​បាល់​ទះ​ពាន Leo Cup រក​ឃើញ​ក្រុម​ខ្លាំង​នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ

ការ​​ប្រកួត​​បាល់​​ទះ​​ថ្នាក់​ជាតិ​ដណ្តើម​ពាន​រង្វាន់ស្រាបៀ​រលីអូ ប្រចាំ​​ឆ្នាំ​២០១៦ (Leo Cup National Volleyball 2016) ​បានរក​ឃើញ​បេក្ខភាព២​ក្រុម​ដែល​ឈ្នះ​កៅអី​​ប្រចាំ​នៅ​មណ្ឌល​​ខេត្ត​ព្រះ​សីហនុ ដើម្បី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត បន្ទាប់​ពី​ចំណាយ​ពេល​ប្រកួត​អស់​៦​ថ្ងៃ និង​ត្រូវ​បាន​បញ្ចប់ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ម្សិល​មិញ។

leo-1

នៅ​ក្នុង​ការ​ប្រកួត ដែល​ធ្វើ​នៅ​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ នៃ​ទឹក​ដី​ខេត្ត​ព្រះសីហនុ នេះ​ក្រុម​ Aqau Family Resort  និង​ក្រុម​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ ដែល​ឈរ​នៅ​ពូល​A​ជាមួយ​គ្នា​នោះ គឺ​ជា​បេក្ខភាព ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត​ប្រចាំមណ្ឌល​ខេត្ត​ព្រះសីហនុ​នេះ បន្ទាប់​ពី​ក្រុម​ទាំង​២ បាន​​ទម្លាក់​ក្រុម​ទាំង​២​មក​ពី​ពូល​B ក្នុងការ​ប្រកួត​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដើម្បី​ឡើង​មក​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ។ ​ក្រុម​ Aqau Family Resort  ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ប្រចាំ​ពូល​A តាម​រយៈ​ការយក​ឈ្នះ​លើ​ក្រុមទាំង​៣ ​ឈរ​នៅពូល​ជាមួយ​គ្នានោះ បាន​យក​ឈ្នះ​ក្រុម​លេខ​២​ពូល​B វិទ្យាល័យ​ហ៊ុន​សែន​កំពុង​សិលា ៣​សិត​ទល់​នឹង​០(៣-០) នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​ក្រុមកងពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ បានយក​ឈ្នះ​ក្រុម​លេខ​១​ពូល​B ឆ្នេរ​ស្អាត ក្នុង​លទ្ធផល ៣-២ ទាំង​លំបាក។

leo-2

ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ កាល​ពីល្ងាច​ថ្ងៃ​អាទិត្យ ម្សិល​មិញ ​ក្រុម Aqau Family Resort  បាន​ចាញ់​ក្រុមកង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ ៣-០ ដាច់​តែ​ម្តង គឺ​ជាមួយ​គ្រាប់​បាល់​ ២៥-២១ ២៦-២៤ និង ២៥-១៥ ខណៈ​ការ​ជួប​គ្នា​វគ្គ​ជម្រុះ​ក្នុង​ពូល Aqau Family Resort  ធ្លាប់​ឈ្នះ ៣-១។ រីឯ​ក្រុម​ឆ្នេរ​ស្អាត ដែល​ធ្លាប់​ឈ្នះ​ក្រុម​វិទ្យាល័យ​ហ៊ុនសែន​កំពុង​សិលា ៣-០ នៅ​វគ្គ​ជម្រុះ​នោះ ក៏​បាន​ចាញ់​ក្រុម​កំពុង​សិលា ៣-២ ក្នុង​ការ​ប្រកួត​ដណ្តើម​យក​លេខ​៣ និង​លេខ​៤ ផង​ដែរ។

តាម​រយៈ​លទ្ធ​ផល​នេះ​ក្រុម Aqau Family Resort  និង​ក្រុម​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ ត្រូវ​ដឹក​នាំ​ឡើង​ទៅ​ប្រកួត​វគ្គ​ដំណាក់កាល​ផ្តាច់​ព្រ័ត្រក្នុង​កម្រិត Division B ជាមួយ​ក្រុម​ចំនួន​៨​មក​ពី​ពូលចំនួន​៤​ទៀត ខណៈ​មណ្ឌល​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ការ​ប្រកួត​មុន​គេ គឺ​នៅ​សល់​តែ​មណ្ឌល​ខេត្ត​បាត់ដំបង កំពង់​ចាម និង​មណ្ឌល​ខេត្ត​សៀម​រាប​ទៀត​ប៉ុណ្ណោះ៕

leo-3

leo-4

leo-5