យាយ ៦៣ ឆ្នាំ ថ្ងៃសីល​លក់​ផ្កា​​ ទំនេរ​ដើរ​លាងចាន លាង​​កែវ យក​ប្រាក់​​​ចិញ្ចឹម​ជីវិត

ជា​ទម្លាប់​​ក្នុង​ថ្ងៃសីល​លោកយាយ ស៊ីវ ត្រប់ អាយុ ៦៣ ឆ្នាំ តែង​​តែ​ងើប​ពី​ខេត្ត​កណ្ដាល ដើម្បី​យក​​ផ្ដា​ឈូក ផ្ដា​ស្បៃរឿង និង​ផ្កា​ផ្សេងទៀត មក​លក់​នៅ​ផ្សារ​បឹងត្របែក​ផ្លាហ្សា។ ​យាយ​ចេញ​ពី​ផ្ទះ​នៅ​ម៉ោង ២ យប់ ដើម្បី​ទៅ​យក​ផ្កា​នៅ​​ច្បារ​អំពៅ នៅ​ម៉ោង ៣ និង​ម៉ោង ៤ ធ្វើ​ដំណើរ​តាម​រ៉ឺម៉ក​កង់បី មក​លក់​នៅ​ផ្សារ​បឹងត្របែក​ផ្លាហ្សា។

 

យាយ ៦៣ ឆ្នាំ ថ្ងៃសីល​លក់​ផ្កា​​ ទំនេរ​ដើរ​លាងចាន លាង​​កែវ យក​ប្រាក់​​​ចិញ្ចឹម​ជីវិត

 

“ពេល​ថ្ងៃ​សីល​ម្ដងៗ ខ្ញុំ​​យក​ផ្កា ៥០០ ដើម មក​លក់។ ថ្ងៃ​ណា​អស់ៗ ថ្ងៃ​ណា​សល់ៗ។ ថ្ងៃ​ណា​សល់ ដើរ​ចែក​គេ​ឯង​ទៅ។ អ្ហើយ! មិន​គ្រប់​ទេ​ចៅ​អើយ!”។

 

ក្នុង​ចំនួន​ផ្កា ៥០០ ដើម​ចំណាយ​ប្រាក់​ខ្ទង់​ប្រហែលជាង ២០ ម៉ឺន​រៀល លោក​យាយ​​ត្រូវ​អង្គុយ និង​ដើរ​លក់​ចាប់​ពី​ម៉ោង ៤ ភ្លឺ​រហូត​ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់ ឬ ១ រសៀល។ ចំណែក​​​ឯ​ប្រាក់កាក់​វិញ ក្រោយ​ពី​ទូទាត់​ថ្លៃ​ទំនិញ និង​ការ​ចាយវាយ​ផ្សេងៗ​ហើយ​នោះ លោក​យាយ​សល់​មិន​ដល់ ១០ ម៉ឺន​រៀល​ផង។ ក្រោយ​លក់​បាន ​ថវិកា​មួយ​ចំនួន​ធំ ត្រូវ​យក​ទៅ​ទិញ​អង្គរ ៥ គីឡូ ស្ករ អំបិល ប៊ីចេង បន្លែ​ត្រី​សាច់​​ជាដើម។

 

