សង្វៀន​ជល់​មាន់ បង្កប់​ល្បែង​អាប៉ោង​ដុះ​ស្លែរ​របស់​នាយទាហាន​ស​ក្ត័​៤​ម្នាក់​នៅតែ​បើក​លេង​យ៉ាង​គគ្លើន​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប

​ខេត្តកំពង់ឆ្នាំង​៖ វង់ល្បែង​ជល់​មាន់ និង​អាប៉ោង​ដុះ​ស្លែដ៍​ធំ​ដែល​បាន និង​កំពុង​ចល័ត​នៅក្នុង​ទឹកដី​កំពង់ឆ្នាំង កំពង់ ស្ពឺ និង​កណ្តាល របស់​ទាហាន​ស័​ក្ត​៤​ម្នាក់​ឈ្មោះ សូ ឆ​ង នៅតែ​ចល័ត​លេង​ក្នុង​ទឹកដី​៣​ខេត្ត ដដែល​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​គេ​បាន​នោះឡើយ បន្ទាប់ពី​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ម្តង នៅ​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៦​រួចមក​នៅក្នុង​វាល​ឥន្ទ្រី ក្នុងភូមិ​ព្រះ​ស្រែ ស្រុក​កំពង់ត្រឡាច ។​ ​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បានអោយដឹងថា​៖ លោក សូ ឆ​ង ជា​មេ​ល្បែង​បាន​ដក​វង់ល្បែង​ជល់​មាន់ និង​អាប៉ោង​ចាប់តាំងពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៦​មក បាន​ចូលទៅ​បើក​លេង​នៅ​ចំណុច​ខាងក្រោយ​រោងចក្រ​ត្រី​ឡរ ខាងកើត​ផ្លូវជាតិ​លេខ​៥១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពុទ្រា ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល ជាប់​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ ហើយ​គេ​ប្រកាស​លេង​រយៈពេល​១​សប្តាហ៍​តែម្តង ដោយ​មិន​ខ្លាចក្រែង​អាជ្ញាធរ ឬ​សមត្ថកិច្ច​អង្គភាព​ណា​ឡើយ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦​នេះ គេ​បាន​ចល័ត​មកលេង​នៅ​ចំណុច​ក្រោយ​វត្ត​សំណរ ស្ថិតក្នុង​ភូមិ​ព្រះ​ស្រែ ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​វិញ​ដដែល គឺ​នៅជាប់​និង​ព្រំប្រទល់​ខេត្តកណ្តាល ហើយក៏​គ្មាន​សមត្ថកិច្ច​ណា​មក​រំខាន​គេ​ដែរ​។​

​ប្រជាពលរដ្ឋ​បាន​បន្តថា​៖ ឈ្មោះ សូ ឆ​ង នេះ មិន​ត្រឹមតែ​បើក​វង់ល្បែង​ជល់​មាន់ និង​លេង​អាប៉ោង​ដ៍​ធំ​ទាំង​៣​ខេត្ត​នោះទេ គេ​ថែមទាំង​បាន​បើក​វង់ល្បែង​បៀ និង​អាប៉ោង នៅក្នុង​ផ្ទះជួល​របស់គេ​ក្នុង​មួយ​យប់ៗ​សឹងតែ​ទល់​ភ្លឺ​ថែមទៀត​ដោយ​មិនមាន​អ្នកណា​ហ៊ាន​រំខាន​ឡើយ ដែល​ផ្ទះមួយ​នេះ​ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​ដោយឡែក វង់ល្បែង​ជល់​មាន់​នេះ​មានការ​ចាក់​ភ្នាល់​ចាប់ពី​១​ពាន់​ដល់​៥​ពាន់​ដុល្លា ក្នុងពេល​ជល់​មាន់​១​គូៗ​របស់​ម្ចាស់​វង់ល្បែង សូ ឆ​ង​នេះ​ហើយក៍​នៅមាន​ការបាញ់​អាប៉ោង​ដ៍​ធំ​នៅ​ទីនោះ​ផងដែរ ដែល​កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៦ ត្រូវបាន​ក្រុម​អ្នកសារព័ត៌មាន​១​ក្រុម​មាន​៥​អង្គភាព បាន​ទៅ​ផ្តិត​យក​រូបភាព​តាម​ការរាយការណ៍​រប​ស់​ប្រជាពលរដ្ឋ ហើយ​ត្រូវបាន​លោក សូ ឆ​ង និង​បក្ខពួក​គំរាម​វាយ និង​បាញ់សម្លាប់​អ្នកកាសែត​ទៀតផង​។ ហើយ​បន្ទាប់មក​មានការ​បញ្ជា​អោយ​បង្ក្រាប​ពី​លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង និង​លោក ប្រាក់ វុទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ដោយ​ចាប់បាន​អ្នកលេង​ល្បែង​ចំនួន​២​នាក់ ម៉ូតូ​១០​គ្រឿង សង្វៀន​ជល់​មាន់​១ តុ​បាញ់អាប៉ោង​ធំ​១ មាន់​ជល់​១​ក្បាល និង​សម្ភារៈ​មួយចំនួនទៀត​។​

