រថយន្ត​កុងតឺន័រ​ក្រឡាប់​ធ្លាក់​ជ្រោះ​ពេជ្រនិល​ សមត្ថកិច្ច​ព្យាយាម​លាក់បាំង​ព័ត៌មាន

រថយន្ត​កុងតឺន័រ​ក្រឡាប់​ធ្លាក់​ជ្រោះ​ពេជ្រនិល​ សមត្ថកិច្ច​ព្យាយាម​លាក់បាំង​ព័ត៌មាន



កំពង់ស្ពឺ​ ៖ ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ត្រូវ​បាន​គេ​រាយ​ការណ៍​មក​ថា បាន​ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក់​ចូក​ជ្រោះ​ពេជ្រនិល ប៉ុន្តែ​ត្រូវ​បាន​អ្នកបើកបរ និង​សមត្ថកិច្ច​ព្យាយាម​លាក់បាំង​ព័ត៌មាន​នេះ។

ហេតុការណ៍​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​កុងតឺន័រ​ចូល​ជ្រោះ​ពេជ្រនិល​នេះ បាន​កើតមានឡើង​នៅ​វេលា​ម៉ោង ប្រមាណ​ជាង ១៤​រសៀល ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៦ ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ​៤ ក្បែរ​តូប​លោកយាយ​ម៉ៅ​ពេជ្រ ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

ប្រភព​ប្រាប់​ថា ​រថយន្ត​កុងតឺន័រ ​ដែល​ជួប​គ្រោះថ្នាក់​ក្រឡាប់​ធ្លាក់​ក្នុង​ជ្រោះ​​នោះ ​ម៉ាក​ហ៊ីយ៉ាន់ដាយ ​កាប៊ីន​ពណ៌​ខៀវ​ លា​យស ​មិន​ស្គាល់​ស្លាក​លេខ​ បាន​ក្រឡាប់​ធ្លាក់​ចូល​ជ្រោះ​ពេជ្រនិល នៅ​ចំណោត​ជិត​អាសនៈ​​លោក​យាយ​ម៉ៅ​ ប៉ុន្តែ​សំណាងល្អ​អ្នក​បើកបរ​គ្រាន់តែ​របួសស្រាល​ប៉ុណ្ណោះ។ ប្រភព​បន្ត​ថា បន្ទាប់ពី​ក្រឡាប់​ធ្លាក់​ចូល​ជ្រោះ​ អ្នក​បើកបរ​បាន​ហៅ​រថយន្ត​ស្ទូច​យក​ចេញ​ទៅ​បាត់ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ព្យាយាម​លាក់បាំង​រឿង​នេះ​ ដោយ​មិនបាន​រាយការណ៍​មក​ថ្នាក់​លើ​ទេ។

ប្រភព​បន្ត​ថា​ ពេល​មេឃ​រលឹម​ស្រិចៗ​ ​រថយន្ត​នោះ​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវជាតិ​លេខ​៤​ចូល​ជ្រោះ កន្លែង​ចោទ​ខ្លាំង ហើយ​សំណាង​ល្អ​មិន​បណ្តាល​ឲ្យ​មាន​ជនរងគ្រោះ​ស្លាប់​បាត់​បង់ជីវិត។

ប្រភព​បន្តថា មុន​ពេល​កើតហេតុ​ រថយន្ត​កុងតឺន័រ​បាន​ធ្វើ​ដំណើរ​មកពី​ទិសខាងកើត​ទៅ​លិច​លុះដល់​ចំណុច​ជ្រោះ​លោកយាយ​ម៉ៅ​ពេជ្រនិល​ ក៏​បាន​រេ​ចង្កូត​ខុសផ្លូវ​រអិល​ធ្លាក់ចូល​ជ្រោះ​ ហើយ​អ្នក​បើកបរ​បាន​ព្យាយាម​ជាន់​ហ្វ្រាំង និង​បួង​ចង្កូត​​​មកវិញ ប៉ុន្តែ​រថយន្ត​បាន​ធ្លាក់​ចូល​ជ្រោះ​តែ​ម្តង។

លោក​ពៅ នឿន​ អធិការរង និង​នាយ​សេនាធិការដ្ឋាន នៃ​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច​បានប្រាប់​នៅ​ម៉ោងជាង ១៨​ល្ងាច ថ្ងៃ​ទី​១៤ ខែ​មីនា​នេះ​ថា លោក​មិនទាន់​ទទួលបាន​របាយការណ៍​ករណី​នេះ​នៅឡើយ​ទេ ព្រោះ​ខាង​ប៉ុស្តិ៍​អត់​រាយការណ៍​មក​ទេ។

សូមបញ្ជាក់ថា ក្នុងករណី​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​កុងតឺន័រ​ធ្លាក់ចូល​ជ្រោះ​ពេជ្រនិល​នេះ​ ភាគី​រថយន្ត បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ឈរជើង​នៅ​ជ្រោះ​ពេជ្រនិល​ មិន​បាន​រាយការណ៍​មក​ថ្នាក់លើ​ទេ ព្រោះ​ម្ចាស់​រថយន្ត​សុខចិត្ត​ស្ទូច​យកចេញ​ខ្លួនឯង និង​សង​ការ​ខូចខាត​ ដែល​មាន​ការ​ប៉ះពាល់៕

រថយន្ត​កុងតឺន័រ​ក្រឡាប់​ធ្លាក់​ជ្រោះ​ពេជ្រនិល​ សមត្ថកិច្ច​ព្យាយាម​លាក់បាំង​ព័ត៌មាន