ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តពោធិ៍សាត់ ៖ ករណី​ភ្លើង​ឆេះ​រថយន្ដ​ចំនួន​២៧​គ្រឿង​នៅ​ក្នុង​បរិវេណ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំក្រវាញ កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៦ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។ រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​ពី​ឈ្មួញ​រកស៊ី​ខុសច្បាប់ កន្លង​មក​មាន​រថយន្ត​មួយ​ចំនួន​ដែល​ដាក់​តម្រៀប​គ្នា​នៅ​ក្នុង​បរិវេណ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំក្រវាញ​នោះ​។

គេ​មិន​បានដឹង​ថា អគ្គិភ័យ​នេះ​បង្ក​ឡើង​ដោយសា​អ្វី​នោះ​ទេ ព្រោះ​កន្លែង​រដ្ឋបាល​ព្រៃឈើ​នោះ​មាន​របង​ថ្ម​ព័ទ្ធ​ជុំវិញ​ទាំងអស់ គឺ​ធានា​សុវត្ថិភាព​បំផុត​។ ប៉ុន្តែ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា របង​ថ្ម​នោះ​មាន​ប្រហោង​មួយ​សម្រាប់​បង្ហូរទឹក​ចេញ​ទៅ​ក្រៅ ដូច្នេះ​អាច​បណ្ដាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​រាល​ចូល​មក​ដល់​ខាងក្នុង​។

ទាក់ទិន​នឹង​ករណី​ភ្លើង​ឆេះ​រថយន្ត​ក្នុង​រដ្ឋបាល​ព្រៃឈើ​ដ៏​ចម្លែក​នេះ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​ចំនួន​បាន​ចេញ​ទៅ​បំពេញការងារ​នៅ​ខាងក្រៅ និង​មាន​មន្ដ្រី​ប្រចាំការ​ប្រហែល​២​ទៅ​៣​នាក់​ប៉ុណ្ណោះ​។ ខណៈ​ពេល​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កំពុង​បំពេញការងារ​នៅ​ក្នុង​ការិយាល័យ​នោះ លុះ​ពេល​ចេញ​មក​ក្រៅ​ស្រាប់តែ​ឃើញ​ភ្លើង​កំពុង​ឆេះ​រថយន្ត ក៏​មានការ​ភ្ញាក់​ផ្អើ្ត​ល​តែ​ម្ដង​។

ភ្លាម​ៗ​នោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក៏បាន​ទំនាក់ទំនង​ទៅ​រថយន្ត​ដឹក​ទឹក​ឯកជន​ឲ្យ​មក​ជួយ​ពន្លត់​។ អគ្គិភ័យ​ឆាបឆេះ​នេះ​ធ្វើ​ឱ្យ​ខូច​ខាត​រថយន្ដ​ចំនួន​២៧​គ្រឿង  រទេះ​ចំនួន​៣​គ្រឿង និង​ឈើប្រណិត​អស់​មួយ​ចំនួន​។ ទោះបីជា​មន្ត្រី​មេព្រៃ​ខាងលើ​អះអាង​បែប​នេះ​ក្ដី ប៉ុន្តែ​បើ​តាម​មតិ​មហាជន​ខាងក្រៅ​និយាយ​ថា ករណី​នេះ​អាច​បណ្ដាល​មក​ពី​ពួក​ឈ្មួញ​រកស៊ី​ដឹកឈើ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​រទេះ និង​រថយន្ដ​កន្លង​មក មានការ​ខឹងសម្បា​រក៏លួច​ចូល​មក​ដុត​បំផ្លាញ​ចោល​តែ​ម្ដង​ទៅ ព្រោះថា​កន្លង​មក​មន្ត្រី​មេព្រៃ​នៅ​ទីនោះ​មិនសូវ​ឃើញ​នៅ​កន្លែង​ឲ្យ​បាន​ជាប់លាប់​នោះ​ទេ ក្រៅពី​អ្នក​ដាំ​ស្ល​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា​ក្ដី​គ្រាន់តែ​ជា​ការ​សង្ស័យ​របស់​មហាជន មិនមែន​ជា​ព័ត៌មាន​ច្បាស់ការ​នោះ​ទេ រីឯ​រឿង​ពិត​យ៉ាងណា​នោះ គឺ​ទុក​ឱ្យ​សមត្ថកិច្ច​ជា​អ្នក​ស្រាវជ្រាវ​៕