ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្ដិច ថ្ងៃ​ទី​១៤ ខែមីនា មាន​ករណី​ប្លន់​យក​ម៉ូតូ​ម៉ាក​គូប​ជ្រុង​មួយ​គ្រឿង​ទៅ​លើ​យុវជន​ម្នាក់​បាន​សម្រេច ដោយ​ក្រុម​ចោរ​មាន​គ្នា​៦​នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ  រាជធានី​ភ្នំពេញ​។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​គូប​ជ្រុង​មួយ​គ្រឿង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 1V-2513 ឈ្មោះ គឹ​ម ចាន់​ដា​រា អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

ប្រភព​បាន​បន្ដ​ថា ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង បម្រុង​ទៅ​យក​សង្សា​ដើរ​លេង តែ​ទៅ​មិន​ទាន់​ដល់​គោលដៅ​ផង ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ ក៏​លេចមុខ​ជនសង្ស័យ​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ បាន​ជិះ​ស្ទាក់​ពីមុខ​ជន​រង​គ្រោះ ហើយ​បាន​កាប់​ជន​រង​គ្រោះ​ចំ​ខ្នង​បណ្ដាល​ឲ្យ​រង​របួស ។ ក្នុង​ស្ថានភាព​ដែល​ជន​រង​គ្រោះ​កំពុង​ភិតភ័យ ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​លើក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។ បន្ទាប់​មក​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច  ចុះ​អន្ដរាគមន៍ ហើយ​នាំ​យក​ជន​រង​គ្រោះ​មក​ប៉ុស្ដិ៍​នគរបាល​ច្រាំង​ចំរេះ​១ ដើម្បី​ដាក់​ពាក្យបណ្ដឹង​ស្វែងរក​ម៉ូតូ​របស់​ខ្លួន​វិញ ៕