ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជ្រៃ​បាក់ និង​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ បាន​សម្ដែង​នៅ​ការ​ព្រួយ​បាន​រម្ម និង​ខកចិត្ត​ជា​ខ្លាំង ដោយសា​តែ​ម្ចាស់​ដី​បាន​យក​លូ​ដែល​មានមុខ​កាត់​១​ម៉ែត្រ​រៀប​ជា​២​ជួរ​ដាក់​ក្នុង​ប្រឡាយ​ទឹក​មួយ​ខ្សែ​ប្រវែង​ជាង​១០០​ម៉ែត្រ ជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ដើម្បី​ចាក់​ដី​លុប​ប្រឡាយ​ធ្វើ​ជា​ភូមិ​គ្រិះ ឬ​ស្ថា​នី​យអ្វីមួយ បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​មានការ​រាំងស្ទះ​ផ្លូវទឹក និង​បង្ក​ការ​លិចលង់​ដល់​ស្រូវ​របស់​ពួក​គាត់​រាប់​ពាន់​ហិ​កតា​ជាក់​ជា​ពុំខាន​។

លើស​ពី​នេះ​ទៀត​ម្ចាស់​ដី​ខាងលើ​បាន​កាប់​ដើមឈើ​ដែល​មាន​អាយុ​ជាង​៣០​ឆ្នាំ បំផ្លាញ​ចោល​មួយ​ចំនួន​ថែម​ទៀត ប៉ុន្តែ​ករណី​នេះ​បាន​កើតឡើង​ជិត​១​ខែ​មក​ហើយ ដែល​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ណា​ឡើយ​។ ក្រោយ​ពី​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​ពួក​គាត់​មានការ​ព្រួយបារម្ភ​ទាក់ទង​នឹង​ករណី​រំលោភ​ខាងលើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៦​នេះ ក្រុម​អ្នក​យក​ព័ត៌មាន​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​ផ្ទាល់​នៅ​ចំណុច​ខាងលើ និង​បាន​ពិនិត្យ​ឃើញ​ថា ដើម​អាកា​ស្យា​ធំ​ៗ​ប្រមាណ​ជិត​៤០​ដើម​នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ ដើម្បី​ដាំ​ទប់ ការពារ​ការ​បាក់​ដី​នៅ​រដូវវស្សា ត្រូវ​បាន​ម្ចាស់​ដី​លួច​កាប់​បំផ្លាញ និង​ដឹក​យក​ទៅ​អស់​មិន​មាន​អ្នក​ណា​ទប់ស្កាត់​នោះ​ឡើយ​។

