សៀង វិរៈ៖ “អ្នកមាន​អ្វី​ដែល​ខ្ញុំ​អត់ តែ​អ្នក​ខ្សត់​​អ្វី​ដែល​ខ្ញុំ​មាន”

ដើម្បី​​លត់ដំ​ខ្លួន​​ឱ្យ​ឈាន​ទៅ​រក​ផ្លូវ​ជោគជ័យ មនុស្សជា​ច្រើន​បាន​ប្រើ​​ទ្រឹស្ដី​ផ្សេង​គ្នា តួយ៉ាង​លោក សៀវ វិរៈ ជា​សហ​ស្ថាបនិកវ័យ​ក្មេង​ ផលិតករ និង​ជា​អ្នកដឹកនាំ​រឿង​ នៃ​ក្រុមហ៊ុន Romdoul Media co,.Ltd បាន​ចែក​រំលែក​​ទ្រឹស្ដី​មួយ​ប្រយោគ​ថា “អ្នកមាន​អ្វី​ដែល​ខ្ញុំ​អត់ តែ​អ្នក​ខ្សត់​​អ្វី​ដែល​ខ្ញុំ​មាន”។
សៀង វិរៈ៖ “អ្នកមាន​អ្វី​ដែល​ខ្ញុំ​អត់ តែ​អ្នក​ខ្សត់​​អ្វី​ដែល​ខ្ញុំ​មាន”

 

លោក សៀង វិរៈ បាន​បង្ហើប​ប្រាប់ Sabay ថា លោក​ពេញ​ចិត្ត​​នឹង​សម្រង់​សម្ដី​របស់​លោក​មួយ​នេះ​ណាស់ ព្រោះ​វា​បាន​ជំរុញ​ទឹកចិត្ត​លោក ឲ្យ​ចេះ​ផ្ដល់​តម្លៃ​ដល់​មនុស្ស ដែល​នៅ​ជុំវិញ​ខ្លួន ដោយ​មិន​គិត​ថា​អ្នកនោះ​អ្នកមាន ឬ​ អ្នកក្រឡើយ។

 

“មនុស្ស​ម្នាក់ៗ​តែង​មាន​តម្លៃ​របស់​ខ្លួន​ជានិច្ច គាត់​​​តែង​មាន​ចំណុច​ពិសេស​​រៀងខ្លួន​ ដើម្បី​ដឹកនាំ​ជីវិត​របស់​គាត់។ ដូច​​ការងារ​ដែរ ពេលខ្លះ​យើង​មាន​ជំនាញ​វិជ្ជាជីវៈ​ហើយ តែ​មិន​មែន​មាន​ន័យ​ថា យើង​ចេះ​គ្រប់​ទាំង​អស់​នោះ​ទេ។ បើ​ទោះ​អ្នក​ហ្នឹង​មាន​ចំណេះ​ដឹង​តិច មាន​ជីវភាព​ខ្សត់ខ្សោយ​ជាង​យើង​ក្ដី ក៏​គាត់​មាន​ជំនាញ និង​ទេពកោសល្យ​របស់​គាត់​ដែរ ដែល​​យើង​ត្រូវ​​ការរៀនសូត្រ​ពី​គាត់”។

 

ម្ចាស់​ក្រុមហ៊ុន​រំដួលវ័យ ២៤ ឆ្នាំ​​រូប​នេះ​​បន្ត​ថា មនុស្ស​​មិន​អាច​មើល​ស្រាល​តម្លៃ​ការងារ និង តម្លៃ​ជីវិត​របស់​មនុស្ស​បាន​ឡើយ។

 

“អ្នក​មាន​ចំណេះ​ដឹង​ផ្នែក​អី​មួយ តែ​គេ​ក៏​ចេះ​ផ្នែក​អី​ផ្សេង​ពី​អ្នក​ដែរ … អ្នក​ចេះ​រាំ គេ​ចេះ​ច្រៀង។ អ្នក​មាន​​​​លុយ​បើក​អាជីវកម្ម​នេះ គេ​ក៏​មាន​វិធី​របស់​គេ​បើក​អាជីវកម្ម​អី​ផ្សេង​បាន​ដែរ។ ន័យ​សំខាន់​របស់​ខ្ញុំ​គឺ​អ៊ីចឹង។ អ៊ីចឹង​ហើយ យើង​ត្រូវ​ឱ្យ​តម្លៃ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ហើយ​បើ​បើក​ក្រុមហ៊ុន​អី​មួយ យើង​ត្រូវ​​ចេះ​សហការ​គ្នា ដើម្បី​ឱ្យ​អាជីវកម្មមួយ​ជោគជ័យ”៕
 

 
“បើ​គ្មាន​ដើមទុន ធ្វើ​អ្វី​ដែល​ខ្លួន​ពូកែ បើក​អ្វី​ដែល​ខ្លួន​ស្រលាញ់” ​

 ស្មោះត្រង់​នឹង​អតិថិជន ប្រាក់​ចំណូល​នឹង​កើន​ឡើង

 

អត្ថបទ៖ អ៊ុំ សុភក្តិ