​មានជ័យ ឃុំ​អូរសំរិល និង​ឃុំ​សាញ។ មេ​ឃុំ​មានជ័យ អះអាង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន តែ​ពុំ​ដឹង​ថា ចំណាយ​អស់​ថវិកា​សាងសង់​ប៉ុន្មាន​នោះ​ទេ។ ការ​សាងសង់​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​២០១៦ និង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ប្រមាណ ៣​ឆ្នាំ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។