មនុស្ស​ ៦​ ប្រភេទ​នេះ ​គ្មាន​ថ្ងៃ​អាច​បើក​​ជំនួញ​​រកស៊ី​ជោគជ័យ​​ក្នុង​ជីវិត​នោះ​ឡើយ!​​

មាន​មនុស្ស​មិន​តិច​នោះ​ទេ​ដែល​មាន​គំនិត​ចង់​បើក​មុខ​ជំនួញ​ ព្រោះ​គេ​យល់​ឃើញ​ថា ការ​បម្រើ​ការងារ​​ឲ្យ​អ្នកដទៃ​ គឺ​មិន​អាច​ក្លាយ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ឡើយ​ (​ត្រឹម​មួយ​រស់​ប៉ុណ្ណោះ) ពោល​គឺ​មាន​តែ​មុខ​ជំនួញ​ទេ​ដែល​ជា​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​រក​ទ្រព្យសម្បត្តិ​ហូរហៀរ​​។​ ប៉ុន្តែ​​មនុស្ស​មួយ​ចំនួន​ទៀត​​​ បាន​ត្រឹមតែ​និយាយ​ប៉ុណ្ណោះ​ ប៉ុន្តែ​មិ​ន​អាច​ឈានជើង​ចូល​ក្នុង​វិស័យ​ជំនួញ​នោះ​បាន​ឡើយ​​។

 

ខាងក្រោម​នេះ​គឺជា​មនុស្ស​ ៦ ប្រភេទ​ដែល​មិន​អាច​​​មាន​សមត្ថភាព​បើក​​អាជីវកម្ម​៖

 

​​​​​១) ​ពូកែ​ខាង​សុបិន​ ប៉ុន្តែ​មិន​ពូកែ​ខាង​ធ្វើ​

​​​និយាយ​ពី​រឿង​សុបិន​វិញ ​អ្នកខ្លះ​ពូកែ​ណាស់​​ ដោយ​គិត​ឃើញ​ចង់​បើក​ជំនួញ​នេះ​ជំនួញ​នោះ​ ហើយ​ការ​និយាយ​នេះ​គឺ​ទំនង​មែនទែន។​ ប៉ុន្តែ​ដល់​ពេល​និយាយ​រឿង​អនុវត្តន៍​វិញ​ គឺ​សូន្យ​តែ​ម្តង។ ថ្វីត្បិត​តែ​ មនុស្ស​ម្នាក់ៗ​ចាំបាច់​ត្រូវ​មាន​ក្តី​សុបិន​ដើម្បី​ជា​គោល​សំខាន់​មួយ​សម្រាប់​ដើរ​ក្នុង​ជីវិត​​​ ប៉ុន្តែ​បើ​មាន​តែ​សុបិន​តែ​មិន​ចេះ​អនុវត្ត​ក៏​គ្មានន័យ​អ្វី​ដែរ​។ ដូច្នេះ​ហើយ​​​​​​​​ មនុស្ស​ប្រភេទ​នេះ​ ​គ្មាន​ថ្ងៃ​ដែល​អាច​បើក​ជំនួញ​បាន​នោះ​ឡើយ។

 

​២) ​ខ្លាច​បរាជ័យ​ហួសហេតុ​ពេក​​

​​​ជា​ធម្មតា​ទេ​ ​មនុស្ស​ណា​ក៏​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ភាព​បរាជ័យ​ដែរ​ ប៉ុន្តែ​គ្រាន់តែ​ភ័យ​ខ្លាច​តែ​ម្យ៉ាង​មិនអាច​​កែប្រែ​ស្ថានការណ៍ ឬ អាច​បញ្ចៀស​ភាព​បរាជ័យ​នោះ​ឡើយ​។ ​បើ​​មួយថ្ងៃៗ​គិតតែ​ភ័យ​ខ្លាច​ហើយ មិន​គិត​រក​វិធី​អ្វី​ដើម្បី​សម្រេច​គោលដៅ​នោះ​ទេ​ អ្នក​ពិត​ជា​សម​នឹង​ទទួល​ភាព​បរាជ័យ​ខ្លាំង​ណាស់​។ អាច​និយាយ​បាន​ថា​ វា​ជា​ការ​ភ័យខ្លាច​ហួស​ហេតុ​ពេក​​ ព្រោះ​ វា​គ្មាន​បាន​ប្រយោជន៍​អ្វី​នោះ​ឡើយ​តែ​វា​​កាន់តែ​ធ្វើ​ឲ្យ​អ្នក​សុញគំនិត​​កាន់តែ​ខ្លាំង។ មនុស្ស​ប្រភេទ​នេះ​ក៏​មិន​អាច​មាន​ថ្ងៃ​ ដំណើរ​ការ​អាជីវកម្ម​បាន​នោះ​ដែរ។​

 

