រំលឹក​រឿង​ចោទ​គ្នា​ប្រើប្រាស់​ថ្នាំញៀន​កើតជា​ជំលោះ​កាប់​ចាក់​របួស​ម្នាក់

រំលឹក​រឿង​ចោទ​គ្នា​ប្រើប្រាស់​ថ្នាំញៀន​កើតជា​ជំលោះ​កាប់​ចាក់​របួស​ម្នាក់



កណ្ដាល​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​ ចាប់ខ្លួន​កាលពី ថ្ងៃទី​១៤ មីនា ឆ្នាំ២០១៦ បន្ទាប់ពី​មាន​ទំនាស់​ពាក្យសំដី បាន​កាប់​គូទំនាស់ ពីរ​កាំបិតផ្គាក់ រង​រ​បូស​ធ្ងន់ ដេរ​២០​ថ្នេរ កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែ​មីនា​នៅ ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល។

លោក​ឈឿន ប៊ុន ឆន អធិការ​នគរបាល​ស្រុក​កោះធំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ នៅ ភា​រិ​ន ហៅ តឿ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឃុំ  កើតហេតុ​មុខរបរ​កសិករ។

ចំណែក​ជនរងគ្រោះ​ឈ្មោះ អែ ប៊ុនធឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ ឃុំកើតហេតុ ជាមួយគ្នា​មុខរបរ​កសិករ រង​របួស​បំពង់ក  និង​ខ្នង​ដេរ​ចំនួន​២០​ថ្នេរ។

លោក​អធិការ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​កន្លងមក​ជនរងគ្រោះ​និង​ជនសង្ស័យ​ជាម​នុស្ស​ស្គាល់គ្នា​និង​ធ្លាប់​មាន​ទំនាស់​ពាក្យសំដី​និង​គ្នា ពី​រឿង​ចោទ​គ្នា​ជក់​គ្រឿងញៀន  តែ​ពុំ​ធ្លាប់​បាន​វាយតប់​គ្នា​ទេ។

លុះ​នៅ​ថ្ងៃទី​១៣ ខែមីនា  ម៉ោង​៨​និង​៣០​នាទី យប់ ជនរងគ្រោះ​ និង ​ជនសង្ស័យ​ព្រមទាំង​អ្នកភូមិ បាន​នាំ​គ្នា​មក​មើល​គេ​ច្រៀង អក​កា​ដង់ ​នៅក្នុង​ពិធី​មង្គលការ​គេ​ក្នុងភូមិ​។ ពេលនោះ​ជនរងគ្រោះ​បាន​សួរ​ទៅ​ជន​សង្ស័យ​ថា ហេតុអ្វី​ឯង​ចោទប្រកាន់​អញ​ជក់​គ្រឿងញៀន​?  រួច​ជន​សង​សង្ស័យ​បាន​តប​វិញ​ថា  “​អញ​គ្រាន់តែ​និយាយ​លេង​តែប៉ុណ្ណោះ”​។ ពេលនោះ​ជនរងគ្រោះ​និង​ជនសង្ស័យ​បាន​ជជែក​ទាស់​ពាក្យសំដី​និង​គ្នា​ខ្លាំង​ឡើងៗ។ បន្ទាប់មក​ជនសង្ស័យ​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ក្បែរ​កន្លែង​រោងការ​នោះ។ មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​ក៏បាន​ដើរ​ត្រឡប់​វិញ​ដោយ​យក​កាំបិតផ្គាក់​មក​ជា​មួយ ដើរ​សំដៅ​ទៅ​រក​ជនរងគ្រោះ ហើយ​កាប់​ទៅលើ​ជនរងគ្រោះ ត្រូវ​ចំ​ខ្នង​មួយ​កាំបិត និង​កាប់​ជនរងគ្រោះ​មួយ​កាំបិត​ទៀត ត្រូវ​ចំ​បំពង់ក។

ក្រោយពី​ធ្វើ​សកម្មភាព​កាប់​ជនរងគ្រោះ​រួច  ជនសង្ស័យ​បាន​កាន់​កាំបិត​រត់​គេច​ខ្លួន​តែម្តង​។ ចំណែក​ជនរងគ្រោះ ត្រូវ​បាន​បងប្អូន​ជូន​មក​ផ្ទះ​ និង ​ហៅ​គ្រូពេទ្យ​មក​ព្យាបាល​លាងមុខ​របួស និង​ដេរ​របួស​បំពង់ក​ចំនួន​២០​ថ្នេរ។

បន្ទាប់ពី​ទទួល​ដំណឹង​ភ្លាម កម្លាំង​ជំនាញ​ស្រុក​និង​ប៉ុស្តិ៍​បាន​ចុះទៅ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ។

រហូតដល់​ថ្ងៃទី​១៤ ខែមីនា ទើប​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ  ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