ភាគី​អន្តរជាតិ​នៃ​តុលាការ​ខ្មែរ​ក្រហម​ចោទ​ប្រកាន់​បន្ថែម​លើ​តាអាន​

ភាគី​អន្តរជាតិ​នៃ​តុលាការ​ខ្មែរ​ក្រហម​ចោទ​ប្រកាន់​បន្ថែម​លើ​តាអាន​

ជន​សង្ស័យ ​អោ អាន​​ ហៅ​តាអាន ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤ ក្នុង​រូបថត​ដោយ ​វ៉ាន់ថាន់ ​ពៅតារា នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ (​ផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម​​ថា សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ក៏​បាន​​​បន្ថែម​​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ទៀត​​ទៅលើ​ការ​ចោទ​ប្រកាន់ ​​ដែល​ធ្វើឡើង​នៅ​ពេល​ជន​សង្ស័យ​ឈ្មោះ​អោ អាន​បាន​មក​បង្ហាញ​ខ្លួន​​កាលពី​ថ្ងៃទី​២៧​ខែមិនា ​ឆ្នាំ​២០១៥​នៅ​តុលាការ​ខ្មែរក្រហម។​
ភ្នំពេញ—

អនុគណៈ​តំបន់​មជ្ឈិម​សម័យ​ខ្មែរក្រហម​ ​ដែល​ជា​ជនសង្ស័យ​ម្នាក់​ក្នុង​សំណុំ​រឿង​០០៤​ ត្រូវ​បាន​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​សម្រេច​ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ តែ​មិន​ទាន់​មាន​ការ​យល់​ព្រម​ដោយ​ភាគី​ជាតិ​ទេ​ ដោយសារ​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លះៗ។​ ​

លោក ​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​ECCC ​ដែល​មាន​ការ​ចូល​រួម​ដោយ​អ.ស.ប.​ ​បាន​ប្រាប់​ VOA​ ថា ក្នុង​ការ​សម្រេច​ដាក់​ជនសង្ស័យ​អោ អាន ហៅ​តាអាន​ ឲ្យ​នៅក្រោមការស៊ើប​អង្កេត​នេះ​ ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ក៏​បាន​បន្ថែមការ​ចោទ​ប្រកាន់​មួយ​ចំនួន​ទៀតទៅលើ​ការ​ចោទ​ប្រកាន់ដែល​ធ្វើឡើង​នៅ​ពេល​ជន​សង្ស័យ​ឈ្មោះ​អោ អាន​បាន​មក​បង្ហាញ​ខ្លួនកាលពី​ថ្ងៃទី​២៧​ខែមិនា ​ឆ្នាំ​២០១៥​នៅ​តុលាការ​ខ្មែរក្រហម។​ ​

«ចៅក្រម​ស៊ើប​អង្កេត​ជាតិ​គាត់​មិន​បាន​ដាក់​ឲ្យ​ឋិតនៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ប្រឆាំង​នឹង​ អោ អាន​ នោះ​ទេ។​ ប៉ុន្តែ​ការ​ស៊ើប​អង្កេត​កំពុង​នៅ​តែ​បន្ត»។​

​អ្នក​នាំ​ពាក្យ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​រូប​នេះនិយាយ​ថា​ ទោះ​ជា​មាន​ ឬ​មិន​មាន​ការ​ខ្វែង​គំនិត​គ្នា​ក៏​ភាគី​នីមួយៗ​អាច​សម្រេច​ការ​ចោទ​ប្រកាន់​ ឬ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដោយ​ឯក​តោភាគី។ ​ដូចនេះ​ការ​សម្រេច​ដោយ​ភាគី​តែ​មួយមិន​មែន​សុទ្ធ​តែ​មាន​ន័យ​ថា​ មាន​ការ​ខ្វែង​គំនិត​គ្នា​ទេ។​

លោក ​នេត្រ ភក្ត្រា ​មិន​អាច​បញ្ជាក់​ថា​ តើ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​លោក​ Michael Bohlander ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ និង​លោក​ យូ ប៊ុនឡេង​ ចៅក្រមស៊ើប​អង្កេត​ជាតិ ឬ​យ៉ាងណា​ទេ។

