ជនជាតិ​យួន​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​ជំពាក់​ប្រាក់​កាស៊ីណូ​ពិភព​ថ្មី​

​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​នៅ​កាស៊ីណូ​ពិភព​ថ្មី​ ដោយសារ​ចាញ់ល្បែង​គ្មាន​លុយ​សង​នោះ​ ជនជាតិ​យួន​ប្រុស​-​ស្រី​ចំនួន​៤​នាក់​ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ ដឹកនាំ​កងកម្លាំង​សាធារណៈ​ចាប់​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​២១​យប់​ នា​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ នៅ​បន្ទប់​លេខ​៣០៣​នៃ​បន​ល្បែង​កាស៊ីណូ​ពិភព​ថ្មី​ ឋិត​ក្នុងភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ឃើញ​មាន​ស្លាកស្នាម​លើ​ដងខ្លួន​ជា​ច្រើន​កន្លែង​រួច​មក​ ។​

​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​ជនជាតិ​យួន​ចំនួន​៤​នាក់​ ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ​រួម​មាន​ ៖​ ១-​ឈ្មោះ​ វិ​ន​ យ៉ាំ​ង​ប៊ិ​ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​យ៉ូ​ទី​ម​ ខេត្ត​ប៊ិ​ន​ត្រែ​ ប្រទេស​វៀតណាម​,​ ២-​ឈ្មោះ​ ត្រឹង​ ធី​ង​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​តឹង​ចូ​វ​ ខេត្ត​តៃ​និ​ញ​ ប្រទេស​វៀតណាម​,​ ៣-​ឈ្មោះ​ ង្វៀ​ង​ ធី​ទៀង​ង៉ា​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ខេត្ត​តៃ​និ​ញ​ ប្រទេស​វៀតណាម​ និង​៤-​ឈ្មោះ​ ង្វៀ​ង​ ធី​ហ៊ី​វ​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​បេន​កូវ​ ខេត្ត​តៃ​និ​ញ​ ប្រទេស​វៀតណាម​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ប្រុស​-​ស្រី​ជា​ជនជាតិ​យួន​ទាំង​៤​នាក់​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​នៅ​ក្នុង​បរិវេណ​កាស៊ីណូ​ពិភព​ថ្មី​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​បា​វិត​ ដើម្បី​សាកសួរ​បន្ត​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ ខណៈ​បុរស​ជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ ដោយ​សាកសព​បាន​រក្សា​ទុក​នៅ​វត្ត​បា​វិត​ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

ជនជាតិ​យួន​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​ជំពាក់​ប្រាក់​កាស៊ីណូ​ពិភព​ថ្មី​

Related