​ទាក់ទង​នឹង​ការបង្ក្រាប​កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៦​កន្លងមកនេះ នៅវេលា​ម៉ោង​៣​និង​០៥​នាទី​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ លោក ពេជ្រ រ៉ី នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានបញ្ជាក់​អោយដឹងថា​៖ មនុស្ស​ញៀន​ល្បែង​២​នាក់ និង​ម្ចាស់​ម៉ូតូ​ទាំង​១០​គ្រឿង​នោះ ត្រូវបាន​លោក​ព្រះរាជអាជ្ញា​ហៅ​មក​អប់រំ និង​ដោះលែង​ទៅវិញ​ហើយ​។ ដោយឡែក​ម្ចាស់​សង្វៀន​ឈ្មោះ សូ ឆ​ង ជា​មន្ត្រី​យោធា​នៅ​សាលា​ហ្វឹកហ្វឺន​ការពារ​គីមី​សាស្ត្រ​វិញ គឺ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​រួចហើយ តែ​ការហៅ​ខ្លួន​អោយចូល ឬ​មិន​ហៅ​នោះ គឺជា​នីតិវិធី​របស់​តុលាការ​បន្ត​។​ប៉ុន្តែ​មន្ត្រី​អយ្យការ​ម្នាក់​បាន​បង្ហើប​អោយដឹងថា សំណុំរឿង​ម្ចាស់​បន​ល្បែង​ឈ្មោះ សូ ឆ​ង នេះ មិនទាន់​ចូលដល់​តុលាការ​នៅឡើយ​ទេ គឺ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៅឡើយ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​៖ ករណី​លោក សូ ឆ​ង ជា​មេ​ល្បែង​នេះ បើ​សមត្ថកិច្ច​និង​តុលា​ការមិន​ប្រញាប់​ចាត់ការ​ទេ នោះ គឺ​វា​បង្កើត​បទល្មើស​ចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន នឹង​គ្មាន​សន្តិសុខ​នៅក្នុង​មូលដ្ឋាន​ឡើយ​។ ប្រជាពលរដ្ឋ​សំណូមពរ​លោក​អភិបាលខេត្ត មេត្តាជួយ​ចាត់ការ​បង្ក្រាប​ករណីនេះ​ផង ទើប​ប្រជាពលរដ្ឋ​រស់នៅ​គ្មាន​ការព្រួយបារម្ភ​អំពី​សន្តិសុខ​៕ រិ​ទ្ធិ ជ័យ​

KA-14-03-2016-16 KA-14-03-2016-18 KA-14-03-2016-19 KA-05-02-2016-06-1 KA-05-02-2016-09 KA-05-02-2016-10

​ ​