«ចៅក្រម​ទាំង​ពីរ​យល់​ឃើញ​យ៉ាង​ម៉េច​ចំពោះ​ករណី​ហ្នឹង​គឺ​វា​ឋិត​នៅ​ក្នុង​នីតិវិធី ​ហើយ​នឹង​ការ​សម្ងាត់​ក្នុង​ការ​ស៊ើប​អង្កេត។​ ហើយ​យើង​នឹង​ជូន​ដំណឹង​នៅពេល​ក្រោយ​ទាក់ទង​ជាមួយ​នឹង​បញ្ហា​ទាំងអស់​នេះ»។​

​ការចោទ​ប្រកាន់​ជន​សង្ស័យ​ឈ្មោះអោ អាន​នេះ​ធ្វើ​ឡើង​មិន​បាន​មួយ​ខែ​ផង​ទេ​ ​ក្រោយពី​សហចៅ​ក្រមជាតិ​ និង​អន្តរជាតិ​បាន​ព្រម​ព្រៀង​គ្នា​បំបែក​សំណុំ​រឿងរបស់​គណៈស្រុក​ព្រះនេត្រ​ព្រះ​សម័យ​ខ្មែរក្រហម​ឈ្មោះ​ អ៊ឹម ចែម​ ហៅ​យាយ​ចែម​ ចេញ​ពី​សំណុំ​រឿង​០០៤​ ​ដែល​សល់​តែ​ឈ្មោះ​ យឹម ទិត​ ហៅ​តាទិត​ ​គណៈតំបន់​ពាយ័ព្យ​សម័យ​ខ្មែរក្រហម​ និង​ឈ្មោះ​អោ អាន​ ហៅ​តាអាន។

លោក​ នេត្រ ភក្ត្រា​ មាន​ជំនឿ​ថា ​សហ​ចៅក្រម​ជាតិ​និង​អន្តរជាតិ​នឹង​ឈាន​ដល់​ការ​ព្រម​ព្រៀង​ដូច​ករណី​បំបែក​សំណុំ​រឿង​អ្នក​ស្រី អ៊ឹម ចែម ​ចេញ​ជា​សំណុំ​រឿង​០០៤​វគ្គ​១។

​នៅ​ពេល​ VOA ​បាន​ទៅ​ជួប​សម្ភាសន៍​ជន​សង្ស័យ​ឈ្មោះអោ អាន​ ហៅ តា ​អាន ​នៅ​ផ្ទះ​របស់​គាត់​នៅ​ស្រុក​កំរៀង ​ខេត្ត​បាត់ដំបង​ កាល​ពី​ចុង​ឆ្នាំ២០១១ ​ ​អនុ​គណៈ​តំបន់​មជ្ឈឹម​សម័យ​ខ្មែរក្រហម​រូប​នេះ​បាន​បដិសេធ​ ដោយ​បង្ហាញ​សេចក្តី​ក្លាហាន​ដែល​បង្កប់​ដោយ​កំហឹង​ថា ​គាត់​អត់​ភ័យ​នឹង​តុលាការ ​អត់ភ័យ​ហ្នឹង​យមបាល​ទេ។ ​តាអាន​អះអាង​ថា ​គាត់​មិន​ធ្វើ​តាម​បញ្ជា​របស់​អង្គការ​លើដែល​ឲ្យ​ស្លាប់​មនុស្ស​នោះ​ទេ។​

«ពេល​ដែល​ខ្ញុំ​ទៅ​គឺ​អស់​ហើយ​ តាំងពី​ក្រោម​រហូត​ដល់​លើ ​នៅ​តែ​ កែវ ពក​ មួយ​ទេ។ ​គេ​ចាប់​បញ្ជូន​មក។​ ខាង​ភូមិ​ភាគ​គេ​យក​បញ្ជូន​មក។​ ​ គេ​ឲ្យ​កម្ទេច។​ គេ​សួរ​ទៀត...​កែវ ពក។ ​"ទៅ​ណា​កម្លាំង?”​ "កម្ទេច!” ​តែ​នៅ​ការដ្ឋាន​ឯណោះ។​ រួច​ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច​ទៅ​អញ្ចឹង?​ ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច?​ បើ​ខំ​លាក់​ប៉ុណ្ណឹង​ហើយ ​ធ្វើ​ម៉េច​ទៅ​ទៀត»។

