Costa ​​អាច​​ត្រូវ​ FA ​ពិន័យ​ដល់​​៣​ប្រកួត

Diego Costa ​ខ្សែ​ប្រយុទ្ធ​ក្រុម​​ Chelsea ​​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ FA ​​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​​ប្រព្រឹត្ត​អំពើ​មិន​ត្រឹមត្រូវ ​អំឡុង​ពេល​រូប​គេ​ទទួល​បាន​កាត​ក្រហម ​ពេល​ប៉ះ​ Everton នៅ​ FA Cup កាល​ពី​យប់​ថ្ងៃ​សៅរ៍។

 

Costa ​​អាច​​ត្រូវ​ FA ​ពិន័យ​ដល់​​៣​ប្រកួត

 

​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ ​ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ (លឿង​២​ដង) បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​​ខ្សែ​បម្រើ​ Gareth Barry ​របស់​ក្រុម​ Everton ​នៅ​នាទី​៨៤ ក្នុង​ការ​ប្រកួត​ដែល​ Chelsea ចាញ់​ ២-០ នៅ​កីឡដ្ឋាន​ Goodison Park។ Costa ក៏​​ត្រូវ​គេ​សង្ស័យ​ថា បាន​ខាំ​ Barry ​ផង​ដែរ ប៉ុន្តែ​​កីឡាករ​ទាំង​២ បាន​បដិសេធ។

 

យ៉ាងណា FA ​​បាន​ចោទ​ប្រកាន់​ថា ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ ​បាន​ប្រើ​ប្រាស់​ឥរិយាបថ​មិន​គប្បី​លើ​ទីលាន​ប្រកួត បន្ទាប់​ពី​ទទួល​បាន​កាត​លឿង​ទី​២។ “វា​ត្រូវ​បាន​ចោទ​ប្រកាន់​ចំពោះ​ឥរិយាបថ​របស់​គាត់​ បន្ទាប់​ពី​ទទួល​បាន​កាត​លឿង​ទី​២”។ សេចក្ដីថ្លែងការណ៍​របស់​ FA បាន​ប្រកាស​ម្សិល​មិញ។

 

Costa ​​អាច​​ត្រូវ​ FA ​ពិន័យ​ដល់​​៣​ប្រកួត

 

​Costa ត្រូវ​ពិន័យ​១​ប្រកួត​ដោយ​ស្វ័យ​ប្រវត្តិ​​ហើយ បន្ទាប់​ពី​ទទួល​បាន​កាត​លឿង​២​ក្នុង​១​ប្រកួត ប៉ុន្តែ​កីឡាករ​រូប​នេះ អាច​នឹង​ត្រូវ​ពិន័យ​ពី​លើ​២​ប្រកួត​ទៀត។ យ៉ាងណា អតីត​កីឡាករ​ឆ្នើម​ក្រុម​ AT Madrid រូប​នេះ នៅ​មាន​ពេល​រហូត​ដល់​ម៉ោង​០៦​ល្ងាច (នៅ​អង់គ្លេស) ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​ ដើម្បី​តវ៉ា៕

 

-ចុចអាន៖ Gareth Barry ​ថា Costa អត់​បាន​ខាំ​ទេ

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc