ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ពេល​ឃាត់​រថយន្ត​ដឹក​ក្រ​ញូ​ង

ខេត្តស្ទឹងត្រែង ៖ កាលពី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ចំការ​តា​ហូ​វ ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង​ក្រុង​ស្ទឹង​ត្រែង មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​រវាង​សមត្ថកិច្ច ទៅ​លើ​រថយន្ត​ដឹកឈើ​ក្រ​ញូ​ង​។ ប្រភព​ព័ត៌មាន​ឲ្យ​បានដឹង​ថា​នៅ​ពេល​យប់ មាន​ក្រុម​រថយន្ត​ស៊េរី​ទំនើប​ជា​ច្រើន​គ្រឿង​បើក​ខ្វាត់ខ្វែង នៅ​លើ​ផ្លូវជាតិ​លេខ​៩ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មួយសន្ទុះ​ក្រោយមក​មាន​រថយន្ត​សមត្ថកិច្ច​ប្រដេញ​រថយន្ត​ពីរ​គ្រឿង​មាន​រថយន្ត​ហា​យ​លែ​ន​ឌ័​រ និង​រថយន្ត​កាម​រី​បា​ឡែ​ន ពេល​ដែល​រថយន្ត​សមត្ថកិច្ច​ចេញ​តាម​កាក់​រថយន្ត​សង្ស័យ​នោះ ក្រុម​ជនល្មើស​បាន​គៀ​រថយន្ត​សមត្ថកិច្ច​ស្ទើរ​ក្រឡាប់​ទើប​មានការ​ផ្ទុះអាវុធ​ពី​សមត្ថកិច្ច​ទៅ​លើ​រថយន្ត​នោះ ទើប​មានការ​បញ្ឈប់​សកម្មភាព​រថយន្ត​នោះ​បាន​។

ប្រភព​ដដែល​បន្ត​ថា​រថយន្ត​ដឹកឈើ​ក្រ​ញូ​ង​ទាំងនោះ​បាន​ចេញពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅ​ខេត្តរតនគិរី តែ​ត្រូវ​បែកការ​ដល់​សមត្ថកិច្ច​ទើប​មានការ​ប្រដេញ​ចាប់​បែប​នេះ​។ ប្រភព​ដដែល​បន្ត​ថា​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ ទាំង​រថយន្ត​ប្រព្រឹត្ត​បទល្មើស និង​រថយន្ត​សមត្ថកិច្ច​សុទ្ធតែ​ប្រើប្រាស់​ល្បឿន​លើ​ន​ជាង​១៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ មន្ត្រី​នគរបាល​ការិយាល័យ​កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ប បាន​ឲ្យ​ដឹង​ថា​ក្រោយ​ការ​ដេញចាប់​រថយន្ត​ដឹង​ឈើ​ក្រ​ញូ​ង​នោះ មាន​រថយន្ត​មួយ​គ្រឿង​ត្រូវ​ចាប់​បាន​នៅ​ចំណុច​ក្នុង​គីឡូម៉ែត្រ​លេខ​៨​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ក្បែរ​ផ្លូវជាតិ​លេខ​៧ និង​មួយ​គ្រឿង​ទៀត​ក្បែរផ្លូវ​បំបែក​ព្រះ​វិហារ​ផ្លូវជាតិ​លេខ​៩ ។

មន្ត្រី​ដដែល​បន្ត​ថា​ក្រោយ​ការ​កាក់ រថយន្ត​ទាំងនោះ​ក្រុម​អ្នក​ពាក់ព័ន្ធ​បាន​រត់គេច​ខ្លួន​ចោល​រថយន្ត​ទាំងអស់​។ ក្រោយ​ពេល​កើតហេតុ​នោះ​កម្លាំង​នគរបាល​ការិយាល័យ​កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​នាំ​យក​វត្ថុ​តាង​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៦ នគរបាល​បាន​ធ្វើការ​ថ្លឹង និង​រៀបចំ​នួន​ដុំ​ឈើ​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នគរបាល​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់ និង​ទទួល​វត្ថុ​តាង ដោយឡែក​រថយន្ត​ត្រូវ​បាន​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំណែក​ឈើ​ក្រ​ញូ​ង​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។ មន្ត្រី​ដដែល​បន្ត​ថា ឈើ​ដែល​ត្រូវ​ដកហូត​នោះ​មាន​ចំនួន​៩៣​ដុំ​ស្មើនឹង​១,៥៤០​គីឡូក្រាម បច្ចុប្បន្ន​កំពុង​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​៕