ត្រៀម​​ថ្នាំ​អា​ប៊ែ​ត​១៥​តោន និង​បាញ់​ថ្នាំ​​សម្លាប់មូសខ្លា​​ ​នា​រដូវវស្សា​ខាង​មុខ​នេះ​

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ត្រៀម​ដាក់​ថ្នាំ​អា​ប៊ែ​ត​ចំនួន​ពី​១៤​ទៅ​១៥​តោន ​និង​បាញ់ថ្នាំ​នៅ​តាម​មូល​ដ្ឋាន​​សង្កាត់ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​រដូវភ្លៀង​ធ្លាក់​ឆាប់​ៗ​នា​ពេល​​ខាង​មុន​នេះ ដើម្បី​បង្ការនិង​ទប់ស្កាត់​ការ​រាតត្បាត​​ជំងឺ​គ្រុនឈាម​ដែល​បង្ក​ឡើង​ដោយ​មូស​ខ្លា​ ។

លោក ​សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​រយៈ​ទូរ​ស័ព្ទនៅ​ថ្ងៃ​ទី​១៤ ​មីនា​ ២០១៦ ​នេះ​ ថា នៅ​ក្នុង​រដូវភ្លៀង​ធ្លាក់​ខាង​មុន​នេះ​មន្ទីរ​បាន​ត្រៀម​ថ្នាំ​អា​ប៊ែ​ត​រួចរាល់អស់ហើយ គឺ​ប្រមាណ​១៥​តោន​ ដើម្បី​ផ្តល់​ឲ្យ​ភ្នាក់ងារ​សុខាភិបាល​នៅ​​​មន្ទីរពេទ្យបង្អែក​តាម​មូលដ្ឋាន​សង្កាត់​ចែក​ជូន​ប្រជាពលរដ្ឋ​ដាក់​តាម​ខ្នង​ផ្ទះ ដើម្បី​រួមចំណែក​ទប់ស្កាត់​បង្កា​រការពារ​មូស​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​កុំ​ឲ្យ​ផ្ទុះ​ឡើង​ ។

លោក​បន្ត​ថា ការ​ផ្តល់​ថ្នាំ​អា​ប៊ែ​ត​នេះ គឺ​​សម្រាប់​​តែ​ចែក​ជូន​ប្រ​ជ​ពលរដ្ឋ​រស់នៅ​សង្កាត់​/ខណ្ឌ ជាយក្រុង​ប៉ុណ្ណោះ ខណៈ​ដែល​លំនៅ​​ឋាន​​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​​សម្បូរ​​​ទៅ​ដោយ​ព្រៃ បឹង អូរ ព្រែក ស្ទឹង ថ្លុក ត្រពាំង ស្រះ​ទឹក និង​ទឹក​អណ្តូង​ជាដើម ។ ​ចំណែក​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​វិញ ពុំ​សូវ​​ជា​មាន​បញ្ហា​ចោទ​ឡើយ​ដោយ​សារ​ពួក​គាត់​ភាគច្រើន​ប្រើ​ប្រាស់​ទឹក​ម៉ាស៊ីន ដែល​មាន​ថ្នាំ​លាយ​សម្លាប់​មេរោគ​ស្រាប់ ៕​

ព័ត៌​មានលម្អិត​មាន​ផ្សាយជូន​នៅលើទំព័រ​កាសែត​កោះ​សន្តិភាព​