ស្ត្រី​មេម៉ាយ​ដែល​សព្វ​​ថ្ងៃ ត្រូវ​បាន​អ្នក​ជិតខាង ផ្ដល់​ដី​ក្រោយ​ផ្ទះ​​ជ្រកអាស្រ័យនៅ​រូប​នេះ​ បាន​ថ្លែង​ទាំង​អួល​ដើម​ករ​ថា មក​លក់​​ផ្កា​ពេល​ខ្លះ សឹង​តែ​គ្មាន​បាយ​​ព្រឹក​ហូប​ផង។ មិន​ចោល​ពេល​​អត់​ប្រយោជន៍​ទេ ពេល​ទំនេរ​​ពី​ការ​លក់​ផ្កា លោកយាយ ស៊ីវ ទ្រប់ មាន​មុខ​របរ​ប្រចាំ​ថ្ងៃ​មួយ​ទៀត ពោល​គឺ​ធ្វើ​ចង្កាក់​ដោត​ផ្កា​ម្លិះ ដោយ​ក្នុង​មួយ​ថ្ងៃ​លោកយាយ​អាច​ធ្វើ​បាន ៣ ដុំ ក្នុង​មួយ​ដុំ​មាន ១០០ ដើម និង​មាន​តម្លៃ ១៥០០ រៀល។ បន្ថែម​លើ​របរ​នេះ លោក​យាយ​​ក៏​ជា​អ្នក​​ស៊ីឈ្នួល​លាង​ចាន លាង​កែវ ឱ្យ​​ហាង​បាយ​គេ​ផង​ដែរ។

 

“ខ្ញុំ​គ្មាន​ផ្ទះ គ្មាន​ដី បាន​គេ​អាណិត​ឱ្យ​នៅ​ដី​ក្រោយ​ផ្ទះ…មិន​ដឹង​ធ្វើ​ម៉េច​ទេ ចេះ​តែ​ធ្វើ​ទៅ។ ដៃ​ខ្ញុំ​ធ្វើ​អត់​សូវ​កើត ព្រោះ​អី​បាក់ បិទ​ចង្កាក់​អី​ក៏​មិន​សូវ​កើត។ ខ្ញុំ​លាង​កែវ ចាន នៅ​​កន្លែង​លក់​បាន​នៅ​ឯ​ស្រុក”។

 

ចំពោះ​ការ​លំបាក​ក្នុង​ពេល​​ពេល​បច្ចុប្បន្ន គឺ​លោក​យាយ​​​មាន​ការ​ឈឺចាប់​ផ្នែក​រាងកាយ ក្រោយ​ពី​​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ថ្ងៃ​ព្យាបាល​ត្រូវបាន​​សប្បុរសជន​ជួយ​ចេញ​ថ្លៃ​ព្យាបាល។

 

លោកយាយ​ដែល​បែកបាក់​ស្វាមី តាំង​កូន​ក្នុង​ផ្ទៃ ១ ខែ​រូប​នេះមាន​ប្រសាសន៍​ថា៖ “ខ្ញុំ​ត្រូវ​ម៉ូតូ​បុក​ពេល​​ចេញ​ពី​ផ្ទះ​ម៉ោងជាង ១ យប់ ពេល​មក​លក់​ផ្កា។ ​ជើងហ្នឹង​​​ទោះ​ល្អ​ក៏​នៅ​តែ​រឹង ព្រោះ​អី​បាក់​អស់​ហើយ! ពេទ្យ​ឱ្យ​កាត់​តែ​អត់​កាត់…អត់​ទាន់​ជា​ទេ។ នៅ​ចុកចាប់ វា​អត់​មាន​សរសៃ​ដើរ ហើយ​ក្បាលនៅ​ពក​នៅ​ឡើយ​។ ខ្ញុំ​ទើប​ធាត់​តើ អត់​ថ្នាំ​ដើរ​អត់​កើត​ទេ។ បី​ថ្ងៃ ១ ៦០០០។ សព្វ​ថ្ងៃ​ហ្នឹង​នៅជាមួយ​​កូន​ស្រី​មួយ​អាយុ ៣១ ឆ្នាំ តែ​គ្នា​ក៏​ខ្សត់​ដែរ លក់​ផ្កា​នៅ​ច្បារ​អំពៅ”៕

 

ចុចអាន៖ លោក​យាយ​វ័យ ៦៧​ឆ្នាំ​លក់​សាំង​មួយ​យប់​ទល់​ភ្លឺ គ្រាន់​បាន​ប្រាក់​ទៅ​វត្ត​និង​ចិញ្ចឹម​ចៅ

 

អត្ថបទ​៖ អ៊ុំ សុភក្តិ

រូបទូរសព្ទដៃ