កីឡដ្ឋាន​​ខេត្ត​កំពង់​ចាម​​នឹង​ត្រូវ​ជួសជុល​ក្នុង​ពេល​ឆាប់​ៗ​នេះ

បើ​តាម​សម្ដី​របស់​ឯកឧត្ដម វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​ឱ្យ​ដឹង​ថា ​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លីខាង​មុខ​​នេះ ក្រសួង​អប់រំ យុវជន​និង​កីឡា ​នឹង​ធ្វើ​ការ​ជួសជុល​​កីឡដ្ឋាន​បាល់ទាត់​​ខេត្ត​កំពង់​ចាម ក៏​ដូចជា​បង្កើត​កន្លែង​លេង​កីឡា​ផ្សេង​ៗ​ទៀត ដើម្បី​ជា​ការ​លើក​ស្ទួយ​វិស័យ​កីឡា ស្វែង​រក​កីឡាករ​ល្អ​ៗ​ត្រៀម​ស៊ីហ្គេម ២០២៣ ។

 

កីឡដ្ឋាន​​ខេត្ត​កំពង់​ចាម​​នឹង​ត្រូវ​ជួសជុល​ក្នុង​ពេល​ឆាប់​ៗ​នេះ​ឯកឧត្ដម វ៉ាត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា

 

ដោយ​មើល​ឃើញ​ថា ​ខេត្ត​កំពង់​ចាម​មាន​ប្រជាជន​ច្រើន និង​មាន​ថ្នាល​យុវជន​លេង​កីឡា​ល្អ​ៗ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​ក៏​ដូចជា​ក្រសួង​អប់រំ យុវជន​និង​កីឡា ​កំពុង​តែ​រៀប​ចំ​គម្រោង​ដើម្បី​បង្កើត​ជា​គណៈកម្មាធិការ​មួយ​ក្នុង​ខេត្ត​មួយ​នេះ។ ក្នុង​គោល​បំណង​ដើម្បី​ជ្រើសរើស​កីឡាករ ត្រៀម​ខ្លួន​ដណ្ដើម​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣ ​ខាង​មុខ​នេះ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

 

ទន្ទឹម​គ្នា​នេះ​ដែរ ឯកឧត្ដម វ៉ាត់ ចំរើន ​បាន​បង្ហើប​ថា​នៅ​ទីលាន​ហែលទឹក​តេជោ​សែន ​នៅ​មាន​ដី​ទំនេរ​នៅ​ឡើយ ដែល​អាច​បង្កើត​ជា​កន្លែង​លេង​កីឡា​បាន​ផ្សេង​ៗ​ទៀត ខណៈ ដែល​ក្រសួង​អប់រំ យុវជន​និង​កីឡា ក៏​មាន​បំណង​ជួសជុល​តារាង​បាល់ទាត់​ខេត្ត​ស្រាប់ ដូច្នេះ​ហើយ​ក្នុង​ពេល​ខាង​មុខ​នេះ កំពង់​ចាម នឹង​មាន​ទីលាន​លេង​កីឡា​គ្រប់​ប្រភេទ។

 

​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ខាង​លើ ​បាន​បន្ត​ទៀត​ថា​នៅ​ពេល​ដែល​ខេត្ត​មាន​ទីលាន​លេង​កីឡា​សព្វ​គ្រប់​ហើយ នោះ​ការ​ជ្រើសរើស​យក​កីឡាករ​ល្អ ក៏​កាន់​តែ​ងាយ​ស្រួល​ថែម​ទៀត ​ដែល​នេះ​គឺ​ជា​គោល​ដៅ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា៕

 

អត្ថបទ៖ មុន្នី រម្យ