បែក​ធ្លាយ​រឿង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​មិន​យក​ចិត្ត​ទុក​ដាក់ ​ខ្វះ​ការទទួលខុសត្រូវ​ចំពោះ​អ្នក​ជំងឺ

បែក​ធ្លាយ​រឿង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​មិន​យក​ចិត្ត​ទុក​ដាក់ ​ខ្វះ​ការទទួលខុសត្រូវ​ចំពោះ​អ្នក​ជំងឺ



សៀមរាប ​៖ ​ពលរដ្ឋ​ ដែល​បាន​នាំ​គ្រួសារ និង ញាតិមិត្ត​មក​ព្យាបាល​ជំងឺ​ផ្សេងៗ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​បាន​សម្តែង​ការ​ខកចិត្ត​នឹង​ទង្វើ​គ្មាន​សីលធម៌​របស់​គ្រូពេទ្យ​មួយចំនួន​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​មន្ទីរ​រដ្ឋ​មួយ​នេះ​ ដែល​ជា​ទម្លាប់​មួយ​មិនល្អ​ជាច្រើន​ឆ្នាំ​មក​ហើយ​ដោយ​គ្មាន​ការ​កែប្រែ​សោះ។

ថ្លែងប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា​នេះ លោក​ព្រំ ប៊ុនធឿន រស់នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក បាន​រៀបរាប់​ប្រាប់ថា នៅ​ថ្ងៃទី​១២ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ​ លោក​និង​ក្រុមគ្រួសារ​បាន​នាំ​ម្តាយ​ អាយុ​៧៥​ឆ្នាំ ​ដែល​មាន​អាការៈ​ចុកពោះ​ខ្លាំង​​ ​ទៅ​ពេទ្យ​ឯកជន​មួយ​ ​​ឲ្យ​ត្រួតពិនិត្យ​ទៅ​ឃើញ​ថា ជំងឺ​ពោះវៀន​ដុះ​ខ្នែង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ហើយ​បាន​ឲ្យ​បញ្ជូន​មក​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​វះកាត់។

លោក​បន្ត​ថា នៅ​វេលា​ម៉ោង​១​រសៀល​គាត់​បាន​ទៅ​ដល់​មន្ទីរពេទ្យ​ និង​ចូល​ដល់​បន្ទប់​វះ​កាត់ ហើយ​លោក​គ្រូ​ពេទ្យ​ឈ្មោះ​ដួង រ៉ា​ដា ជា​អ្នក​ទទួល​បន្ទុក​ខាង​វះកាត់​បាន​ប្រាប់​​ថា គាត់​ទៅ​ញុំា​ការ​គេ​សិន។

លោក​បន្តថា លោកគ្រូ​ពេទ្យ​ឈ្មោះ​ដួង រ៉ា​ដា នេះ​បាន​និយាយ​ពាក្យសម្ដី​មិន​សមរម្យ និង បាន​ពន្យារពេល​រហូត​ដល់​ម៉ោង​២១​និង​៣០​នាទី យប់​ថ្ងៃ​ដដែល ទើប​គ្រូពេទ្យ​នោះ​មក ​ដោយមាន​អាកា​រៈ​ស្រវឹង និង​អង្គុយ​ចុច​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុក​ លុះ​ដាច់​ភ្លើង​ក្នុង​អគារ​វះកាត់ ក្រុមគ្រួសារ​របស់គាត់​មើលទៅ​ម្តាយ​ដូចជា​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ ទើប​យក​ម្តាយ​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​វិញ។ លោក​បន្ថែមថា បើ​មិន​នាំ​ម្តាយ​ទៅ​ពេទ្យ​ឯកជន​នោះ​ទេ​ម្ល៉េះ​ម្តាយ​របស់​គាត់​អាច​ធ្លាយ​ពោះវៀន​ស្លាប់​ក៏ថា​បាន​។​

លោក​បញ្ជាក់​ថា ពីមុន​គាត់​បាន​ឮ​តែ​គេ​និយាយ​រិះគន់​ពេទ្យ​រដ្ឋ​តែ​ដល់​មក​ឃើញជាក់ស្តែង​ទើប​ហួសចិត្ត​ហើយ​លោក​ថា នេះ​ចំ​គ្រួសារ​គាត់​អាច​មាន​ធនធាន​ខ្លះ​នាំ​ម្តា​យ​មក​ពេទ្យ​ឈ្នួល​បាន​ ចុះ​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត​ដែល​ក្រក្រី​នោះ តើ​គ្រូពេទ្យ​នេះ​ទុក​ឲ្យ​ពួកគេ​ស្លាប់​ឬ​? លោក​បាន​អំពាវនាវ​ឲ្យ​ក្រសួង ​ឬ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប​មេត្តា​ចាត់វិធានការ​ទៅលើ​ក្រុមគ្រូពេទ្យ​មួយចំនួន​ឲ្យ​កែប្រែ​ឥរិយាបថ​អាក្រក់ៗ​ទាំងនេះ​ផង​។​

​ ​ជុំវិញ​ករណីនេះ​ដែរ​លោក​ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​បាន​ឲ្យ​ដឹងថា ករណីនេះ​លោក​សួរ​ហើយ​ តែ​នៅថ្ងៃនោះ​ដោយសារ​ជាប់រវល់​វះ​កាត់​ខួរក្បាល​និង​វះ​កាត់​ពោះវៀន​ដុះ​ខ្នែង​របស់​ព្រះសង្ឃ​មួយ​អង្គ​ ទើប​មានការ​យឺតយ៉ាវ។ លោក​បន្តថា ​ចំពោះ​ហេតុផល​ភ្លើង​ដាច់​នោះ​គឺ​រឿង​ខាង​អគ្គិសនី​នោះ​ទេ។

ទាក់ទិន​ទៅ​នឹង​ករណី​នេះ លោក ក្រួស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ថ្លែង​ថា ​៖​លោក​បាន​ឲ្យ​ខាង​មន្ទីរពេទ្យ​ធ្វើ​របាយការណ៍​មក​ឲ្យ​លោក​ពិនិត្យ​ពី​ហេតុការណ៍​ហ្នឹងហើយ។

យ៉ាង​នេះ​ក្តី​រឿងអាស្រូវ​ក្នុង​មន្ទីរ​បង្អែក​ខេត្ត​ដែល​បាន​បែក​ធ្លាយ​នេះ​ត្រូវ​បាន​មហាជន​លើក​ឡើង​ថា គឺជា​រឿង​ធម្មតា​សម្រាប់​គ្រូពេទ្យ​មួយ​ចំនួន​ដែល​មិនបាន​គិត​ពី​សុខទុក្ខ​របស់​អ្នក​ជំងឺ​នោះ​ទេ ដោយ​គ្រូពេទ្យ​ខ្លះ​ប្រឹង​តែ​ពី​បូម​យក​លុយ​ពី​អ្នក​ជំងឺ​ប៉ុណ្ណោះ គ្មាន​គិត​ពី​ក្រមសីលធម៌​របស់​គ្រូពេទ្យ​នោះ​ទេ៕