សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បាន​ដាក់ អោ អាន ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​ឧក្រិដ្ឋ​

សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បាន​ដាក់ អោ អាន ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​ឧក្រិដ្ឋ​



ភ្នំពេញ ៖ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បានដាក់ អោ អាន ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​ឧក្រិដ្ឋ​មួយចំនួន ទាក់ទង​និង​ការសម្លាប់​រង្គាល ការធ្វើ​ទារុណកម្ម ការ​ធ្វើទុក្ខបុកម្នេញ និង​ការដាក់​ក្នុង​មន្ទីរឃុំឃាំង​ជាដើម នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ទាក់ទង​នឹង​សំណុំរឿង​០០៤ ចុះ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦​។

សេចក្តីថ្លែងការណ៍​រប​ស់​សហ​ចៅក្រម​ស៊ើបអង្កេត​បានលើកឡើង​ថា សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ បានដាក់​ឈ្មោះ អោ អាន ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​ឧក្រិដ្ឋ​ដូចជា ទី​១, អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ចាម ទី​២, ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ រួមមាន ការធ្វើ​មនុស្សឃាត ការសម្លាប់​រង្គាល ការធ្វើ​ឲ្យ​ទៅជា​ទាសករ ការដាក់​ក្នុង​មន្ទីរឃុំឃាំង ការធ្វើ​ទារុណកម្ម ការ​ធ្វើទុក្ខបុកម្នេញ​មកលើ “​ប្រជាជន ១៧ មេសា​” អតីត​ទាហាន​លន់នល់ កម្មាភិបាល​ភូមិភាគ​កណ្តាល (​ឧ​ត្ត​រ​ចាស់​) គ្រួសារ​របស់​ពួកគេ អ្នកក្រោមបង្គាប់​របស់​ពួកគេ ប្រជាជន​មកពី​ភូមិភាគ​បូព៌ា “​សមាសភាព​មិនល្អ​” និង​“​ខ្មាំង​ផ្ទៃក្នុង​” ការ​ធ្វើទុក្ខបុកម្នេញ​មកលើ​ប្រជាជន​ចាម និង​ប្រជាជន វៀតណាម និង​អំពើ​អមនុស្សធម៌​ដទៃទៀត រួមមាន អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ការរំលោភ​លើផ្លូវ​ភេទ ការបាត់​ខ្លួន​ដោយ​បង្ខំ ការ​ធ្វើបាប​រាងកាយ ពលកម្ម​ដោយ​បង្ខំ និង​ការ​ឃុំឃាំង​ក្នុងស្ថានភាព​អមនុស្សធម៌ ទី​៣, ការរំលោភ​លើ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ រួមមាន មនុស្សឃាត​ដោយ​ចេតនា​។​

ឧក្រិដ្ឋកម្ម​ទាំងនេះ​ត្រូវបាន​ចោទថា បាន​ប្រព្រឹត្តឡើង​នៅ​ការដ្ឋាន​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​នៅ​ទំនប់​អន្លង់​ជ្រៃ ទីកន្លែង​សម្លាប់​មនុស្ស​គោក​ព្រីង មន្ទីរ​សន្តិសុខ​មិត្ត​សុ​ប​(​គរ​) មន្ទីរ​សន្តិសុខ និង​ទីកន្លែង​សម្លាប់​មនុស្ស​ទួល​បេង និង​វត្ត​អ​ង្គួ​ញ​ដី មន្ទីរ​សន្តិសុខ​វត្ត​អូរ​ត្រកួន មន្ទីរ​សន្តិសុខ​វត្ត​បាធាយ ទីកន្លែង​សម្លាប់​មនុស្ស​ភ្នំ​ប្រុស មន្ទីរ​សន្តិសុខ​វត្ត​តាម​មន្ទីរ​សន្តិសុខ ចម្ការ​ស្វាយចន្ទី មន្ទីរ​សន្តិសុខ​វត្ត​បារាយណ៍​ជាន់​ដែក មន្ទីរ​សន្តិសុខ​វត្ត​ស្រងែ និង​ទីតាំង​ផ្សេងៗ​នៅក្នុង​ខេត្តកំពង់ចាម​។​
​តាម​សេចក្តីថ្លែងការណ៍​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​បញ្ជាក់ថា បទចោទប្រកាន់​ដែល​បានប្រកាស​នៅថ្ងៃនេះ រាប់បញ្ចូល​ទាំង​បទចោទប្រកាន់​ថ្មី ទាំង​បទចោទប្រកាន់​ពីមុន​ដែល​បាន​ធ្វើឡើង​រួចហើយ​នៅពេលដែល អោ អាន ចូល​បង្ហាញខ្លួន​លើកដំបូង​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ ២០១៥​។ ចាប់តាំងពី​ការបង្ហាញ​ខ្លួន​លើកដំបូង​មក អោ អាន តាមរយៈ​សហ​មេធាវីរ​បស់​គាត់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ពិនិត្យមើល​សំណុំរឿង និង​ចូលរួម​កិច្ច​ស៊ើបសួរ​៕