​ក្រុម​ Agual Family Resort ​មើល​​ស្រាល​ដៃ​គូ​​​​ពេក​ទើប​មិន​​​​បាន​លេខ​១​ប្រចាំ​ព្រះ​សីហនុ​

ក្រុម​ចំណាត់​ថ្នាក់​លេខ​២ Agual Family Resort ​បាន​បញ្ជាក់​ថា ​ដោយសារ​តែ​កីឡាករ​ម្នាក់​ៗ​មើល​ងាយ​ដៃ​គូ​ប្រកួត​ពេក ​យប់​ឡើង​ដើរ​លេង​ អស់​កម្លាំង​ពេល​ប្រកួត ទើប​បណ្ដាល​ឱ្យ​ទម្រង់​លេង​ធ្លាក់​ចុះ ​ចាញ់​ក្រុម​កង​ពល​តូច​លេខ​៣១ ​ដោយ​លទ្ធផល​៣-០ ​ក្នុង​ការ​ប្រកួត​ Leo Cup 2016 Division B​ វគ្គ​ផ្តាច់​ព្រ័ត្រ​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ម្សិល​មិញ។

 

​ក្រុម​ Agual Family Resort ​មើល​​ស្រាល​ដៃ​គូ​​​​ពេក​ទើប​មិន​​​​បាន​លេខ​១​ប្រចាំ​ព្រះ​សីហនុ​ ក្រុម​ Agual Family Resort

 

លោក បេង សុភា ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ Agual Family Resort ​បាន​បញ្ជាក់​ថា​ វា​ជា​រឿង​សោកស្ដាយ​ខ្លាំង​ណាស់​ដែល​ក្រុម​ត្រូវ​ចាញ់​យ៉ាង​អាម៉ាស់​បែប​នេះ​ ព្រោះ​ក្រុម​របស់​លោក​ធ្លាប់​បំបាក់​កង​ពល​តូច​លេខ​៣១ ​បាន​ម្ដង​មក​ហើយ​នៅ​វគ្គ​ចែក​ពូល។ ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឱ្យចាញ់​យ៉ាង​នេះ​វិញ គឺ​ដោយសារ​​សមាជិក​ក្រុម​អស់​កម្លាំង​ ​ពួកគេ​ឆ្លៀត​ដើរ​លេង​នៅ​ពេល​យប់​​ និង​មើល​ងាយ​ដៃ​គូ​ប្រកួត​ខ្លាំង ទើប​បណ្ដាល​ឱ្យ​បាត់​បង​ស្មារតី​ក្នុង​ការ​ប្រកួត។

 

​ក្រុម​ Agual Family Resort ​មើល​​ស្រាល​ដៃ​គូ​​​​ពេក​ទើប​មិន​​​​បាន​លេខ​១​ប្រចាំ​ព្រះ​សីហនុ​លោក បេង សុភា ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ Agual Family Resort

 

“អាច​មក​ពី​កីឡាករ​ខ្ញុំ​ដើរ​លេង​យប់ ទើប​លេង​គ្មាន​កម្លាំង ​បណ្ដាល​ឱ្យ​ចាញ់​៣​សិត​ជាប់​គ្នា។ វា​ជា​បទ​ពិសោធន៍​ល្អ​មួយ​សម្រាប់​អ្នក​គ្រប់​គ្នា កុំ​ឱ្យ​ចាត់​ទុក​ថា​ខ្លួន​ឯង​ខ្លាំង។ ​យើង​នឹង​ត្រលប់​មក​វិញ​នៅ​ឆ្នាំ​ក្រោយ ជាមួយ​នឹង​សមត្ថភាព​ល្អ​ជាង​ឆ្នាំ​នេះ​ទៀត។ អរគុណ Leo ​ដែល​បង្កើត​កម្មវិធី​នេះ​ឡើង”។ សម្ដី​លោក បេង សុភា ។

 

ពាន​រង្វាន់​ Leo Cup 2016 Division B ​ប្រចាំ​តំបន់​ព្រះសីហនុ ​ចំណាត់​ថ្នាក់​លេខ​មួយ​បាន​ទៅ​លើ​ក្រុម​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​​ ដែល​មាន​ប្រាក់​រង្វាន់​​៤៥០​ដុល្លារ ខណៈ​ដែល​លេខ​២​បាន​ទៅ​លើ​ក្រុម ​Agual Family Resort ​ទទួល​បាន​ប្រាក់​រង្វាន់​២៥០​ដុល្លារ។

 

​ក្រុម​ Agual Family Resort ​មើល​​ស្រាល​ដៃ​គូ​​​​ពេក​ទើប​មិន​​​​បាន​លេខ​១​ប្រចាំ​ព្រះ​សីហនុ​ក្រុម​កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​​

 

មួយ​វិញ​ទៀត​គិត​មក​ដល់​ពេល​នេះ​កម្មវិធី​ប្រកួត​បាល់ទះ​វគ្គ​ជម្រុះ​តាម​មណ្ឌល​​​កម្រិត Division B ប្រចាំ​ឆ្នាំ​២០១៦ ទើប​តែ​បញ្ចប់​ទៅ​បាន​២​តំបន់​នៅ​ឡើយ​ទេ គឺ​ភ្នំពេញ ​និង​ព្រះ​សីហនុ ខណៈ​ដែល​នៅ​មាន​៣​ខេត្ត​ទៀត​ដែល​ត្រូវ​ធ្វើ​ការ​ប្រកួត​ដែរ​គឺ កំពង់​ចាម បាត់ដំបង ​និង​សៀមរាប។ ចំណែក​​ក្រុម​ទទួល​បាន​លេខ ១​និង​លេខ ២​ប្រចាំ​​តំបន់​ នឹង​ទទួល​បាន​ឱកាស​មក​លេង​​វគ្គ​​ផ្ដាច់​ព្រ័ត្រ​ប្រចាំ​ Division B ​នៅ​ភ្នំពេញ​ចន្លោះ​ថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​២០១៦៕

 

អត្ថបទ៖ មុន្នី រម្យ