ទីតាំង​ចម្រាញ់​សារធាតុ​មាស​មួយ​កន្លែង ​កំពុង​​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ យ៉ាង​ធ្ងន់ធ្ងរ

ទីតាំង​ចម្រាញ់​សារធាតុ​មាស​មួយ​កន្លែង ​កំពុង​​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ យ៉ាង​ធ្ងន់ធ្ងរ



កំពង់ស្ពឺ​ ៖ ​ទីតាំង​មួយ​កន្លែង ដែល​ពលរដ្ឋ​បាន​ចោទ​ថា​ជា​កន្លែង​ចម្រាញ់​សារធាតុ​មាស និង​ទឹក​អាស៊ីត​ចេញពី​មាស​ បាន​និង​កំពុង​​​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​ ទាំង​មនុស្ស ​និង​​​សត្វ​​យ៉ាង​ខ្លាំង ខណៈ​ទីតាំង​មួយ​នេះ​បាន​លួច​បញ្ចេញ​ផ្សែង​ជា​ញឹកញាប់ ​តាម​បំពង់​បង្ហុយ​ឡើង​លើ ហើយ​ត្រូវ​ខ្យល់​បក​វិលវល់​មក​ប៉ះពាល់​អ្នក​រស់នៅ​ក្បែរ​ៗ​នោះ។

ម្ចាស់​សិប្បកម្ម​ទីតាំង​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ទៀ ឆេង​ឡុង មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិញ សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ជា​ប្រភេទ​សិប្បកម្ម​ឡ​ចម្រាញ់​មាស​(​ដេញមាស​)។

ប្រជាពលរដ្ឋ​​​រស់នៅ​ជុំវិញ​សិប្បកម្ម​ខាង​លើ​ជាច្រើន​នាក់ មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ទីតាំង​នេះ​ថា បាន​បញ្ចេញ​ផ្សែង​ដែល​មាន​ជាតិពុល​និង​ជះ​ក្លិន​មក​លើ​ពួកគាត់​យ៉ាង​ខ្លាំង ក្នុង​នោះ​មាន​ទាំង​ការ​ងាប់​សត្វ​មាន់​ទា​ជ្រូក ​ដែល​ពួកគាត់​ចិញ្ចឹម​ស្ទើរ​ផុត​ពូជ​អស់​ទៀត។ ពលរដ្ឋ​ជា​អ្នកភូមិ​បាន​បន្ត​ថា កន្លងមក​ពួកគាត់​គ្រោង​នឹង​ដាក់ពាក្យ​ប្ដឹង​ម្តង​រួច​មក​ហើយ តែ​ក៏​មាន​ខាង​អាជ្ញាធរ​ចុះ​ដោះស្រាយ​បញ្ជា​ឲ្យ​ម្ចាស់​សិប្បកម្ម​ចម្រាញ់​មាស​នេះ ​គោរព​ច្បាប់​ស្តីពី​បរិស្ថាន។ បន្ទាប់មក​ក៏​ខាន​លែង​ឃើញ​បង្ហុយ​ផ្សែង​​​មួយ​រយៈ។ ក្រោយមក​ពួកគាត់​បាន​ឃើញ​ទីតាំង​មួយ​តែងតែ​លួច​ដុត​បង្ហុយ​ផ្សែង​ម្ដងម្កាល​​ទៀត​ ដែល​ទង្វើ​នេះ​កាន់តែ​ប៉ះពាល់​​​ធ្ងន់ធ្ងរ​មក​លើ​ពួកគាត់។

ទាក់ទង​នឹង​រឿងនេះ​ដែរ​លោក គាត រ​ង្ស៉ី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៦​បាន​ឲ្យ​ដឹង​ថា ​លោក​ទទួលស្គាល់ថា​ពិត​ជា​មាន​ទីតាំង​សិប្បកម្ម​ចម្រាញ់​មាស​នេះ​មែន ហើយ​មន្ទីរ​បាន​ចុះ​ណែនាំ ​និង​ធ្វើ​កិច្ចសន្យា ឲ្យ​ទីតាំង​ខាងលើ​គោរព​ច្បាប់​បរិស្ថាន​ហើយ ​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា បើសិនជា​ម្ចាស់​ទីតាំង​ពិតជា​លួច​ដុត​ចម្រាញ់​បង្ក​ជា​ផ្សែង​ប៉ះ​ពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដូច​ការ​លើក​ឡើង​មែន ទីតាំង​ខាងលើ​អាច​នឹង​ត្រូវ ទទួល​ការ​ពិន័យ​អន្តរកាល និង​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន ឬ​រើ​ផ្លាស់ប្ដូរ​ទីតាំង​តែ​ម្តង នេះ​មិន​និយាយ​ពី​ការ​ពាក់ព័ន្ធ​ផ្លូវច្បាប់​នានា​ផង​នោះ​ទេ។

លោក​ហុក ម៉ា​រា​ឌី ប្រធាន​ច្រក​ចេញ​ចូល​តែមួយ​ក្រុង​ច្បារមន​ធ្លាប់​ប្រាប់​ថា រឿង​សិប្បកម្ម​ចម្រាញ់​មាស ​ឬ​(​ឡ​ដេញមាស​)​ខាងលើ​មិន​មាន​ចុះបញ្ជី​នៅ​ក្រុង​នោះ​ទេ​ តែ​លោក​បាន​ឮ​ថា​មានច្បាប់​អនុញ្ញាត​ពី​ក្រសួង​រ៉ែ ហើយ​លោក​ក៏បាន​បញ្ជាក់​ដែរ​ថា​បើ​សិន​ជា​រឿង​នេះ​មាន​ពលរដ្ឋ​ណា​ម្នាក់​ប្តឹង ​ម្ចាស់​ទីតាំង​អាច​​​​​ប្រឈម​នឹង​ផ្លូវច្បាប់​ស្តីពី​បរិស្ថាន​​​​ផង​ដែរ។

ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដដែល​បាន​ទទូច​ចង់​ឲ្យ​អាជ្ញាធរ ផ្លាស់​ទីតាំង​នេះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ទីប្រជុំជន​ក្បែរ​ៗ​អ្នកភូមិ ដោយសារតែ​ចំហេះ​បាន​ជះ​ក្លិន​មក​លើ​ផ្ទះ​អ្នកភូមិ ហើយ​បាន​បំផ្លាញ​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​ឲ្យ​ងាប់​ដល់​សត្វ​​ចិញ្ចឹម​របស់​អ្នកភូមិ​ថែមទៀត៕