លោក ឈុន សុភមង្គល មេ​គយ​ខេត្តបាត់ដំបង​រង​ការចោទប្រកាន់ថា ចាប់តាំងពី​គ្រង​តំណែង​មក បាន​ផ្ទុះ​ការរត់ពន្ធ​ទំនិញ​ដែល​គេ​សង្ស័យថា លោក គុណ ញឹម ទុកពេល​ឲ្យ​ស្រង់ដើម​

​ខេត្តបាត់ដំបង​៖ មានការ​លួច​ង្ហើ​ប​ពី​មន្ត្រី​គយ​តូចតាច ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​អង្គភាព​សាខាគយ​និង​រដ្ឋាករ​ខេត្តបាត់ដំបង​ថា លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តបាត់ដំបង បច្ចុប្បន្នកំពុង​ដឹក នាំ​ការងារ​បែប​ធូររលង់ ដែល​ក្រុម​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​ក្នុងស្រុក​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ដូចជា ស្រុក​ភ្នំព្រឹក ស្រុក​កំរៀង ស្រុក​សំពៅ​លូន និង​ស្រុក​សំឡូត​។ តែ​ទាំង​នោះគេ​ថា​សុទ្ធសឹង​ជា​ល្បិច​ប្រមូល​លុយ​ចូល​ហោប៉ៅ​ស្រង់ដើម លោក ឈុន សុភមង្គល ទៅវិញ​ទេ​។ ហើយ​ករណីនេះ​ត្រូវបាន​គេ​សង្ស័យថា លោក ឈុន សុភមង្គល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយសារ​មានការ​បើកដៃ​បន្ធូរបន្ថយ​ពី​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ទើប​លោក​មេ​គយ ឈុន សុភមង្គល ហ៊ាន​ធ្វើ​អ្វីៗ​យ៉ាង​ក្រអឺតក្រទម​។​

​ប្រភព​បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ខណៈ​លោក ឈុន សុភមង្គល កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង​នេះ​ភ្លាម ពួក​ឈ្មួញ​រកស៊ី​ដឹកទំនិញ​ពី​ប្រទេស​ថៃ​ហាក់​បង្កើន​ការនាំ​ទំនិញ​ចូល​យ៉ាង​ចម្លែក ហើយ​ទំនិញ​ជាច្រើន​ប្រភេទ​ដូចជា ហ្គាស ប្រេងសាំង ប្រេងម៉ាស៊ូត បន្លែ​សាច់​ស៊ុត គ្រឿង​កំប៉ុង គ្រោះ​សំណង់ គ្រឿង​បម្លាស់​ម៉ូតូ អីវ៉ាន់​ចាបហួយ ម៉ូតូ និង​រថយន្ត​គេចពន្ធ ។​ល​។ ត្រូវ​ឈ្មួញ​នាំចូល​យ៉ាងគំហុក​គេចពន្ធ បង់ពន្ធ​មិន​គ្រប់​តាម​ច្រកព្រំដែន​ខាងលើ​យ៉ាង​លូន ហើយ​ផលប្រយោជន៍​នោះបាន​ហៀរ​ដល់​ក្រុម​គយ​ចល័ត​ក្នុង​ខេត្តបាត់ដំបង​ដែល​ធ្វើ​ឲ្យ​សកម្មភាព​រត់ពន្ធ​ទំនិញ​ស្ងប់ស្ងាត់​ហាក់ដូចជា​គ្មាន​អំពើ​រត់ពន្ធ​កើតឡើង​។ ទន្ទឹម​ជាមួយគ្នា​នោះ​ជំនាញ​គយ​ទាំងពី​សម្ងំ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​យ៉ាង​ស្ងាត់ស្ងៀម​ដោយ​មិនដែល​ឃើញ​បង្ក្រាប​ទំនិញ​ខុសច្បាប់​ម្តងណា​ឡើយ​។

ដោយឡែក​អ្នក​សង្កេត​លើ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​លើ​ស្ថាប័នគយ ហាក់​ពុំទាន់​យកទៅ អនុវត្ត​នៅ​អង្គភាព​សាខាគយ​ខេត្តបាត់ដំបង​នៅឡើយ​ទេ ព្រោះ​លោក ឈុន សុភមង្គល នៅ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ចូល​តាម​អំពើ​ចិត្ត​។ គេ​មិនដឹងថា​លោក ឈុន សុភមង្គល ចំណាយ​ដើមទុន​អស់​ប៉ុន្មាន​នោះទេ ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបាត់ដំបង ទើប​ក្រោយ ពេល​ទទួលបាន​តំណែង​នេះ លោក ឈុន សុភមង្គល ខំប្រឹង​ស្រង់ដើម​មិន​ខ្វល់​អ្វី​ទាំងអស់​។ ទោះ​យ៉ាង ណា​មន្ត្រី​គយ​តូចតាច​បាន​សំណូមពរ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជួយ​ទប់​កុំ​ឲ្យ​លោក​លោក ឈុន សុភមង្គល ដឹកនាំ​ការងារ​បែប​ជិះសេះ​លែងដៃ ទំនិញគេចពន្ធ​ហូរ​ចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​តាម​ច្រកព្រំដែន​ខេត្តបាត់ដំបង ដែល​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​៕

KA-14-03-2016-14

​លោក គុណ ញឹម (ឆ្វេង) និង លោក ឈុន សុភមង្គល (ស្តាំ)