​អ្នក​តាមដានអំពី​សម័យខ្មែរ​ក្រហម ​និយាយ​ថា​ បើ​កម្មាភិបាលខែ្មរក្រហម​ឈ្មោះអោ អាន ​ហៅតា​អាន​មិន​សម្លាប់​មនុស្ស​តាម​បញ្ជារបស់អង្គការ​លើ​នោះ​ទេ ​ នោះ​ជន​សង្ស័យ​ឈ្មោះអោ អាន​ប្រហែល​មិន​អាច​រស់​ និង​មាន​តួនាទី​ក្នុង​របស់​ខ្មែរ​ក្រហម​រហូត​របប​នេះ​ដួល​រលំ​នោះ​ទេ។​

លោក​ឡាត់ គី​អ្នកសម្រប​សម្រួល​នៃ​អង្គការ​អាដហុក ​ប្រចាំ​នៅ​សាលាក្តី​កាត់​ទោស​ខ្មែរ​ក្រហម​បាន​និយាយ​ថា​ ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​ក្នុង​សំណុំរឿង​០០៣​ និង​០០៤​មាន​ការ​អូស​បន្លាយ។​ តែ​លោក​អបអរ​សាទរ​ការ​សម្រេច​របស់​លោក​ Michael Bohlander ចៅក្រម​អន្តរជាតិ។​

«នេះគឺ​ជា​ដំណើរការ​វិវឌ្ឍន៍​ដែលសាធារណ​ជន​ ក៏​ដូច​ជា​ជន​រង​គ្រោះ​ទូទៅ​រង់ចាំ​យូរ​ហើយ​អំពី​ភាព​ពាក់ព័ន្ធ​ទៅ​លើ​ជន​សង្ស័យ​ទាំងអស់​នេះ»។​

​ការចោទ​ប្រកាន់​ជនសង្ស័យ​ឈ្មោះ​អោ អាន​នេះ​រួម​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​មនុស្ស​ឃាត ​ការ​សម្លាប់​រង្គាល​ ទាសភាព​ ការ​ធ្វើ​ទារុណកម្ម​ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ប្រជាជន​១៧​មេសា​ អតីត​ទាហាន​ លន់ នល់ ​ កម្មាភិបាល​ខ្មែរ​ក្រហម​ភូមិភាគ​កណ្តាល ​ប្រជាជន​មក​ពី​ភូមិភាគ​បូព៌ា​ ដែល​គណៈ​តំបន់​មជ្ឈិម​សម័យ​ខ្មែរក្រហម​ហៅថា ​សមាស​ភាព​មិន​ល្អ ​ខ្មាំង​ផ្ទៃ​ក្នុង។ ​ក្រៅ​ពី​នេះ​ក៏​មាន​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ជន​ជាតិ​ចាម ​ជនជាតិ​វៀតណាម ​និង​មាន​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ​ហើយ​នឹង​មានការ​រំលោភ​ផ្លូវ​ភេទ​ផងដែរ។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់សាលាក្តី​កាត់​ទោស​ខ្មែរក្រហម​ដែល​ចេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

​បទ​ចោទ​ប្រកាន់​ទាំង​នេះ​បាន​កើត​មាន​នៅ​កន្លែង​សំខាន់ៗ​ជាង​ដប់​ រួមមាន​ការដ្ឋាន​ធ្វើ​ពលកម្ម​ដោយបង្ខំ​ ​កន្លែង​មនុស្ស​ឃាត​ មន្ទីរ​សន្តិសុខ និង​ទីតាំង​ផ្សេងៗ​ទៀត។​

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​បន្ត​ថា ជន​សង្ស័យ​ឈ្មោះ​ អោ ​អាន​អាច​រក​មេធាវីចូល​មក​ពិនិត្យ​សំណុំ​រឿងដើម្បី​ការពារ​ខ្លួន ​និង​ចូលរួម​ការ​ស៊ើប​អង្កេត៕​