លោកហ៊ុន សែន​ខកចិត្ត​នឹង​តុលាការ​ខេត្ត​កំពង់​ស្ពឺ​ដែល​ឃុំ​ខ្លួន​ជនរងគ្រោះ​ដីធ្លី

លោកហ៊ុន សែន​ខកចិត្ត​នឹង​តុលាការ​ខេត្ត​កំពង់​ស្ពឺ​ដែល​ឃុំ​ខ្លួន​ជនរងគ្រោះ​ដីធ្លី

ប្រជាពលរដ្ឋ​ប្រមាណ​៥០​រូប​មក​ពី​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​បាន​ដាក់ញត្តិ​មក​កាន់​រដ្ឋសភា​កម្ពុជា​ បំណង​ដើម្បី​សុំ​អន្តរាគមន៍​ឲ្យ​​ដោះលែង​តំណាង​ប្រជាជន​២រូប​ គឺលោកស្រី​​អ៊ីត រំ និង​ លោកស្រី​ ​យូ រ៉ន​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារក្នុង​​ខេត្ត​កំពង់ស្ពឺ​ ព្រម​ទាំង​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​នៅក្នុង​សហគមន៍​របស់ពួក​គេ​ផង​ដែរ​ នៅ​ថ្ងៃ​ទី​១៤​ ខែ​មិនា​ ឆ្នាំ​២០១៦។​ (ហ៊ាន​ សុជាតា​​/VOA) នៅក្នុង​សារ​តាមហ្វេសប៊ុក​ដែល​ផ្សាយ​នៅយប់ថ្ងៃ​ចថ័ន្ទ​នេះ​​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ស្នើ​សុំ​ឱ្យ​ដោះលែង​អ្នក​តំណាង​នោះឱ្យ​នៅក្រៅឃុំ​វិញ។​
ភ្នំពេញ—

លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​សម្តែងការខកចិត្ត​នឹ​ងតុលាការ​ខេត្ត​កំពង់​ស្ពឺ​ដែល​ឃុំខ្លួន​តំណាងប្រជាពលរដ្ឋ​ចំនួន​ពីររូប​នៅ​ក្នុង​ជម្លោះដីធ្លី​មួយ។​

នៅក្នុង​សារ​តាមហ្វេសប៊ុក​ដែល​ផ្សាយ​នៅយប់ថ្ងៃ​ចថ័ន្ទ​នេះលោក​នាយក​រដ្ឋ​មន្ត្រី​បាន​ស្នើ​សុំ​ឱ្យ​ដោះលែង​អ្នក​តំណាង​នោះឱ្យ​នៅក្រៅឃុំ​វិញ។​

ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កើត​មាន​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ជិត​៥០​នាក់មក​ពី​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ បាន​ដាក់ញត្តិ​មក​កាន់​រដ្ឋសភា​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ ​ដើម្បី​សុំ​អន្តរាគមន៍ ឲ្យដោះលែង​តំណាង​ប្រជាជន​២រូប​ គឺលោកស្រីអ៊ីត រំ និង​ លោកស្រី​ ​យូ រ៉ន​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារក្នុងខេត្ត​កំពង់ស្ពឺ​ ព្រម​ទាំង​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​នៅក្នុង​សហគមន៍​របស់ពួក​គេ​ផង​ដែរ​។​

លោកនាយករដ្ឋមន្ត្រីបាន​បន្ថែម​ថាលោកបាន​បញ្ជារ​ទៅអភិបាល​ខេត្ត​ឱ្យ​ធ្វើ​ការ​ជាមួយ​តុលាការ​ទាំងយប់​ដើម្បី​សុំ​ធានាឱ្យ​មាន​ការដោះលែង​នោះ។​

លោក​បាន​បន្ថែម​ថា៖

«កូនប្រុស​ខ្ញុំ​២នាក់​ ហ៊ុន​ ម៉ានិត​និង​ហ៊ុន ម៉ានី​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​កំពង់ស្ពឺ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្នុង​រឿងនេះ។ សង្ឃឹម​ថា​ព្រះរាជអាជ្ញា​នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​ទាំងពីរនាក់​បាន​នៅ​ក្រៅឃុំ។


ប្រសិន​បើ​មិន​ទុកចិត្ត​សុំ​អស់​លោក​ឃុំ​កូនខ្ញុំ​ទាំងពីរនាក់​ជំនួស​វិញចុះ‍»។

ប្រជាពលរដ្ឋ​ដែលមក​តវ៉ាអះ​អាង​ថា​ ស្ត្រី​តំណាង​សហគមន៍​ទាំង​២​រូប​ត្រូវ​បាន​អាជ្ញាធរ​ចាប់ឃុំ​ខ្លួន​ ក្រោយ​ពេល​មាន​ការ​កោះ​ហៅ​អ្នក​តំណាង​ទាំង២​ឲ្យ​ចូលខ្លួន​បំភ្លឺ​ករណី​ជម្លោះ​ដីធ្លី​នៅក្នុង​សហគមន៍​ពួក​គេ​។

ទំនាស់​ដីធ្លី​កើត​មាន​ចាប់តាំង​ពី​ឆ្នាំ​២០១១​មកនេះ​ ប្រជា​ពលរដ្ឋ​លើកឡើង​ថា​អាជ្ញាធរ​មូលដ្ឋាន​ បាន​រំលោភ​យក​ដី​របស់​ប្រជាជន​នៅ​ភូមិ​ថ្មី ឃុំតាំងសំរោង​ ស្រុកភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ចំនួន​ជាង​១០០​គ្រួសារ​៕​