កីឡា​ការិនី​ប្រណាំង​កង់លេខ​១​ប្រចាំ​កម្ពុជា​ត្អូញត្អែរ​​ពី​កង្វះ​កីឡា​ការិនី​​

កីឡា​ការិនី​ប្រណាំង​កង់ជម្រើស​ជាតិ​កម្ពុជា​កញ្ញា​ ហេង ស៊ីវឡាង បាន​ត្អួញត្អែរ​ពី​កង្វះ​កីឡា​ការិនី​ច្រើន​​ទាំង​កម្រិត​ថ្នាក់​ជាតិ​ ​និង​​អន្តរជាតិ​សម្រាប់​​ការ​ចូល​រួម​​​​ប្រណាំង​កង់​​នានា​​ក្នុង​​ប្រទេស​កម្ពុជា។

កីឡា​ការិនី​ប្រណាំង​កង់លេខ​១​ប្រចាំ​កម្ពុជា​ត្អូញត្អែរ​​ពី​កង្វះ​កីឡា​ការិនី​​កញ្ញា ហេង ស៊ីវឡាវ

 

កញ្ញា​ស្រស់​សោភា ហេង ស៊ីវឡាង ​ដែល​ជា​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​​ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​រហូត​ក្នុង​ការ​ប្រកួត​ប្រណាំង​កង់​នានា​ក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​​កីឡា​ការិនី​ប្រណាំង​កង់មិន​មាន​ច្រើន​ឡើយ​​​សម្រាប់​ចូល​រួម​ប្រកួត​ទាំង​លក្ខណៈ​ថ្នាក់​ជាតិ​ និង​ថ្នាក់​អន្តរជាតិ។ កង្វះ​ការ​ចូល​រួម​ច្រើន​ពី​ស្ត្រី​​ក្នុង​ប្រភេទ​កីឡា​នេះ​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រកួត​ប្រជែង​មិន​សូវ​មាន​គុណភាព​ខ្ពស់។

 

ស៊ីវឡាង​​និយាយ​ថា ៖«​អ្នក​ខ្លះ​​គិត​ថា ជិះ​កង់​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​សម្រស់​ ពី​ព្រោះ​ត្រូវ​ជិះ​​ហាល​កម្តៅ​ថ្ងៃ​ច្រើន​ម៉ោង។ ការ​ពិត​យើង​​​ត្រូវ​​ថ្ងៃ​​ក្តៅ​​ច្រើន​ម៉ោង​ ធ្វើ​ឲ្យ​សម្រស់​មិន​សូវ​ស្រស់​ស្អាត​មែន​ ​តែ​បើ​និយាយ​ពី​សុខភាព​វិញ​ មាន​ផល​ប្រយោជន៍​ល្អ​ណាស់​ វា​ធ្វើ​ឲ្យ​មាន​រាង​កាយ​មាំមួន​ សុខភាព​ល្អ​ រាង​កាយ​ក៏​ស្អាត​ដែរ ហើយ​បើ​យើង​លាប​ឡេ​អី​ដែរ​​ទៅ​មិន​អី​ដែរ»។

 

កីឡា​ការិនី​​ដែល​ទើប​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ពី​ការ​ប្រណាំង​កង់​ចម្ងាយ​ផ្លូវ​​៤៧០​គីឡូម៉ែត្រ​​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​បាន​ប្តេជ្ញា​ជួយ​បណ្តុះ​បណ្តាល​ និង​លើក​ទឹក​ចិត្ត​ដល់​នារី​វ័យ​ក្មេង​​កម្ពុជា​​ឲ្យ​ចូល​រួម​សកម្មភាព​កីឡា​ប្រណាំង​កង់​ឲ្យ​បាន​ឲ្យ​ច្រើន។ ​កញ្ញា​និយាយ​ថា ក្នុង​អាជីព​កីឡា​ការិនី​ប្រណាំង​ជម្រើស​ជាតិ​កម្ពុជា​ ​កញ្ញា​មាន​គោល​បំណង​ធំ​ពីរ​គឺ​ទី​១​ចូល​រួម​ប្រណាំង​ថ្នាក់​អន្តរជាតិ​ដើម្បី​ដណ្តើម​មេដាយ​ជូន​ជាតិ​ ពី​ព្រោះ​រយៈ​ពេល​ប្រហែល​ជា​៥​ឆ្នាំ​សម្រាប់​អាជីព​មួយ​នេះ​ ​កញ្ញា​ទទួល​បាន​មេដាយ និង​ចំណាត់​ថ្នាក់​លេខ​១​រហូត​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​ ប៉ុន្តែ​មិន​ទទួល​បាន​មេដាយ​អន្តរជាតិ​ណា​មួយ​ឡើយ។
​​

​កញ្ញា​បន្ត​ថា​ ទី​២​​កញ្ញា​​នឹង​​ប្រឹង​ប្រែង​ជំរុញ​នារី​វ័យ​ក្មេង​ជំនាន់​ក្រោយ​​ឲ្យ​ចូល​រួម​ហ្វឹកហាត់​ជិះ​កង់​ និង​ចូល​រួម​ប្រណាំង​ឲ្យ​បាន​ច្រើន​ដើម្បី​លើក​កម្ពស់​វិស័យ​ជិះ​កង់​នៅ​កម្ពុជា​ឲ្យ​រីក​ចម្រើន ក៏​ដូច​ជា​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

 កីឡា​ការិនី​ប្រណាំង​កង់លេខ​១​ប្រចាំ​កម្ពុជា​ត្អូញត្អែរ​​ពី​កង្វះ​កីឡា​ការិនី​​កញ្ញា ហេង ស៊ីវឡាង ទទួល​បានចំណាត់​ថ្នាក់​លេខ​១

 

សម្រាប់​ការ​ប្រណាំង​កង់​ចម្ងាយ​ឆ្ងាយ​លើ​ផ្លូវ​រាប​៤៧០​គីឡូម៉ែត្រ​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ដែល​ទើប​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា​ ប្រចាំ​ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​មាន​អ្នក​ចូល​រួម​ចំនួន​៤០​នាក់ ប៉ុន្តែ​មាន​កីឡា​ការិនី​តែ​៥​នាក់​ប៉ុណ្ណោះ។ ជា​លទ្ធផល​កីឡាករ​ កែវ រដ្ឋា បាន​ទទួល​លេខ​១ ក្នុង​ការ​ប្រកួត​ផ្នែក​បុរស លេខ ២ ញ៉ុញ លិញ លេខ ៣ យឿង ភីយុទ្ធ លេខ ៤ អៀម វ៉ាធីម និងលេខ ៥ សាំង សីហា។ កីឡា​ការិនី​ ហេង ស៊ីវឡាវ​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ ហេង ស៊ីហ្គិច បាន​លេខ​២​ ហ៊ុន ស៊ីណា​បាន​លេខ​៣​ និង​លេខ​៤​បាន​ទៅ​កីឡា​ការិនី​ ធូន ស្រីអូន៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​