Flyboard ​កីឡា​ថ្មី​របស់​កម្ពុជា ​ទើប​មាន​អ្នក​ចេះ​តែ ​៤​នាក់​គត់ តែ​ចង់​បង្កើត​សហព័ន្ធ​

Flyboard ​ជា​ប្រភេទ​កីឡា​សម្ដែង​ដែល​ទើប​តែ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រនៅ​កំពត​ ​និង​បុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់​ចាម កាល​ពី​ពេល​ថ្មី​ៗ​​នេះ​។ ខណៈ​ដែល​អ្នក​ចេះ​លេង​កីឡា​នេះ​ស្ទាត់​ជំនាញ​នោះ ​គឺ​ទើប​តែ​មាន​ចំនួន ​៤​ទៅ​៥​នាក់​ទេ ព្រោះ​វា​ទើប​តែ​មក​ដល់​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​នេះ​ប៉ុណ្ណោះ។

 

Flyboard ​កីឡា​ថ្មី​របស់​កម្ពុជា ​ទើប​មាន​អ្នក​ចេះ​តែ ​៤​នាក់​គត់ តែ​ចង់​បង្កើត​សហព័ន្ធ​

Flyboard

 

លោក កែវ វិរធុន ​អ្នក​ដឹក​នាំ​ក្រុម​កីឡាករ​មក​សម្ដែង​នៅ​បុណ្យ​ទន្លេ​លើក​ទី​២ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​គោល​បំណង​ធំ​របស់​លោក​សម្រាប់​ការ​មក​ទឹក​ដី​កំពង់​ចាម​នេះ គឺ​ដើម្បី​បង្ហាញ​និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ស្គាល់​ច្បាស់​ថា ​អ្វី​ជា​កីឡា Flyboard ​ដែល​កម្ពុជា​ទើបតែ​មាន។ ត្បិត​តែ​មិន​ទាន់​មាន​សហព័ន្ធ ប៉ុន្តែ​កីឡា​ប្រភេទ​នេះ​កំពុង​ពេញ​និយម​ខ្លាំង​សម្រាប់​មិត្ត​យុវវ័យ ដែល​ចូល​ចិត្ត​ការ​កម្សាន្ត​បែប​ប្លែក។

 

បន្ថែម​ពី​លើ​នេះ​ដែរ វិរធុន ​បាន​បង្ហើប​ទៀត​ថា​ពួកគេ​កំពុង​តែ​ទាក់ទង​ទៅ​ខាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ដើម្បី​ស្វះស្វែង​រក​កីឡាករ​ឱ្យ​ចេះ​លេង​កីឡា​នេះ​ឱ្យ​ច្រើន ក៏​ដូចជា​បង្កើត​ឱ្យ​បាន​ជា​សហព័ន្ធ​កីឡា Flyboard ​មួយ​តែ​ម្ដង។

 

ងាក​ទៅ​កីឡាករ​ម្នាក់​ឈ្មោះ អ៊ុក សុខលី ​ដែល​ជា​អ្នក​ចេះ​ស្ទាត់​ជំនាញ​ក្នុង​ការ​ជិះ Flyboard ​នេះ​បាន​និយាយ​ថា​៖ “ខ្ញុំ​ហាត់​បាន​ជិត​១​ឆ្នាំ​ហើយ។ វា​ពិបាក​ដែរ​ក្នុង​ការ​ជិះ​វា ព្រោះ​យើង​ត្រូវ​ឈរ​ជើង​ឱ្យ​នឹង​ដើម្បី​អាច​ហោះ​ឡើង​លើ​បាន។ កីឡា​នេះ​លេង​ទឹក​សាប​ស្រួល​ជាង​ទឹក​ប្រៃ ព្រោះ​ទឹក​សាប​លេង​មិន​ងាយ​ហត់​ទេ។ យើង​ចង់​ឱ្យ​មាន​អ្នក​ចេះ​លេង​វា​ច្រើន ព្រោះ​វា​ជា​កីឡា​ថ្មី​ដែល​មាន​តែ​នៅ​ឆ្នេរ​អូ​ឈើ​ទាល​ប៉ុណ្ណោះ”។

 

Flyboard ​ជា​ល្បែង​ថ្មី​មួយ​ដែល​មាន​នៅ​ឆ្នេរ​អូ​ឈើ​ទាល ​ដោយ​ការ​ជិះ​វា​តម្រូវ​ឱ្យ​បង់​ថ្លៃ​សេវា​ចំនួន ​៥៥​ ដុល្លារ​ក្នុង​រយៈពេល​១៥​នាទី ហើយ​ប្រសិន​បើ​លេង​យូរ​ជាង​នេះ​អាច​មាន​ការ​បញ្ចុះ​តម្លៃ​ខ្លះ​ទៀត៕

 

 

អត្ថបទ៖ មុន្នី រម្យ