៣) ចង់បាន​ភាព​ល្អ​​ឥត​ខ្ចោះ​ពេក

​ក្នុង​លោក​នេះ​គ្មាន​ទេ​ភាព​ល្អ​ឥត​ខ្ចោះ​​ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​បាន​ភាព​ល្អ​ឥត​ខ្ចោះ​ គឺ​មិន​ដឹង​​ថ្ងៃ​ណា​ទើប​អាច​សម្រេច​បាន​ឡើយ​។ ​​មនុស្ស​មួយ​ចំនួន​គិត​ថា ​ដើម្បី​​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​​​​​​ គឺ​ត្រូវ​តែ​មាន​ផែនការ​ ឬ គម្រោង​ច្បាស់លាស់​ និង ល្អឥតខ្ចោះ​តែ​ម្តង ប៉ុន្តែ​ការ​គិត​បែប​នេះ​មិនបាន​ជួយ​អ្វី​នោះ​ទេ ​តែ​វា​ធ្វើ​ឲ្យ​គម្រោង​បើក​អាជីវកម្ម​បាន​ត្រឹម​ជា​ក្តី​ស្រមៃ​ តែ​មិន​អាច​​ក្លាយ​ទៅជា​ការពិត​បាន​។

 

៤) ​ពូកែ​​គេចវេះ​​​មិន​ទទួល​ខុស​ត្រូវ

​​ការ​ធ្វើ​ជំនួញ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ ​ព្រោះ​​ទាមទារ​ឲ្យ​​មាន​ការ​តាំងចិត្ត​ខ្ពស់ ជាពិសេស​នោះ​គឺ​ទំនួលខុសត្រូវ​លើ​ការងារ​តែម្តង​។ បើ​គ្មាន​ទំនួល​ខុស​ត្រូវ​នោះ​ទេ​ ការងារ​ផ្សេងៗ​មិន​អាច​សម្រេច​​ដោយ​ងាយ​នោះ​ឡើយ​។ ​បើ​អ្នក​ជា​មនុស្ស​ពូកែ​គេចវេះ​មិន​ទទួលខុសត្រូវ​លើ​ការងារ​នោះ ​ច្បាស់​ណាស់​ថា​ ​ដំណើរការ​អាជីវកម្ម​មិន​អាច​ចេញ​ជា​រូបរាង​បាន​នោះ​ទេ​​។

 

៥) ​គ្មាន​ជំហរ​ច្បាស់លាស់​

​ដើម្បី​សម្រេច​គោល​ដៅ​មួយ​ វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​មាន​ជំហរ​ច្បាស់​លាស់។ ​កាលណា​មាន​ជំហរ​ច្បាស់លាស់​ ទោះបីជា​មាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ​ ក៏​អ្នក​នៅ​តែ​បន្ត​សកម្មភាព​ផ្សេងៗ​ដើម្បី​សម្រេច​​ឲ្យ​បាន​នូវ​គោលដៅ ឬ បំណង​ដែល​ចង់​ធ្វើ​ដដែល។ ​​ជាទូទៅ​ ដោយសារតែ​មនុស្ស​មួយ​ចំនួន​មាន​គោលជំហរ​មិន​ច្បាស់លាស់​ ​ដូច្នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​ពួកគេ​តែង​ផ្លាស់ប្ដូរ​គំនិត​របស់​ខ្លួន​​នៅ​ពេល​ជួប​ការ​លំបាក​។ ប្រការ​នេះ​វា​ពិត​ជា​ផ្តល់​លទ្ធផល​មិនសូវ​ល្អ​នោះ​ទេ​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ​ ជាពិសេស​អ្នក​ដែល​មាន​គំនិត​ចង់​បង្កើត​អាជីវកម្ម​។ ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​ អ្នក​ត្រូវតែ​មាន​គោលជំហរ​ច្បាស់លាស់​បំផុត​ថា ខ្លួន​ចង់​ធ្វើអ្វី​ហើយ​ធ្វើ​ដោយ​របៀបណា​ ព្រោះ​​បើ​មិន​ដូច្នោះ​ទេ​ប្រាកដ​ជា​ ​គ្មាន​ថ្ងៃ​ជោគជ័យ​ឡើយ​។​​​​​​

 

​​​​​​​៦) ជា​មនុស្ស​ដែល​ចូលចិត្ត​ដើរ​តាម​គេ​

​​​មនុស្ស​ដែល​ចូលចិត្ត​ដើរ​តាម​គេ​ គឺ​ជា​មនុស្ស​ដែល​មិន​ងាយ​នឹង​សម្រេច​ការងារ​ធំ​នោះ​ទេ ព្រោះ​ពួកគេ​គ្មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង ​មិន​មាន​គំនិត​ឯករាជ្យ​នោះ​ឡើយ​។ បើ​អ្នក​ចាំតែ​ស្តាប់ និង ដើរ​តាម ឬ ធ្វើតាម​​អ្នកដទៃ​​ ​​​នោះ​គំនិត​ថ្មី និង ​ភាព​អស្ចារ្យ​កម្រ​នឹង​​កើតមាន​ណាស់​​​​។ សម្រាប់​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​ជំនួញ​វិញ មនុស្ស​ប្រភេទ​នេះ​គឺ​ពិតជា​មិន​ងាយ​រក​ឃើញ​ផ្លូវ​សាង​ភាព​​ជោគជ័យ​ធំដុំ​​ឡើយ​៕

Author: ប្រែ​សម្រួល៖ រស្មីSource: businessinsider.com