ករណី​នេះ គឺជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ប្រឡាយ​ទឹក​មួយ​ខ្យែ​នេះ នៅ​ខែវស្សា​ពេល​មាន​ទឹកភ្លៀង​ធ្លាក់​ខ្លាំង នៅ​បែក​ខាងលើ​ម្តង​ៗ​ស្រែ​របស់​គាត់​ត្រូវ​ជន​លិច​រាល់​ឆ្នាំ ទម្រាំ​មានការ​រំលោភ​ចាក់​ដី​ដាក់​លូ​តូច​ៗ​បែប​នេះ​ពី​ត​ជា​ធ្វើ​ឱ្យ​ស្រែ​ពួក​គាត់​នឹង​ត្រូវ​ជន់​លិច​ខ្លាំង​ជាង​នេះ ធ្វើ​ឱ្យ​ស្រូវ​ពួក​គាត់​ខូចខាត​ជា​ពុំខាន ។ ម្យ៉ាងវិញទៀត​នៅ​រដូវ​ទឹក​ស្រក ប្រឡាយ​ទឹក​នេះ​ក៏​ជា​ផ្លូវទឹក​មួយ​ដ៏​សំខាន់​ដែរ ដែល​គេ​អាច​ទប់ទឹក​ស្ទឹង​ឱ្យ​ហូរ​ចូល​ទៅ​ប្រឡាយ​ទឹក​នេះ ដើម្បី​ទៅ​ស្រោចស្រព​ផ្ទៃដី​ស្រែប្រាំង​រាប់​ពាន់​ហិ​កតា​នៅ​ក្នុង​ឃុំ​ជ្រៃ​បាក់ និង​ឃុំ​គោក​បន្ទាយ​ទៀត​ផង​។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម មាន​ប្រសាសន៍​ប្រាប់​តាម​ទូរ​សព្ទ័​ថា រឿង​នេះលោក​បាន​ទំនាក់ទំនង​ទៅមន្ទីរ​សារ​ធា​រណការ ហើយ​គេ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ដាក់​ប្រព័ន្ធ​លូ​នេះ​មិន​មាន​ផ្ដល់​ផល​ប៉ះពាល់​នោះ​ទេ ព្រោះ​ខាង​ជំនាញ​បាន​ទៅ​ពិនិត្យ​មើល​រួច​ហើយ​។ ដោយឡែក លោក កែវ ពៅ ប្រធាន​មន្ទីរ​សារ​ធា​រណការ បានឱ្យ​ដឹង​ថា រឿង​ដើម​អាកា​ស្យា ខាង​លោក​បាន​ហៅ​ម្ចា​ស់​ដី​មក​ធ្វើ​កិច្ចសន្យា​ឱ្យ​ដាំ​សង​វិញ ចំណែក​រឿង​លូ គឺ​ឱ្យ​ដាក់​មុខកាត់​១​ម៉ែត្រ និង​ដាក់​លូ​ភ្លោះ​។ តាម​ការ​រាយការណ៍​របស់​ការិយាល័យ​សារ​ធា​រណការ គឺ​ម្ចា​ស់​​ដី​កាប់​ហើយ​ទើបបាន​ខាង​ស្រុក​រាយ​ការ​ណ៍ នៅ​រសៀល​នេះ​លោក​នឹង​ឱ្យ​មន្ត្រី​ទៅ​ពិនិត្យ​មើល ព្រោះ​លោក​ជាប់​ធ្វើ​សន្និបាត​រយៈពេល​៣​ថ្ងៃ​។

ដោយឡែក​លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា រឿង​នេះ​សូម​ទៅ​សួរទៅ​ខាង​មន្ទីរ​សារ​ធា​រណការ តែ​តាម​ការ​ឱ្យ​ដឹង​មានច្បាប់​ស្នើ​សុំ​ត្រឹមតែ​ចាក់​ដី​ទេ គ្មាន​ច្បាប់​​សុំ​ធ្វើ​ស្ថា​នី​យ​ប្រេង​ឡើយ គឺ​នៅ​មិន​ទាន់​មានច្បាប់​ទេ ហើយ​រឿង​កាប់​ដើមឈើ គឺ​កាប់​ស្រេច​តែ​ចិត្ត​គេ​ទេ គេ​លួច​កាប់​ទាំង​យប់​មិន​បាន​រាយការណ៍​ជូន​ដល់​អាជ្ញាធរ​ដែនដី​ទេ​។ ម្ចាស់​ដី​ខាងលើ​មានឈ្មោះ ភុំ ប៊ុ​ណ្ណា​ក់ រស់នៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ តែ​ប្រជាពលរដ្ឋ​ខាងលើ​បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​ហាមឃាត់​ការ​ចាក់​ដី​លុប​ប្រឡាយ​តាម​ថ្នល់ជាតិ​នេះ​ជា​ដាច់ខាត ព្រោះ​បើ​ម្ចាស់​ដី​ខាងលើ​ធ្វើ​បាន​មែន​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្រូវ និង​ភូមិឋាន​របស់​ពួក​គាត់​រាប់​ពាន់​ហិ​កតា​ជា​ពុំខាន​។

តាម​មន្ត្រី​របស់​មន្ទីរ​សារ​ធា​រណការ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ ការ​សាងសង់​ភូមិដ្ឋាន​ត្រូវ​មាន​គំលាត​ផ្លូវជាតិ​ប្រវែង​៣០​ម៉ែត្រ ប៉ុន្តែ​ជាក់ស្តែង​ការ​សាងសង់​រៀបចំ​ប្រព័ន្ធ​លូ​នៅ​ចំណុច​ខាងលើ​នេះ មាន​គំលាត​ពី​អ័ក្ស​ផ្លូវជាតិ​លេខ​៥ មិន​បាន​១០​ម៉ែត្រ​នោះ​ទេ គួរតែ​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ចុះ​មក​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ផង ៕